Connect with us

កីឡា

៧​ ចំណុច​សំខាន់​​ពី World Cup 2026 ក្រោយ​ចប់​វគ្គ​ ១៦ ក្រុមចុង​ក្រោយ

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup  2026 បាន​រក​ឃើញ​ក្រុម​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​។ រឿង​រ៉ាវ​សំខាន់​ៗ​ជា​ច្រើន​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ការ​ប្រកួត​ចាប់​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល រហូត​ចប់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

  • ៨ ប្រទេសឡើង​វគ្គ​បន្ត និង ៤០ ប្រទេស​ត្រឡប់​ទៅ​ផ្ទះ​វិញ
ក្រុម ម៉ារ៉ុក អបអរ​ឡើង​វគ្គ ៨ ក្រុមចុង​ក្រោយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ បារាំង​ អេស្ប៉ាញ អាហ្សង់ទីន ម៉ារ៉ុក ន័រវែស អង់គ្លេស បែលហ្ស៊ិក​និង ស្វីស បាន​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ជា​មួយគ្នា​នេះ​មាន ៤០ ប្រទេស​បាន​អស់​ឱកាស និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​តាម​លទ្ធផល​ការ​ប្រកួត​រៀង​ៗ​ខ្លួន។ ក្រុមម្ចាស់ផ្ទះ​ទាំង ៣ គឺ ម៉ិកស៊ិក ស្ថិត​នៅ​លេខ ៩ សហរដ្ឋអាមេរិក លេខ ១២ និង កាណាដា លេខ ១៤។ កូឡុំប៊ី លេខ ១០ ប្រេស៊ីល លេខ ១១ ព័រទុយហ្គាល់ លេខ ១៣ អេហ្ស៊ីប លេខ ១៥ និង ប៉ារ៉ាហ្គាយ លេខ ១៦។ អ៊ីរ៉ាក់ ជា​ក្រុម​ស្ថិត​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​គឺ​លេខ ៤៨។

  • ចំនួន​ប្រកួត
កីឡាករ​បែលហ្ស៊ិក Romelu Lukaku អបអរ​គ្រាប់​បាល់

ការ​ប្រកួត​បាន​ដំណើរ​ការ​ចំនួន ៩៦ ប្រកួត​ហើយ​គិត​ទាំង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ និង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ការប្រកួត​នៅ​សល់​តែ ៨ ប្រកួត​ទៀត​ប៉ុណ្ណោះ​​គឺ វគ្គ  ៨ ក្រុម​ចំនួន ៤ ប្រកួត វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ២ ប្រកួត វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ១ ប្រកួត និង​វគ្គ​ផ្តាច់​ព្រ័ត្រ ១ ប្រកួត នឹង​ត្រូវ​បញ្ចប់​ព្រឹត្តិការណ៍​ទាំង​មូល។

  • ចំនួន គ្រាប់​បាល់
កីឡាករ​កាបវែរ Sidny Lopes Cabral អបអរ​គ្រាប់​បាល់

សម្រាប់​ការ​ប្រកួត ៩៦ លើក​កន្លង​មក គឺ​កើត​មាន​គ្រាប់​បាល់​ចំនួន ២៨០ គ្រាប់ ដែល​គិត​ជា​ មធ្យម ២.៩២ គ្រាប់​ក្នុង​មួយ​ប្រកួត។ ក្នុង​ចំណោមគ្រាប់​បាល់​ទាំង ២៨០ គ្រាប់​នេះ កើត​ឡើង​ដោយ​កីឡាករ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ចំនួន ១៤ គ្រាប់ និង​មាន​កីឡាករ​១​នាក់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ២ គ្រាប់។  គិត​ចាប់​តាំង​ពី​ World Cup ឆ្នាំ ១៩៣០ រហូត​ដល់​ ឆ្នាំ២០២២ គ្មាន​ព្រឹត្តិការណ៍​ប្រកួត​ណា​មួយ​ដែល​មាន​គ្រាប់​បាល់​ច្រើន​បំផុត​ដូច ឆ្នាំ ២០២៦​នេះ​ទេ។

  • ចំនួន​អ្នក​ទស្សនា​ផ្ទាល់
ចំនួន​អ្នក​ទស្សនា ពេល​ប្រេស៊ីល ប្រកួត​ជា​មួយ ម៉ារ៉ុក

អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ចំនួន ៦,២៥៩,៥៨៤ នាក់ ពី​ការ​ប្រកួត​ទាំង ៩៦ លើក ក្នុង​នោះ​គិត​ជា​មធ្យម ៦៥,២០៤​ នាក់​ក្នុង​មួយ​ប្រកួត។ ព្រឹត្តិការណ៍​ឆ្នាំ​នេះ​បាន​បំបែក​កំណត់​ត្រា តាំង​ពី​វគ្គ​សន្សំ​ក្នុង​ពូល​គឺ​បំបែកកំណត់​ត្រា ​នៅ​ឆ្នាំ ១៩៩៤ ដែល​មាន​ទស្សនា​ផ្ទាល់​ចំនួន ៣,៥៨៧,៥៣៨ នាក់។

  • កីឡាករ​បាន​គ្រាប់​បាល់​ច្រើន​បំផុត
កីឡាករ Lionel Messi អបអរ​គ្រាប់​បាល់

កីឡាករ Lionel Messi កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ពាន​ស្បែក​ជើង​មាស ដោយ​រក​បាន​ ៨ គ្រាប់ ខណៈ​កីឡាករ Kylian Mbappe និង Erly Haaland ស្ថិត​នៅ​លេខ ២ ដែល​រក​បាន ៧​គ្រាប់​ស្មើ​គ្នា និង​កីឡាករ  Harry Kane រក​បាន ៦ គ្រាប់។

  • ការ​ពិន័យ​កាត
អ្នក​គាំទ្រ​លើក​កាត ក្រហម

កីឡាករ ១៣ នាក់ ត្រូវបាន​ពិន័យ​កាត​ក្រហម និង​មាន​កីឡាករ​ ៤ នាក់ ទៀត​ត្រូវ​បាន​ពិន័យ​កាត​លឿន​ ២ លើក​ជាប់​គ្នា ដូច្នេះ​ពួក​គេ​ជាប់​បំរាម​សម្រាប់​ការ​ប្រកួត​បន្ទាប់។ ទោះ​បី​ជា​យ៉ាង​ណា កីឡាករ​អាមេរិក Folaarin Balogun បាន​ចូល​លេង​នៅ​ពេល​អាមេរិក ប្រកួត​ជា​មួយ បែលហ្ស៊ិក វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដោយសារ​លោកប្រធានាធិបតី ត្រាំ ស្នើ​ទៅ FIFA ឲ្យ​ដក​បំរាម បើ​ទោះ​បី​ជា​ទទួល​បាន​ពិន័យ​កាត​ក្រហម។

  • ការ​ប្រកួតវគ្គ ៨ ក្រុម

-បារាំង vs ម៉ារ៉ុក (ថ្ងៃ​ទី​៩ កក្កដា នៅ​អាមេរិក)

-អេស្ប៉ាញ vs បែលហ្ស៊ិក (ថ្ងៃទី​១០ កក្កដា នៅ​អាមេរិក)

-អង់គ្លេស vs ន័រវែស (ថ្ងៃ​ទី​១១ កក្កដា នៅ​អាមេរិក)

-អាហ្សង់ទីន vs ស្វីស (ថ្ងៃទី១១ កក្កដា នៅ​អាមេរិក)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម