Connect with us

ព័ត៌មានជាតិ

បាក់ឌុបឆ្នាំនេះ រដ្ឋមន្ត្រីអប់រំ រំពឹងថា អត្រានិទ្ទេស A អាចមានលើសពីឆ្នាំមុន

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ជាមួយនឹងបេក្ខជនប្រឡងសរុបជាង១៤ម៉ឺននាក់នៅទូទាំងប្រទេស។ សម័យប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រំពឹងថា អត្រាបេក្ខជនទទួលបាននិទ្ទេស A អាចមានចំនួនលើសពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីដំណើរការចាប់ផ្ដើមប្រឡងនាព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ប្រកបដោយភាពរលូន និងមិនមានបញ្ហាចោទអ្វីបានកើតឡើងឡើយ។

ជាមួយនឹងការបញ្ជាពីការដំណើរការរលូននៃការប្រឡង លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបង្ហាញក្ដីរំពឹងចំពោះអត្រាប្រឡងជាប់នឹងកើនឡើងច្រើន ខណៈអត្រាទទួលបាននិទ្ទេស A ក៏នឹងអាចកើនដូចគ្នាផងដែរ។

លោករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា«ខ្ញុំមានជំនឿជឿជាក់ថា សិស្សានុសិស្សរបស់យើងបានខិតខំប្រឹងប្រែង ក្នុងរយៈពេល១០ឆ្នាំហើយដែលពួកគាត់ខំប្រឹង។ អ៊ីចឹង ខ្ញុំជឿជាក់ថា ចំនួនសិស្សនិទ្ទេស A នឹងប្រហាក់ប្រហែលឆ្នាំទៅ ឬក៏អាចលើសពីឆ្នាំទៅ…ប៉ុន្តែខ្ញុំជឿជាក់ថា មិនទាបជាងឆ្នាំទៅទេ ដែលមានចំនួន២ ២២៥រូប»

តាមការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី ជារួមសម្រាប់និទ្ទេស A B C ជាមធ្យមមានចំនួន៣០% ដែលជាតួលេខមួយបង្ហាញនូវ គុណភាពរបស់សិស្ស។

គួរជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ជាមួនឹងមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០នាក់ ដែលមានស្រី ៨១ ៤៤២នាក់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣នាក់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម