Connect with us

វប្បធម៌ ជំនឿ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនចង់ឱ្យយកក្បាច់គុនវាយប្រហារទាំងដុល បញ្ចូលក្នុងល្ខោនក្បាច់បុរាណ

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ដោយលោកមិនចង់ឱ្យយកក្បាច់គុនវាយប្រហារទាំងស្រុង ដោយមិនបានបំប្លែងជាសិល្បៈ បញ្ចូលក្នុងទម្រង់របាំ ឬល្ខោនក្បាច់បុរាណខ្មែរឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពី លោក ខៀវ កាញារីទ្ធ បានចូលរួមទស្សនាព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ នៅ បរិវេណប្រាសាទបាយ័ន នាពេលថ្មីៗនេះ ដែលរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ អាជ្ញាធរជាតិអប្សរា  ដើម្បីចូលរួមអបអរសាទរខួប ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ និងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍មានសិល្បៈចម្រុះមួយចំនួនសម្ដែងរួមគ្នា ក្នុងនោះក៏មានការសម្ដែងសិល្បៈល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ដែលមានបញ្ចូល ក្បាច់គុនយុទ្ធខមក្រម បញ្ចេញស្នៀតគុន ដាវ ដំបង ដៃ ហក់លោតវាយវាត់ទាត់ធាក់គ្នាដួលទាំងជំហរស្ដែងៗទៀតផង។

លោក ខៀវ កាញារីទ្ធ លើកឡើងថា៖ “ក្បាច់របាំរឿងព្រះបាទជ័យវរ្ម័នទី ៧ ល្អណាស់ សូមសរសើរ។ តែចំពោះខ្លួនខ្ញុំផ្ទាល់ យកក្បាច់គុនល្បុកត្តោមកដាក់សុទ្ធ មិនបំប្លែងវាជាទម្រង់សិល្បៈ ធ្វើឱ្យបាត់សម្រស់សិល្បៈ នៃរបាំនេះបន្តិច!”។

លោកស្រី ឱម យុវណ្ណឌី ប្រធានក្លិបសិល្បៈវប្បធម៌ យុវណ្ណឌី និងជាអ្នកដឹកនាំរឿង និងដឹកនាំក្រុមសម្តែង ល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” លើកឡើងថា ការបញ្ចូលឈុតក្បាច់គុនបុរាណខ្មែរក្នុងទម្រង់សិល្បៈល្ខោនក្បាច់បុរាណនេះ គឺដើម្បីបង្ហាញក្បាច់គុណខ្មែរពិតៗនៃសម័យអង្គរដែលឆ្លាក់ជាប់ជញ្ជាំងប្រាសាទដែលកូនខ្មែរខ្លះមិនទាន់ដែលបានស្គាល់ និងឃើញផ្ទាល់សោះ គឺស្គាល់តែអ្នកហាត់ក្បាច់គុនតែប៉ុណ្ណោះ។ ម៉្យាងដោយសារ ក្បាច់គុណបុរាណខ្មែរ ទើបដាក់បញ្ចូលក្នុងបញ្ជីរបតិកភ័ណរបស់អង្ការយូនីស្កូផង ហើយកន្លងមកមហាជនដែលបានទស្សនាការសម្ដែងរឿងនេះ គាំទ្រឈុតឆាកនេះខ្លាំង ហើយសំណូមពរឱ្យធ្វើឈុតក្បាច់គុណនេះឱ្យវែង និងឱ្យច្រើនក្បួនស្នៀតរបស់ក្បាច់គុណខ្មែរ និងគួរតែបង្ហាញឱ្យអន្តរជាតិបានឃើញ។

លោកស្រី ឱ យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ហើយម៉្យាងទៀត និងកាន់តែឱ្យយុវជនដែលខិតខំហាត់ក្បួនក្បាច់គុនខ្មែរនេះ កាន់តែចូលរួមថែរក្សា និងស្រឡាញ់ក្បាច់គុនរបស់ខ្លួនឯងកាន់តែច្រើន ហើយផុលផុសពេញប្រទេស ដោយសារបាន និងមានឱកាសបញ្ចេញសមត្ថភាពលើឆាកសម្ដែងដូចសិល្បៈទម្រងដទៃៗទៀត។ ព្រោះក្បាច់គុនក៏ជាទម្រង់សិល្បៈមួយដែរ ជាទម្រង់សិល្បៈវប្បធម៌មួយដែលយើងមើលរំលងគ្រប់គ្នា ទុកគាត់ចោលដោយឡែកទៅវិញ ក្បាច់គុនសុទ្ធតែជានាដកម្មទាំងអស់”។

ទោះយ៉ាងណា លោក ខៀវ កាញារីទ្ធ មិនបានបដិសេធ មិនឱ្យបញ្ចូលក្បាច់គុនបុរាណខ្មែរស្នៀតវាយប្រហារចូលទៅក្នុងទម្រង់សិល្បៈល្ខោនក្បាច់បុរាណនោះទេ ដោយលោកបញ្ជាក់៖ “សិល្បៈអាចបង្ហាញក្បាច់គុនបានដោយមិនបាច់បង្ហាញហិង្សាទាំងដុល”។

លោកស្រី ឱ យុវណ្ណឌី លើកឡើងថា លោកស្រីនឹងធ្វើកំណែទម្រង់តាមអនុសាសន៍ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា  ជាឆាកល្ខោនសមយុទ្ធកងទ័ពជើងខ្លាំងៗគ្រប់រូបចង់ចេញច្បាំងការពារទឹកដីជាមួយ ឬដង្ហែរព្រះបាទជ័យវរ្ម័នទី៧ ទើបបង្ហាញភាពខ្លាំងក្លារៀងៗខ្លួន ទាំងក្នុងឆាក និងក្រៅឆាក ។ ទី១ នៅលើឆាក គឺចង់បង្ហាញព្រះបាទជ័យវរ្ម័ន ទី២ ចង់បង្ហាញទស្សនិកជននូវសមត្ថភាព និងក្បាច់ល្អៗខ្លាំងរឹងមាំដែលពួកគាត់ខំហាត់រៀនដែលបានកប់បាត់ មិនដែលមានបានឱកាសយកមកបង្ហាញ។ ប៉ុន្តែនេះគ្រាន់ជាទស្សនៈកន្លងទេ។

លោកស្រី បញ្ជាក់ថា៖ “ខ្ញុំនិងកំណែទម្រង់តាមឯកឧត្ដម។ បន្ទាប់ពេលនេះទៅ ពួកយើងខ្ញុំនឹងទទួលយកអនុសាសន៍នេះ ទៅអនុវត្ត”។

លោក ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មាការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ អះអាងថា​ លោកនឹងយកយោបល់នេះទៅ​ពិភាក្សា​ជាមួយលោកគ្រូអ្នកគ្រូ​ដែល​តម្លើង​ស្នាដៃ​ ល្ខោនក្បាច់បុរាណខ្មែរ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី”។

គួរបញ្ជាក់ថា រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប ៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា ដោយរកបាន ថវិកាចំនួន ៨២ ៧០៣ ដុល្លារអាមេរិក តាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ដោយសំបុត្រមួយសន្លឹកតម្លៃ ៥០០ដុល្លារ ព្រមទាំងមានការទទួលទានអាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។

សិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាព ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយា សហព័ន្ធយុទ្ធក្រមខម សាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ ក្រុមភ្លេងបុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃ បានខិតខំរួមគ្នាបង្កើតបាននូវផ្ទាំងសិល្បទស្សនីយភាពមួយដ៏អស្ចារ្យ បង្ហាញឱ្យឃើញនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងវិសេសវិសាលបំផុតរបស់បុព្វបុរសខ្មែរយើង៕

អត្ថបទ​​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម