ព័ត៌មានអន្ដរជាតិ
ឡាវ ត្រូវប៉ាន់ពីការនាំចេញដំឡូងមីទៅកាន់ទីផ្សារ ចិន នៅដើមឆ្នាំនេះ
ទីផ្សារនាំចេញផលិតផលឈានមុខគេរបស់ប្រទេសឡាវនៅក្នុងខែដំបូងនៃឆ្នាំ ២០២៤ នេះ គឺគ្រងតំណែងដោយ ដំឡូងមី ទោះបីប្រទេសអាស៊ានមួយនេះប្រឈមមុខនឹងឱនភាពពាណិជ្ជកម្មលើសពី ១៨៨ លានដុល្លារក្នុងខែមករាក៏ដោយ ។ នេះបើយោងតាមរបាយការណ៍ពីប្រភពរដ្ឋាភិបាលឡាវ និងចុះផ្សាយដោយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ។

ស្ថិតិពីរដ្ឋាភិបាលបានបង្ហាញទៀតថា តម្លៃនៃការនាំចេញឈានដល់ ៥៦១ លានដុល្លារ ខណៈដែលការនាំចូលមានសន្ទុះកើនឡើងដល់ ៧៤៩ លានដុល្លារក្នុងអំឡុងខែដំបូងនៃឆ្នាំ ២០២៤ ហើយទីផ្សារកំពូលគេគឺដំឡូងមីដែលបានដឹកចេញ និងកើបលុយរហូតដល់ ៩៤ លានដុល្លារ ។
ចំណែកផលិតផលនាំចេញកំពូលៗផ្សេងទៀតរួមមាន រ៉ែមាស និងមាសដុំមានតម្លៃ ៤៤ លានដុល្លារអាមេរិក ខណៈផលិតផលក្រដាស និងក្រដាសកែច្នៃមានតម្លៃ ៣៩ លានដុល្លារ រួមជាមួយការនាំចេញកៅស៊ូមានតម្លៃ ៣២ លានដុល្លារ ។ រីឯទីផ្សារក្រាក់ៗសម្រាប់ការនាំចេញផលិតផលឡាវ គឺប្រទេសមហាយក្សចិន ជាមួយនឹងទំហំពាណិជ្ជកម្មប្រមាណ ១៩៨ លានដុល្លារ តោងពីក្រោយយ៉ាងប្រកៀកប្រកិតដោយប្រទេសថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣៤ លានដុល្លារ និង ១២៩ លានដុល្លារ ។
ទាក់ទិនទៅនឹងការនាំចូលឈានមុខគេរបស់ឡាវវិញគឺប្រេងម៉ាស៊ូត ដែលមានតម្លៃ ៩៥ លានដុល្លារ ខណៈផលិតផលគីមី ឧបករណ៍មេកានិច យានជំនិះផ្សេងៗ និងគ្រឿងអគ្គិសនីក៏បានរួមចំណែកយ៉ាងច្រើនក្រាស់ក្រែលចំពោះតួលេខនាំចូលនេះផងដែរ ហើយក្នុងចំណោមប្រភពនាំចូលកំពូលរបស់ឡាវ គឺថៃមានតម្លៃ ៣០៩ លានដុល្លារ ខណៈឈោងតោងដោយប្រទេសចិនក្នុងតម្លៃ ២៩៨ លានដុល្លារអាមេរិក ហើយវៀតណាម អាមេរិក និងជប៉ុនបានត្រឹមតោងកន្ទុយពីក្រោយ ។

បើទោះជាមានការនាំចេញខ្លាំងក៏ដោយ ក៏ឡាវនៅតែបន្តប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការកើនឡើងនៃអត្រាអតិផរណា ។ ជាក់ស្ដែង នៅក្នុងខែកុម្ភៈ អតិផរណាបានហក់ឡើងដល់ ២៥.៣៥ ភាគរយ ជាការកើនឡើងខ្លាំងមិនធ្លាប់មានពី ២៤.៤៤ ភាគរយ បើប្រៀបធៀបនឹងខែមករា ។
គួរបញ្ជាក់ថា ដោយសារតែសម្ពាធនេះហើយទើបទាញឲ្យឡាវប៉ះវិបត្តិឡើងថ្លៃនៃតម្រូវការជាមូលដ្ឋាន ជាពិសេសថ្លៃទឹកផឹក និងប្រើប្រាស់នៅក្នុងរដ្ឋធានីវៀងចន្ទន៍ ។ បន្ថែមពីនេះ ប្រជាពលរដ្ឋឡាវក៏ប្រឈមមុខនឹងបញ្ហាដ៏សំខាន់មួយទៀតផងដែរ នោះគឺការសម្រួលប្រាក់បៀវត្សរ៍របស់និយោជិត ដើម្បីទប់ទល់នឹងការឡើងថ្លៃរស់នៅ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


