Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

បានផុស

នៅ

ការ​ផ្គត់ផ្គង់លើសតម្រូវការនៃខុនដូរំពឹងថានឹង​កាន់តែអាក្រក់ទៅៗ ក្រោយ​គ្រោះរញ្ជួយដី ៧,៧ រុិចទ័រ វាយប្រហារ​មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​ ជាមួយ​នឹង​រលករំញ័រដល់ក្រុងបាងកក ដែលបង្កផលប៉ះពាល់ដល់សំណង់អាគារ​​រាប់ពាន់ រួមទាំងអាគារខ្ពស់ៗ ក្នុងរាជធានីរបស់​ប្រទេសថៃមួយនេះ​។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយបាន​សម្លាប់មនុស្សជិត ២ ៩០០ នាក់ នៅមីយ៉ាន់ម៉ា​ គិតត្រឹមថ្ងៃពុធនេះ និងបង្កការបាក់រលំអាគារ​កម្ពស់ ៣០ ជាន់កំពុងសាងសង់នៅទីក្រុងបាងកក ដោយសម្លាប់មនុស្សជាង ១០ នាក់ និងរាប់សិបនាក់ ជាប់ក្នុងគំនរបាក់បែក ដោយ​មិនដឹង​ជាស្លាប់ ឬរស់។ ហេតុការណ៍ដដែលធ្វើឱ្យ​អាគារនៅក្រុងបាងកកយោគយោល និងបង្កើតស្នាមប្រេះនៅតាមបណ្ដាអាគារ​ជាច្រើនទូទាំងរាជធានី។ នេះ​មាន​ឥទ្ធិពលដោយ​ផ្ទាល់លើ​ទំនុកចិត្តរបស់​អ្នកទិញ​អចលនទ្រព្យ ជាពិសេសខុនដូ។

ក្រុមហ៊ុន​ប្រឹក្សាអចលនទ្រព្យ រួមទាំងក្រុមហ៊ុន​ Colliers Thailand បាន​ព្រមានថា​ ការធ្លាក់ទំនុកចិត្តរបស់អ្នកទិញ​ នឹងប៉ះពាល់ដល់ការលក់ខុនដូក្នុងរយៈពេលខ្លី ដោយធ្វើឱ្យការផ្គត់ផ្គង់លើសតម្រូវការ​តាម​តំបន់មួយចំនួន​​នៃក្រុងបាងកក ក៏ដូចជាជាយក្រុងនេះ កាន់តែអាក្រក់ទៅៗ។ ​

នាយកស្រាវជ្រាវ និងទំនាក់ទំនងនៃក្រុមហ៊ុន Colliers Thailand លោក Phattarachai Taweewong បាននិយាយថា៖ «ការរញ្ជួយដីបង្ហាញពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់វិស័យខុនដូរបស់ទីក្រុងបាងកក ជាពិសេស​នៅពេលដែល​ទីផ្សាររបស់វិស័យនេះ កំពុងទទួលបន្ទុក​លក់មិនចេញច្រើន រួចស្រេចទៅហើយ»។

សន្ទូចសំណង់បាក់ក្រោយការរញ្ជួយដីកាលពីថ្ងៃសុក្រ

សមាគមខុនដូថៃ បានឱ្យដឹងថា ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​ក្នុង​តំបន់​ក្រុងបាងកកធំ ​មានលំនៅឋានប្រហែល ២៣៥ ០០០ យូនីត ​ដែលមិនទាន់បានលក់ចេញ​​ គិតត្រឹមចុងឆ្នាំមុន ​និង​ជាចំនួនច្រើនបំផុត​ រាប់តាំងពីទិន្នន័យបែប​នេះ​ចាប់ផ្ដើមប្រមូលដំបូងក្នុងឆ្នាំ ២០១៨។ ការលក់វិញ បានធ្លាក់ចុះ ៣៧ ភាគរយ មកនៅប្រហែល ៥៣ ០០០ យូនីត ក្នុងឆ្នាំ ២០២៤។​

​នាយកផ្នែកលក់នៅវេទិកាអចលនទ្រព្យ PropertyScout លោក Pierre Lung បាននិយាយថា៖ «យើងបានឃើញអ្នកទិញខុនដូមួយចំនួន ផ្អាកការស្វែងរករបស់ពួកគេជាបណ្តោះអាសន្ន។ អ្នក​ទិញ​មួយ​ចំនួន​ ឥឡូវ​មាន​ការ​ស្ទាក់​ស្ទើរ​ពេល​និយាយ​​អំពី​​អគារ​ខ្ពស់ៗ ជា​ពិសេស​គម្រោង​ថ្មីៗ»។

​គួរគូស​បញ្ជាក់ថា​ វិស័យអចលនទ្រព្យ​ថៃ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងអំឡុង​វិបត្តិជំងឺរាតត្បាត​កូវីដ១៩​ ​ខណៈយុទ្ធសាស្រ្ត​លើកទឹកចិត្តរបស់រដ្ឋាភិបាល និងការបន្ធូរបន្ថយពន្ធ ដើម្បីជំរុញវិស័យនេះ​របស់​ថៃ បានបរាជ័យ​ក្នុងការបង្កើនសន្ទុះឡើងវិញ។

ក្រុមហ៊ុន Kiatnakin Phatra Securities បាននិយាយថា ការរញ្ជួយដីទំនងជាកាត់បន្ថយតម្រូវការខុនដូ​រយៈពេលពី ៣-៦ ខែ តទៅ។ ខុនដូខ្ពស់ៗ នឹងត្រូវប្រឈមមុខនឹងការចំណាយលើការត្រួតពិនិត្យ និងជួសជុលបន្ថែម ជាពិសេសសម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍ដូចជា Ananda Development និង Origin Property ដែលផ្តោតខ្លាំងលើការសាងសង់ខុនដូ។

ទោះបីជាយ៉ាងណាក៏ដោយ សមាគមខុនដូមើលឃើញថា ផលប៉ះពាល់ណាមួយពីការរញ្ជួយដី​លើតម្រូវការខុនដូ អាច​មាន​រយៈពេលខ្លីដោយសារតែ​គ្មានការខូចខាតគ្រោង​រចនាសម្ព័ន្ធ​អាគារខុនដូ ឬ​ស្លាប់មនុស្សនោះទេ ខណៈមានសេចក្ដីរាយការណ៍ពីស្នាមប្រេះអាគារនានា​ជាច្រើនកន្លែង។

កាលពីថ្ងៃអាទិត្យ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានអំពាវនាវដល់ម្ចាស់អគារប្រមាណ ១១ ០០០ កន្លែង​ទូទាំងក្រុង​ ឱ្យវាយតម្លៃសុវត្ថិភាពរបស់​ខ្លួន​ក្រោយ​​គ្រោះរញ្ជួយដី ដោយសង្កត់ធ្ងន់ថា សំណើនេះធ្វើឡើងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរត្រួតពិនិត្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម