Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋថៃ តាមព្រំដែនជាប់មីយ៉ាន់ម៉ា រស់ទាំងភ្នែកនៅកញ្ចឹង.ក រាល់ថ្ងៃ 

បានផុស

នៅ

ពលរដ្ឋថៃ តាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា ជាពិសេសអ្នកខេត្ត Tak និង Mae Hong Son កំពុងរស់នៅក្នុងភាពភ័យខ្លាច ទាំងភ្នែកនៅកញ្ចឹង.ក រាល់ថ្ងៃ ដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ពីខាងមីយ៉ាន់ម៉ា ធ្លាក់លើភូមិឋានរបស់ពួកគេជាបន្តបន្ទាប់ ហើយចុងក្រោយនេះ មានទាំងការទម្លាក់គ្រាប់បែក ជាង៣០គ្រាប់ នៅជាប់ព្រំដែនទៀតផង។

(រូប៖ Reuters)

ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNLA) នៅតែបន្តរីករាលដាលយ៉ាងខ្លាំង ដោយភាគីទាំងសងខាង ឈានដល់ការប្រើអាវុធធុនធ្ងន់, ក្នុងករណីខ្លះ គ្រាប់ហោះធ្លាយដល់ភូមិថៃ បង្ករបួសដល់ជនស៊ីវិល ជាច្រើននាក់។

សម្លេងផ្ទុះអាវុធធុនធ្ងន់ និងការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះដ្រូន អាចឮយ៉ាងច្បាស់ពីខាងទឹកដីថៃ ធ្វើឲ្យអ្នកភូមិភ័យខ្លាច មិនហ៊ានចេញទៅប្រកបរបរចិញ្ចឹមជីវិតធម្មតាឡើយ ចំណែកក្មេងៗ ក៏មិនអាចទៅសិក្សាបានដែរ ព្រោះសាលារៀនជាច្រើនកន្លែង នៅតាមបណ្តោយព្រំដែន ត្រូវបិទទ្វារអស់ហើយ។ 

(រូប៖ Reuters)

អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺថា ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ Y-12 ទៅទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។

ចំណែកការប្រយុទ្ធគ្នាជើងគោកវិញ គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Huai Maha Wong នៃស្រុក Mae Sot ខេត្ត Tak ត្រូវចំផ្ទះពលរដ្ឋ ខ្ទេចអស់មួយខ្នង ខណៈគ្រាប់កាំភ្លើងយន្តបាញ់ចេញពីមីយ៉ាន់ម៉ា ក៏ស្រោចត្រូវចំ ផ្ទះមួយខ្នងទៀតដែរ។

(រូប៖ AP)

ពលរដ្ឋថៃ បានប្រាប់ Amarin TV កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ថា​ ពួកគេត្រៀមខ្លួនរត់ជានិច្ច បើស្ថានការណ៍ធ្ងន់ធ្ងរ ហើយរាល់ថ្ងៃនេះ ពួកគេភ័យខ្លាចណាស់ រស់នៅទាំងភ្នែកនៅកញ្ចឹង.ក រហូត។

មិនត្រឹមប៉ុណ្ណឹង រាល់ពេលមានការវាយប្រហារតាមអាកាស ឬការបាញ់បោះខ្លាំងក្លា ប្រជាពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ ក៏តែងតែរត់ភៀសខ្លួនឆ្លងកាត់ទន្លេ Moei ចូលមករកសិទ្ធិជ្រកកោនបណ្តោះអាសន្ន នៅក្នុងដីថៃដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម