ព័ត៌មានអន្ដរជាតិ
អានុទីន ថា មកពីរដ្ឋមន្ត្រីអត់ចេះអួតស្នាដៃលើហ្វេសប៊ុក ដូចលោក ទើបរដ្ឋាភិបាលធ្លាក់ប្រជាប្រិយភាព
ក្រោយពីវិទ្យាស្ថានជាតិ NIDA បានទម្លាយការស្ទង់មតិថា ប្រជាប្រិយភាពរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន កំពុងតែដាំក្បាលចុះខ្លាំង លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានចេញមុខដោះសាប្រាប់អ្នកកាសែតថា ការស្ទង់មតិគ្រាន់តែជាកញ្ចក់ឆ្លុះមើលខ្លួនឯង ដើម្បីរកចំណុចខ្វះខាតប៉ុណ្ណោះ មិនមានអត្ថន័យអ្វីសំខាន់នោះឡើយ។

បើតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក អានុទីន នៅតែអួតការពារខ្លួនលោកថា សំឡេងគាំទ្របច្ចុប្បន្ន គឺនៅតែខ្ពស់ជាងកាលពីពេលដែលលោកទើបចូលនយោបាយដំបូងៗ ដោយកាលណោះមានត្រឹមតែ ២% នោះទេ។
វិទ្យាស្ថាន NIDA បានឱ្យដឹងថា ការគាំទ្ររបស់លោក អានុទីន ធ្លាក់ចុះប្រមាណ ៥% ពោលគឺពី ២៦% មកនៅត្រឹម ២១,៦៨% តិចជាងបក្សប្រជាជន ដែលជាបក្សប្រឆាំង មានសំឡេងគាំទ្រ ២៦,០៨%។
ជំនួសឱ្យការទទួលខុសត្រូវរឿងធ្លាក់ចុះប្រជាប្រិយភាព លោក អានុទីន បែរជាបន្ទោសមន្ត្រីក្រោមឱវាទទៅវិញ។ លោកបានដេញឱ្យរដ្ឋមន្ត្រីទាំងអស់ ទៅពង្រឹងការផ្សព្វផ្សាយការងារតាមហ្វេសប៊ុក ដោយលោកយល់ថា កន្លងមកប្រជាជនមិនដឹង ព្រោះរដ្ឋមន្ត្រីមួយៗមិនចេះអួត មិនមែនមកពីរដ្ឋាភិបាលធ្វើការមិនកើតនោះទេ។
អ្វីដែលធ្វើឱ្យគេហួសចិត្តថែមទៀតនោះ គឺនៅពេលអ្នកកាសែតសួរថា តើលោកហត់ទេដែលចេញមុខឆ្លើយគ្រប់រឿងតែម្នាក់ឯង លោក អានុទីន បានប្រាប់ថា នេះក៏ព្រោះតែអ្នកកាសែតមួយចំនួន ចូលចិត្តមករកតែលោក មិនទៅរករដ្ឋមន្ត្រីផ្សេងៗទៀត។ លោក អានុទីន បានអួតទៀតថា នេះអាចមកពីលោកស្រឡាញ់អ្នកកាសែតដូចបងប្អូន ហើយមានតែលោកម្នាក់គត់ដែលចេះចុះទៅអង្គុយញ៉ាំអី ជជែកលេងជាមួយអ្នកកាសែតយ៉ាងស្និទ្ធស្នាល ទើបអ្នកកាសែតចោមរោមសួរតែលោក ហើយលោកនឹងដេញឱ្យរដ្ឋមន្ត្រីផ្សេងទៀតចេញមកធ្វើខ្លួនឱ្យស្និទ្ធស្នាលជាមួយអ្នកកាសែត ដូចរូបលោកដែរ។ លើសពីនេះទៅទៀត លោក អានុទីន ក៏រៀបរាប់ថា ពេលខ្លះលោកប្រញាប់ឡើងឡានមិនបានឆ្លើយសំនួរអ្នកកាសែត លុះចូលដល់ក្នុងឡាន ក៏លួចជូតទឹកភ្នែកម្នាក់ឯង ព្រោះស្តាយក្រោយដែលនិយាយសម្តីមិនសូវផ្អែមល្ហែមដាក់អ្នកកាសែត។
សូមជម្រាបថា ការធ្លាក់កូដរបស់រដ្ឋាភិបាល អានុទីន ត្រូវគេដឹងថា កើតចេញពីភាពអសមត្ថភាព ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃទំនិញ និងអតិផរណាខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀត រដ្ឋាភិបាលលោក អានុទីន ក៏បានរងការរិះគន់មិនតិចនោះដែរ ជុំវិញរឿងអាស្រូវពុករលួយ ក្នុងការបន្លំពិន្ទុប្រឡងមន្ត្រីរាជការ និងការឆ្លើយតបមានភាពយឺតយ៉ាវ ចំពោះគ្រោះទឹកជំនន់ដ៏កាចសាហាវនៅភាគខាងត្បូងផងដែរ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


