Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ទៅ ម៉ាឡេស៊ី ដើម្បីសុំឲ្យលោកអាន់វ៉ា បើកទីផ្សារបង្គាវិញ និងជួយដោះស្រាយបញ្ហា ភាគខាងត្បូង

បានផុស

នៅ

នៅថ្ងៃទី៩ និងទី១០ ខែកក្កដានេះ លោក អានុទីន ឆាន់វីរៈគុល នឹងធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ហើយក្នុងអំឡុងពេលនោះ នាយករដ្ឋមន្ត្រីថៃរូបនេះ នឹងលើកយកបញ្ហាជាច្រើន ជជែកជាមួយមេដឹកនាំម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប៉ុន្តែប្រធានបទសំខាន់បំផុតចំនួន២ គឺ អានុទីន នឹងសុំឲ្យម៉ាឡេស៊ី បើកទីផ្សារទទួលយកបង្គាថៃវិញ និងសុំឲ្យជួយដោះស្រាយ បញ្ហាអំពើហិង្សានៅភាគខាងត្បូង។ 

អានុទីន (រូប៖ Khaosod)

តាមការផ្សាយរបស់ Amarin TV នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកអានុទីន នឹងសុំលោក អាន់វ៉ា បញ្ចប់ជម្លោះពាណិជ្ជកម្ម ទាំងដែលជម្លោះនោះ ថៃ ជាអ្នកបង្កមុន តាមរយៈការហាមឃាត់ ត្រីឆ្អង់ម៉ាឡេស៊ី ដោយអះអាងពីការរកឃើញសារធាតុគីមី។

ជាការសងសឹក ម៉ាឡេស៊ី ក៏ប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទ ពីប្រទេសថៃវិញ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក ធ្វើឲ្យថៃ ស្រឡាំងកាំង គិតស្មានថាម៉ាឡេស៊ី មិនហ៊ានជាមួយខ្លួន ដល់ថ្នាក់ ទៅសុំចរចាគ្នាវិញ និងអង្វរករឲ្យ រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បន្ទន់ឥរិយាបថ ហើយនិយាយគ្នាសិន។

មុននឹងទៅអង្វរម៉ាឡេស៊ី រដ្ឋាភិបាលទីក្រុងបាងកក ក៏ត្រូវពលរដ្ឋខ្លួន ជេរប្រទេចមិនស្ទើរដែរ ព្រោះបម្រាមនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករចិញ្ចឹមបង្គា និងអ្នកនេសាទថៃ ជាពិសេសនៅតំបន់ភាគខាងត្បូង ដោយបង្កជាភាពក្ដៅក្រហាយ ពេញទឹកពេញដី។

ចំណែក ពាក់ព័ន្ធបញ្ហាអំពើហិង្សា នៅភាគខាងត្បូងប្រទេសថៃវិញ លោកអានុទីន នឹងសុំឲ្យម៉ាឡេស៊ី ជួយរឹតបន្តឹងសន្តិសុខព្រំដែន និងទប់ស្កាត់សកម្មភាពក្រុមឧទ្ទាមឆ្លងដែន បន្ទាប់ពីការវាយប្រហារ ចេះតែខ្លាំងទៅៗ។

លោក អាន់វ៉ា (រូប៖ Reuters)

ជុំវិញរឿងនេះដែរ ទីក្រុងបាងកក ប្រកាសថា ខ្លួននឹងចរចាជាមួយក្រុមសកម្មប្រយុទ្ធភាគខាងត្បូង ​ហើយមន្ត្រីថៃ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅខែកញ្ញា ខាងមុខ ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ។

លោក Wan Muhamad Noor Matha ជាទីប្រឹក្សានយោបាយនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ពីវិមានរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ថា ជំនួបសំខាន់មួយ នឹងរៀបចំឡើងតាមពេលវេលា ដែលបានកំណត់ ហើយបើការចរចាទទួលបានលទ្ធផលផ្លែផ្កា ថៃនិងម៉ាឡេស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ហើយទម្លាយសេចក្តីថ្លែងការណ៍នោះ ជាសាធារណៈតែម្តង។

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ស្រាប់តែកក្រើកខ្លាំង គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលថ្មីៗ ជាពិសេសក្នុងខែមិថុនាតែម្តង ដោយកើតការវាយប្រហារញឹកញាប់បំផុត ក្នុងអត្រាដែលមិននឹកស្មានដល់ ពោលគឺសឹងរាល់ថ្ងៃ។

រឿងនេះសបញ្ជាក់ថា ប្រទេសថៃ កំពុងធ្លាក់ចូលទៅក្នុងភាពវឹកវរ កាន់តែជ្រៅ ដោយគ្រប់ជ្រុងនៃព្រំដែន សុទ្ធតែមានបញ្ហា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម