ព័ត៌មានជាតិ
គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្ទឹងត្រែងបង្ហាញពន្លឺកាន់តែច្បាស់

គម្រោងសាងសង់ព្រលានយន្តហោះឡើងវិញនៅក្នុងខេត្តស្ទឹងត្រែង កាន់តែបង្ហាញពន្លឺកាន់ច្បាស់ ខណៈអាជ្ញាធរខេត្តស្ទឹងត្រែង បានអះអាងថាខ្លួនបានត្រៀមដីចំនួន ៥០០ ហិករួចហើយ ដើម្បីសាងសង់ព្រលានថ្មីនេះ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ បានថ្លែងថា ក្រសួងទេសចរណ៍ និងអាកាសចរណ៍ស៊ីវិល កំពុងសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់រួចហើយនូវផ្ទៃដី ដូចជាផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះខេត្តស្ទឹងត្រែង ហើយក៏បានត្រៀមទីតាំងថ្មីផងដែរ ក្នុងករណីទីតាំងចាស់មានលក្ខណៈតូចចង្អៀត។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍ទី ២១ ខែមករានេះ លោក អភិបាលរងខេត្តលើកឡើងថា “ក្នុងគោលដៅរយៈពេល០៥ ឆ្នាំខាងមុខទៀតនេះ ក្រសួងទេសចរណ៍ ក៏ដូចជាអាកាសចរស៊ីវិល បាននិងកំពុងសិក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបានកំណត់រួចហើយ ទាំងផ្ទៃដី ក៏ដូចជាផលប៉ះពាល់ក្នុងការពង្រីកព្រលានយន្តហោះនេះ”។
លោកបញ្ជាក់យ៉ាងនេះថា “យើងបានដោះស្រាយមួយជំហានរួចហើយជាមួយប្រជាពលរដ្ឋ ទាក់ទងបញ្ហាទីតាំងព្រលានយន្តហោះនេះ តែទោះបីជាមិនទាន់ដំណើរការក៏ដោយ។ ចំពោះវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាសិក្សារួចហើយ និងបានរៀបចំផែនទីគោលមួយសម្រាប់ពង្រីកព្រលានយន្តហោះចាស់ដែលមានរួចហើយ”។
បើតាមលោក ដួង ពៅ បន្ទាប់ពីខេត្តមណ្ឌលគីរី ប្រហែលជាខេត្តស្ទឹងត្រែងនេះហើយ ដែលទទួលបានព្រលានយន្តហោះថ្មីនេះ។
លោកថា ខេត្តបានត្រៀមទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះនេះផងដែរ ក្នុងករណីដែលយើងគិតថា ព្រលានយន្តហោះចាស់នេះ មានទីតាំងតូចពេក មិនអំណោយផលដល់ការចុះចតនៃយន្តហោះធុនធំ ដូចជាយន្តហោះដឹកទំនិញ ឬយន្តហោះជាយុទ្ធសាស្ត្រជាដើម។
លោកអះអាងថា អនាគតពិតជាមានព្រលានយន្តហោះនេះ ប៉ុន្តែយើងមិនទាន់ដឹងថា មាននៅពេលណាហើយ នឹងចាប់ផ្ដើមអភិវឌ្ឍនៅពេលណាមួយ ហើយទំហំបានកំណត់រួចហើយ គឺចំនួន៥០០ហិកតា។
ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានចម្ងាយ៤៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងជាប់ខេត្តចាំប៉ាសាក់ និងខេត្តអត្តពឺនៃប្រទេសឡាវ ខាងកើតជាប់ខេត្តរតនគិរី ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងលិចជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ៕



អត្ថបទ៖កោះកែវ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


