ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់ថានឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយ៉ាងម៉ឺងម៉ាត់ថា លោកនឹង«ពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត» ប្រសិនបើក្រុងតេហេរ៉ង់បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញដល់កម្រិតគួរឲ្យព្រួយបារម្ភ ហើយក្នុងពេលដំណាលគ្នានេះដែរ លោកនឹងដកចេញផែនការបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់។

យោងតាមការចុះផ្សាយថ្ងៃទី២៨ខែមិថុនារបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានសង្កត់ធ្ងន់ថា ការវាយប្រហារនាពេលថ្មីៗនេះ ដែលធ្វើឡើងជាមួយប្រទេសអ៊ីស្រាអែល បានធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង។ លោកបានគំរាមថា ការផ្គើនរបស់អ៊ីរ៉ង់នឹងបង្កឲ្យមានសកម្មភាពយោធាបន្ថែមទៀតជាក់ជាមិនខាន។
សាររបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីការបង្ហាញវត្តមានជាលើកដំបូងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បន្ទាប់ពីជម្លោះរយៈពេល១២ថ្ងៃ។ ក្នុងវីដេអូសន្ទរកថាកាលពីថ្ងៃទី២៦មិថុនា លោក Khamenei បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាមួយផ្សេងទៀត អ៊ីរ៉ង់នឹងសងសឹកដោយកំណត់គោលដៅលើមូលដ្ឋានទ័ពរបស់ក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជ្ឈិមបូព៌ា។ លោកបានបន្ថែមថា «សាធារណរដ្ឋអ៊ីស្លាមបានទះកំផ្លៀងអាមេរិក។ យើងបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកដ៏សំខាន់មួយនៅក្នុងតំបន់»។
លោក ត្រាំ បាននិយាយថា លោកបានទុកជីវិតឲ្យលោក Khamenei ដោយបានវេតូផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់។
លោក ត្រាំ បានរៀបរាប់ថា «ប្រទេសរបស់គាត់ត្រូវបានបំផ្លាញ ទីតាំងនុយក្លេអ៊ែរដ៏អាក្រក់ចំនួន៣កន្លែងរបស់គាត់ត្រូវបានកម្ទេច ហើយខ្ញុំដឹងច្បាស់ពីកន្លែងដែលគាត់លាក់ខ្លួន ហើយនឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែល ឬកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក…បញ្ចប់ជីវិតរបស់គាត់ទេ។ ខ្ញុំបានសង្គ្រោះគាត់ពីការស្លាប់ដ៏អាក្រក់ និងយ៉ាងអាម៉ាស់មុខ»។
លោក ត្រាំ ក៏បាននិយាយផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកកំពុងធ្វើការលើការដកទណ្ឌកម្មចំពោះប្រទេសអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសសម្រាប់ការងើបខ្លួនឡើងវិញយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ លោកបានប្រាប់ថា ឥឡូវនេះលោកបានបោះបង់ផែនការទាំងនោះចោលវិញហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


