Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ការ​ចាប់​អារម្មណ៍! ចំណាប់ខ្មាំង​ម្នាក់​ដែល​ហាម៉ាស​ដោះលែង បាត់​ម្រាម​ដៃអស់​២

បានផុស

នៅ

រូប​ថត​របស់​ Emily Damari ដែលជា​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ម្នាក់​ត្រូវបានដោះលែង​ដោយ​ក្រុមហាម៉ាស​ក្នុង​អំឡុង​ពេលដំណាក់​កាលដំបូង​នៃបទ​ឈប់បាញ់​រយៈពេល​៤២​ថ្ងៃ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​​​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយសារតែដៃ​របស់​នាង​បាន​បាត់​​ម្រាម​​​អស់​ចំនួន​២។

កាល​ពី​ថ្ងៃ​​អាទិត្យ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២៥ ក្រៅ​តែ Emily ក្រុម​ហាម៉ាស​ក៏​​បាន​ដោះលែង​ចំណាប់​ខ្មាំង​ជា​ស្ត្រី​​ចំនួន​​២​​នាក់​ផ្សេង​ទៀត​ផង​ដែរ​ ដូចជា Romi Gonen និង Doron Steinbrecher។ ពួក​គេ​​ទាំង​អស់​ត្រូវ​បាន​ចាប់​ខ្លួន​​ទៅ​​តំបន់​ហ្គាហ្សា ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០២៣។

យ៉ាង​ណា អ្វី​ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជាង​គេ គឺ​រូបថត​របស់ Emily ដែល​មាន​រុំ​បង់​​ដៃ ដែល​​ត្រូវ​បាន​ចែករំលែកដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X។ ក្រុម​គ្រួសារ​​របស់ Emily បាន​ឲ្យ​ដឹង​ថា នាង​បាន​បាត់បង់​ម្រាម​ចំនួន​២ ខណៈ​ពេលត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC, Emily ​ត្រូវ​បាន​គេ​បាញ់​ចំ​​ដៃ ហើយ​​ត្រូវ​ចាប់​​ខ្លួន​ពី​ផ្ទះ​របស់​នាង​ក្នុង​តំបន់ Kibbutz Kfar Aza ​យក​ទៅ​ធ្វើ​ជា​ឈ្លើយសឹក​​​ក្នុង​តំបន់​ហ្គាហ្សា ​អំឡុង​ពេល​ការ​វាយ​ប្រហារ​របស់​ហាម៉ាស​នៅ​លើ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល។

សូម​បញ្ជាក់​ថា ក្នុង​បទឈប់បាញ់ដំណាក់កាលទីមួយ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៩០នាក់ ចំណែកក្រុមហាម៉ាសឯណោះ ក៏បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលវិញ ៣នាក់ផងដែរ។

ការដោះដូរនេះធ្វើឡើងនៅភាគខាងលិចទីក្រុងហ្គាហ្សា ហើយគេឃើញមានក្រុមគ្រួសារចំណាប់ខ្មាំងនាំគ្នារង់ចាំដោយក្តីអន្ទះសា ចង់ជួបមុខសាច់ញាតិជុំគ្នាជាថ្មី។

ក្នុងកិច្ចព្រមព្រៀង ក្រុមហាម៉ាសនិយាយថា រាល់ចំណាប់ខ្មាំងម្នាក់នឹងត្រូវដូរជាមួយអ្នកទោសប៉ាឡេស្ទីន៣០នាក់ ហើយការដោះដូរលើកក្រោយ នឹងធ្វើឡើងនៅថ្ងៃសៅរ៍​សប្ដាហ៍​នេះ៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោសនិងចំណាប់ខ្មាំងគ្នា សរុបជិត១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម