ព័ត៌មានអន្ដរជាតិ
តើរុស្ស៊ីគ្រប់គ្រងទឹកដីបានប៉ុន្មាននៅអ៊ុយក្រែន?
ដូចដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើថា នៅក្នុងកិច្ចប្រជុំកំពូលរវាងក្រុងវ៉ាស៊ីនតោន-ក្រុងមូស្គូនាថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ ការសម្បទានទឹកដីប្រហែលជាចាំបាច់ដើម្បីបញ្ចប់សង្រ្គាម ខណៈរុស្ស៊ីបច្ចុប្បន្នកាន់កាប់ប្រហែល ១៩% នៃប្រទេសអ៊ុយក្រែន ស្មើនឹងផ្ទៃដីប្រហែល ១១៤ ៥០០គីឡូម៉ែត្រការ៉េ ក្នុងនោះរួមមានតំបន់គ្រីមៀរ និងមួយផ្នែកធំនៃភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ ចំណែកឯទីក្រុងកៀវ ឯណោះវិញមិនបានកាន់កាប់ទឹកដីរុស្ស៊ីណាមួយឡើយ។

យោងតាម Reuters, តំបន់ដែលរុស្ស៊ីដណ្ដើមកាន់កាប់បានពីអ៊ុយក្រែន មានដូចជា៖
- គ្រីមៀរ (កាត់ចូលជាឧបសម្ព័ន្ធឆ្នាំ២០១៤)
ផ្ទៃដី៖ ប្រហែល ២៧ ០០០គីឡូម៉ែត្រការ៉េ
ស្ថានភាព៖ រុស្ស៊ីបានរឹបអូសយកនៅឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតប្រជាមតិដ៏ចម្រូងចម្រាស។
ការអះអាងរបស់រុស្ស៊ី៖ រុស្ស៊ីប្រាប់ថា គ្រីមៀរគឺជាផ្នែកស្របច្បាប់នៃប្រទេសរបស់ខ្លួន។
ជំហររបស់អ៊ុយក្រែន៖ អ៊ុយក្រែននៅតែចាត់ទុកជាទឹកដីខ្លួន ទោះបីជាមន្ត្រីខ្លះទទួលស្គាល់ដោយឯកជនថា ការដណ្តើមយកវាវិញដោយយោធានឹងពិបាកក៏ដោយ។
- Donbas (ការគ្រប់គ្រងលើផ្នែកខ្លះចាប់តាំងពីឆ្នាំ២០១៤ រហូតដល់មកបច្ចុប្បន្ន)
ផ្ទៃដី៖ ប្រហែល ៤៦ ៥៧០គីឡូម៉ែត្រការ៉េ (ស្មើនឹង ៨៨% នៃតំបន់ Donetsk និង Luhansk)
ចំណុចសំខាន់ៗ៖ ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានប្រកាសឯករាជ្យនៅឆ្នាំ២០១៤។ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសទទួលស្គាល់ជារដ្ឋអធិបតេយ្យប៉ុន្មានថ្ងៃមុនការលុកលុយពេញទំហឹងលើអ៊ុយក្រែនឆ្នាំ២០២២។ ឥឡូវនេះ ទីក្រុងមូស្គូ មានបំណងដណ្ដើមយកទីក្រុងដែលនៅសេសសល់កាន់កាប់ដោយអ៊ុយក្រែន ដូចជា Pokrovsk និង Kramatorsk។
- Zaporizhzhia & Kherson (រឹបអូសនៅឆ្នាំ២០២២)
ផ្ទៃដី៖ ប្រហែល ៤១ ១៧៦គីឡូម៉ែត្រការ៉េ (៧៤% នៃតំបន់ទាំងពីរ)
ចំណុចសំខាន់ៗ៖ អ៊ុយក្រែនបានដណ្តើមយកផ្នែកខ្លះនៃតំបន់ Kherson (រួមទាំងរដ្ឋធានីក្នុងតំបន់) និងរក្សាទីតាំងឈរជើងនៅតំបន់ Zaporizhzhia។
- តំបន់ៗផ្សេងទៀត
Kharkiv, Sumy និង Dnipropetrovsk៖ ប្រទេសរុស្ស៊ីកាន់កាប់តំបន់ទាំងនោះបានប្រហែល ៤០០គីឡូម៉ែត្រការ៉េដែលភាគច្រើនជាតំបន់ព្រំដែន។
សូមជម្រាបថា សម្រាប់លក្ខខណ្ឌសន្តិភាព លោក ពូទីន បានទទូចថា អ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដីដែលក្រុងមូស្គូកាន់កាប់ទាំងអស់ (រួមទាំងតំបន់ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទាំងស្រុង) ទម្លាក់ចោលមហិច្ឆតាចូលអង្គការណាតូ និងទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមៀរ, Donbas, Zaporizhzhia និង Kherson។
យ៉ាងណាមិញ អ៊ុយក្រែន នៅតែប្រកាសជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ដោយថានឹងមិនមានការសម្បទានទឹកដីឲ្យទៅរុស្ស៊ីដាច់ខាត ពោលគឺក្រុងកៀវប្តេជ្ញាទាមទារយកទឹកដីទាំងអស់មកវិញ រួមទាំងតំបន់គ្រីមៀរផងដែរ។
បណ្ដាប្រទេសភាគច្រើនបដិសេធការកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី ដោយទទួលស្គាល់ព្រំដែនអ៊ុយក្រែនឆ្នាំ១៩៩១។ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដូចជា ស៊ីរី និងកូរ៉េខាងជើង ដែលគាំទ្រការអះអាងរបស់ទីក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


