Connect with us

អត្ថាធិប្បាយ

អត្ថាធិប្បាយ៖ ទំនៀមទម្លាប់ប្រពៃណី​ជាមូលដ្ឋានគ្រឹះដ៏មាំនៃការអភិវឌ្ឍ

បានផុស

នៅ

សម្រាប់​ប្រជាជាតិខ្មែរ ដ៏មានចំណាស់កាលយូរលង់ក្នុងប្រវត្តិសាស្រ្តនៃអាស៊ីអាគ្នេយ៍​ភាគដីគោក មាន​កំណត់ត្រាលំអិត នៃរចនាសម្ព័ន្ធនយោបាយហ្វូណនសម័យ ចារទុកមក នូវឥរិយាបទជ្រាលជ្រៅព័ទ្ធពេន ល្បីរន្ទឺពេញឧបទ្វីបឥណ្ឌូចិន គឺទំនៀមជាច្រើន ជាបទពិសោធន៍ជាក់ស្តែង ដូនតាបានឆ្លងកាត់មុន បន្សល់ទុកមកជា​កេរ៍តំណែល​ ដូចមាន​សូត្រចាំរត់មាត់ ពីកម្រងព្រះរាជនិពន្ធនៃសម្តេចព្រះសង្ឃរាជ ជួន ណាត ថា​ «គេឯងតែងលើកតំកើងតំកល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង»។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ និយាយដល់ពាក្យ“ ទំនៀមទម្លាប់” មនុស្សជាច្រើន អាចនឹងរកផ្លូវរត់គេចចេញ យកដៃ​គ្របត្រចៀក ឬសើចក្នុងពោះ។

មួយភាគធំ ដោយសារ​គំនិតចាប់យកស៊ីវិល័យនិយម ជាពិសេសចំណោមជន​វ័យក្មេង ឬក្រុមមនុស្ស​ងប់ងល់នឹង​សាកលនីយកម្ម ឌីជីថល ដោយសារ​កំពុង​ឃើញជោគជ័យលើគំនិតថ្មីខ្លះៗ ហើយ​ចាត់ទុកថា ​អ្វីដែលចាស់ៗជារឿង​រារាំងពួកគេ។

ប៉ុន្តែហេតុអ្វីសម្រាប់ខ្ញុំ សាយពេជ្រ ទំនៀមទំលាប់ ប្រពៃណីនិងសាសនា​ សំខាន់(ខ្លាំង)?

ចម្លើយ៖ ក៏ព្រោះតែ​ចំណេះដឹង បទពិសោធន៍ ការថ្លឹងថ្លែងបាន​វិភាគមកបង្គាប់ប្រាប់បេះដូងនេះថា ទំនៀមទម្លាប់គឺជា(មូលដ្ឋានគ្រឹះដ៏ធំ)និង (តែមួយគត់)នៃការអភិវឌ្ឍ។

ខ្ញុំតែងជឿថា ជំនឿរបស់មនុស្សជាតិទាំងឡាយ ដែលមានមកនៅលើភពផែនដី​យើងនេះ មិន​មែន​កើតឡើងដោយការប្រឌិតនៃជនណាម្នាក់ ទៅតាមអារម្មណ៍​រវើរវាយ ឬដោយសារការជឿលង់​យ៉ាង​ងងឹតងងល់នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុផលទីមួយ

ប្រពៃណីទំនៀមទំលាប់តំណាងអោយផ្នែកសំខាន់នៃវប្បធម៌របស់ជាតិ ជួយបង្កើតរចនាសម្ព័ន្ធគំនិត សីលធម៌ ជា​គ្រឹះនៃគ្រួសារតូចៗ សហគមន៍ ឈានដល់សង្គមជាតិទាំងមូល។ ទំនៀមទំលាប់តែងជួយរំឮកយើងថា សាច់ឈាម ដែលរត់រមិញក្នុងរាងកាយយើង បានធ្វើឱ្យយើងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តដែលកំណត់ពីអតីតកាលរបស់យើង ដែលបន្តវេន និងបន្សល់ទុកមនុស្ស​ជំនាន់ក្រោយ។ រូបរាងយើង គតិយើង​ដែល​ជានរណានៅថ្ងៃនេះ និងជានរណាម្នាក់ដែលយើងទំនងជានឹងក្លាយទៅនៅអនាគត មហាសេដ្ឋី អ្នកដឹកនាំនយោបាយ ឥស្សរជន ។ល។ យើងនៅតែ​មិនអាចមិនអើពើនឹងភាពជាខ្មែរ របស់ខ្លួន ពីអត្ថន័យនៃទំនៀមទម្លាប់ពិតដែលជា​អត្តសញ្ញាណធំនិងតែមួយគត់ក្នុងជីវិតរបស់យើង។

ប្រសិនយើងបំផ្លាញ ឬបំភ្លេច យើងកំពុង​បំផ្លាញខ្លួនឯងនិងតំណពីមុន ក៏ដូចជា អនាគត។

ហេតុផលទីពីរ

ទំនៀមទម្លាប់នីមួយៗដែលបុព្វបុរសខំតស៊ូចងក្រង បង្ហាត់បង្រៀន ថែរក្សាទុកបន្តមកមួយជំនាន់ទៅមួយ​ជំនាន់ រួមបញ្ចូលនូវការលួងលោម បូរណភាព ការរួបរួម ដែលប្រជាជាតិខ្មែរកំពុង​ត្រូវការ​ជាចាំបាច់ក្នុងសម័យកាលនេះ ឆ្ពោះទៅរកកម្លាំងផ្ទៃក្នុងរឹងមាំពិតប្រាកដមួយ នឹង​អាលបោះដៃទៅខ្លាំងបន្តទៀតលើឆាកអន្តរជាតិ។

ហេតុផលទីបី

ប្រពៃណី ជំនឿ ទំនៀមទម្លាប់ ជាដួងព្រលឹងនៃការ​ពង្រឹងគុណតម្លៃ សេរីភាព ជំនឿ សុចរិតភាព គតិអប់រំល្អៗ ការទទួលខុសត្រូវផ្ទាល់ខ្លួន ក្រមសីលធម៌ការងារ ផ្នត់គំនិតរឹងមាំនិងការច្នៃប្រឌិត ព្រោះប្រពៃណី ទម្លាប់ បានបង្កើតឱ្យជីវិតគ្រប់គ្នា ឃើញពីគំរូ និងដើរតាមអ្វីមួយដែលពិតជាមាននៅក្នុងជីវិតពិត ​ត្រួសត្រាយទុកមកដោយអ្នកជំនាន់មុន ជា​អនុស្សាវរីយ៍យូរអង្វែងសម្រាប់​គ្រួសារនិងមិត្តភក្តិ  ព្រមទាំង​ប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាននៃប្រជាជាតិនិមួយៗ។

ហេតុផលទីបួន

ប្រពៃណីផ្តល់នូវបរិបទល្អប្រសើរ សម្រាប់ការឆ្លុះបញ្ចាំង មើលត្រឡប់ក្រោយ ក្នុងនាមជាអ្នកដឹកនាំ កញនុងនាមជា្មនុស្សគំរូ ជា​ឪពុកម្តាយ ដែលបានប្រើប្រាស់គ្រប់ឱកាស ពង្រឹងគុណតម្លៃដល់ជំនាន់ថ្មី ថាអ្វីគួរបន្ត អ្វីគួរកែលំអ។ល។

នៅពេលណាមួយ​ដែលជំនឿរបស់យើងចុះខ្សោយទៅ ៗ តាមពេលវេលា ពង្វក់ដោយការភ្លើតភ្លើន​ក្នុងរបៀបរស់នៅជាបរទេស ទម្រាំ​ថ្ងៃមួយដែលគេដឹងខ្លួនមកវិញថា បានបាត់បង់ខ្លួនឯងជាស្ថាពរ ទើប​ស្រែកទ្រហ៊ោយំស្តាយ។

ហេតុផលទី៥

បុគ្គល​ដែលមិនចេះ​សិក្សា គោរព ឱ្យតម្លៃប្រពៃណី ក្រមទំនៀមរបស់ខ្លួនឯង ជាមនុស្ស​ដែលកំពុង​វ​ង្វេងមិនស្គាល់ខ្លួនថាជា​អ្នកណា មកពីណា ខ្លាំងត្រង់ណា ហើយបិទភ្នែកទៅនៅថ្ងៃណាមួយទាំងមិនស្គាល់“ខ្លឹមពិតនៃប្រជាជាតិខ្លួនឯង”ជារៀងរហូត​ទៅ។

គុណតម្លៃ ដែលបាន​ទ្រទ្រង់ឆ្អឹងខ្នងរបស់ប្រទេសជាតិ នឹងរសាត់ រលុប​បាត់អស់ជាបន្តបន្ទាប់ ពីជំនាន់ក្រអឺតក្រទម ភ្លើតភ្លើន ភ្លេចខ្លួន។

សូមគិតឡើងវិញ!

រីករាយពីធីបុណ្យកាន់​បិណ្ឌ ឆ្នាំ​២០២០!

កុំភ្លេចការពារកូវីដ ពាក់ម៉ាស់ជានិច្ចក្នុងចំណោមមនុស្ស​ច្រើន!

សាយ ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម