Connect with us

ព័ត៌មានអន្ដរជាតិ

មេភូមិភាគ៤ថៃ ក្តៅស្លឹកត្រចៀក ខណៈសភាពការណ៍នៅតាមព្រំដែន ម៉ាឡេស៊ី កាន់តែមិនស្រួល

បានផុស

នៅ

មេភូមិភាគ៤ថៃ Paisan Nusang កំពុងក្តៅស្លឹកត្រចៀក ក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តកំណត់គោលដៅលើប៉ុស្តិ៍សន្តិសុខក្នុងស្រុក Tak Bai នៃខេត្ត Narathiwat ដែលបណ្តាលឲ្យមន្រ្តី៤នាក់រងរបួស ដោយពេលនេះលោកបានចេញបញ្ជាតាមចាប់ជនដៃដល់ឲ្យបាន ព្រមទាំងត្រូវពង្រឹងសន្តិសុខតាមដងផ្លូវនិងបង្កើនកម្លាំងល្បាតតាមព្រំដែនជាប់ប្រទេសម៉ាឡេស៊ីផងដែរ ព្រោះសភាពការណ៍កាន់តែក្តៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយរបស់ The Nation, ហេតុការណ៍នេះកើតឡើងនៅរាត្រីថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ ដោយក្រុមជនផ្តាច់ខ្លួន បើករថយន្ត Toyota Yaris ពណ៌ខ្មៅមួយគ្រឿង បំបុកប៉ុស្តិ៍សន្តិសុខក្នុងឃុំ Ban Khok Ma Fuang។ ក្រោយមក គ្រាប់បែកក្នុងរថយន្តក៏ផ្ទុះ រួចក៏មានការបាញ់តដៃគ្នា ចុងក្រោយក្រុមផ្តាច់ខ្លួនក៏ដកថយ។

ហេតុការណ៍ថ្មីនេះ ធ្វើឲ្យស្ថានការណ៍ក្នុងខេត្តភាគខាងត្បូងប្រទេសថៃកាន់តែឡើងកម្តៅ ហើយមេភូមិភាគ៤ ក៏ក្តៅចិត្តមិនស្ទើរដែរ ព្រោះឥឡូវក្រុមផ្តាច់ខ្លួន រឹតតែបានដៃវាយប្រហារខ្លាំងឡើងៗ។

លោក Paisan បានចេញបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងកម្លាំងនិងល្បាតតាមព្រំដែនម៉ាឡេស៊ី ព្រមទាំងតាមចាប់ជនល្មើសឲ្យបាន កុំឲ្យរួចពីកណ្តាប់ដៃឲ្យសោះ។ ម្យ៉ាងក៏ត្រូវបង្កើនសន្តិសុខ ដើម្បីទប់ស្កាត់ការវាយប្រហារនាពេលអនាគតផងដែរ។

ការវាយប្រហារនេះទៀតសោត កើតឡើងចំពេល ថៃ ចាប់ផ្តើមប្រុងជើងការខ្ពស់ និងបង្កើនកម្លាំងទ័ព ត្រៀមប្រយុទ្ធជាមួយក្រុមផ្តាច់ខ្លួនភាគខាងត្បូង ក្រោយហេតុការណ៍វាយប្រហាររោងចក្រក្នុងស្រុក Waeng នៃខេត្ត Narathiwat។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភាគខាងត្បូងថៃកាន់តែវឹកវរ ខណៈក្រុមផ្តាច់ខ្លួន វាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម