Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមផ្តាច់ខ្លួនភាគខាងត្បូងថៃ បើកការវាយប្រហារទៀតហើយ រុញសភាពការណ៍ចលាចលខ្លាំង 

បានផុស

នៅ

ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ បានបង្កើនការវាយប្រហាររឹតខ្លាំង ដោយបន្តដុតកម្ទេចនិងបំផ្លាញរថយន្តធុនធំចំនួន១០គ្រឿងទៀត ក្នុងខេត្ត Narathiwat។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod, ជនបេះបោរមួយក្រុម មិនច្បាស់ថាមានគ្នាប៉ុន្មាននាក់ បានបើកការវាយប្រហារនៅអណ្តូងរ៉ែរបស់ក្រុមហ៊ុន Asia Mining Company Limited ក្នុងឃុំ Chang Phueak នៃស្រុក Cha Na។

ក្រោយហេតុការណ៍នោះ ក្រុមផ្តាច់ខ្លួនបានរត់គេច ហើយសមត្ថកិច្ចបានបើកការស៊ើបអង្កេតនិងតាមចាប់ខ្លួន យកមកផ្តន្ទាទោស។

ការវាយប្រហារថ្មីនេះបានគូសបញ្ជាក់ពីស្ថានភាពកាន់តែចលាចលនៅភាគខាងត្បូងប្រទេសថៃ ស្របពេលអំពើហិង្សាពីសំណាក់ក្រុមបេះបោរកាន់តែធ្ងន់ធ្ងរទៅៗហើយ។ 

ហេតុការណ៍ចុងក្រោយនេះទៀតសោត កើតឡើងបន្ទាប់ពីក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តកំណត់គោលដៅលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Tak Bai នៃខេត្ត Narathiwat បណ្តាលឲ្យមន្រ្តី៤នាក់រងរបួស។

តាមការចេញផ្សាយរបស់ The Nation, ក្រុមជនផ្តាច់ខ្លួន បានបើករថយន្ត Toyota Yaris ពណ៌ខ្មៅមួយគ្រឿង បំបុកប៉ុស្តិ៍សន្តិសុខក្នុងឃុំ Ban Khok Ma Fuang។ ក្រោយមក គ្រាប់បែកក្នុងរថយន្តក៏ផ្ទុះ រួចក៏មានការបាញ់តដៃគ្នា ចុងក្រោយក្រុមផ្តាច់ខ្លួនក៏ដកថយ។

មុនការវាយប្រហារនេះ ក្រុមផ្តាច់ខ្លួនភាគខាងត្បូង ក៏បំផ្ទុះគ្រាប់បែកនៅរោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat ដដែលនេះផងដែរ។

ដោយសារតែស្ថានការណ៍កាន់តែមិនស្រួលទៅៗនេះហើយ ទើបធ្វើឲ្យមេភូមិភាគ៤ថៃ Paisan Nusang ក្តៅស្លឹកត្រចៀកឈានដល់ការចេញបញ្ជាតាមចាប់ជនដៃដល់ឲ្យបាន ព្រមទាំងត្រូវពង្រឹងសន្តិសុខតាមដងផ្លូវនិងបង្កើនកម្លាំងល្បាតតាមព្រំដែនជាប់ប្រទេសម៉ាឡេស៊ីផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ៤ថៃ ក្តៅស្លឹកត្រចៀក ខណៈសភាពការណ៍នៅតាមព្រំដែន ម៉ាឡេស៊ី កាន់តែមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម