វប្បធម៌ ជំនឿ
ក្រៅពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរអាចទស្សនាសារមន្ទីរចំនួន ៤ទីតាំង នៅខេត្តសៀមរាប
បើនិយាយពីខេត្តសៀមរាប ច្បាស់ណាស់ គេនឹងគិតដល់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតនៅទីនោះដែលជាកេរដំណែលបន្សល់ពីបុព្វបុរសខ្មែរ។ ក្រៅពីប្រាសាទ ខេត្តសៀមរាបក៏មានកន្លែងដើរលេងស្អាតៗជាច្រើនទៀតទាំងតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ។

ថ្ងៃនេះ កម្ពុជាថ្មី សូមណែនាំពីសារមន្ទីរ ៤ទីតាំង នៅក្នុងខេត្តសៀមរាប ដែលដកស្រង់ចេញពី App Visit Angkor របស់អាជ្ញាធរជាតិអប្សរា ដើម្បីអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីវប្បធម៌ខ្មែរ។
១.សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកដំណើរការទទួលភ្ញៀវទេសចរចូលទស្សនានៅឆ្នាំ២០០៨។ សារមន្ទីរនេះ កសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា។ បច្ចុប្បន្ន សារមន្ទីរនេះមានពិព័រណ៍អចិន្ត្រៃយ៍ចំនួន៣ ដែលសុទ្ធសឹងតែជាលទ្ធផលនៃកំណាយស្រាវជ្រាវក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុដែលមាននៅក្នុងសារមន្ទីរនេះ អាចឱ្យភ្ញៀវទេចរយល់កាន់តែច្បាស់ពីប្រាសាទ និងវត្ថុនោះ។

សារមន្ទីរខាងលើ បើកពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ៈ៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីល្ងាច។ សម្រាប់ថ្ងៃចន្ទ និងរាល់ថ្ងៃបុណ្យជាតិធំៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក សារមន្ទីរមិនបើកដំណើរការនោះទេ។ ចំពោះសំបុត្រចូលទស្សនាវិញ ភ្ញៀវជាតិ តម្លៃ ១០០០រៀល រីឯ ភ្ញៀវអន្តរជាតិ តម្លៃ ៣ដុល្លារ។ ជាងនេះ សារមន្ទីរ មិនគិតថ្លៃលើកុមារអាយុក្រោម១២ឆ្នាំនោះទេ រីឯ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធ អាចនិមន្ត និងចូលទស្សនាបានដោយឥតគិតថ្លៃ។ ទន្ទឹមនោះ ភ្ញៀវជាតិ អាចមានឱកាសចូលទស្សនាដោយឥតគិតថ្លៃរៀងរាល់ថ្ងៃសៅរ៍ ដើមខែផងដែរ។
២.សារមន្ទីរគ្រាប់មីនកម្ពុជា និងមូលនិធិសង្គ្រោះ
សារមន្ទីរគ្រាប់មីនកម្ពុជា និងមូលនិធិសង្គ្រោះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយលោក អាគីរ៉ា អតីតអ្នកដោះមីនស្ម័គ្រចិត្ត សព្វថ្ងៃមានទីតាំងនៅ ភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បើតាម App Visit Angkor បានបញ្ជាក់ថា សំបកគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌដែលគ្មានសារធាតុរំសេវផ្ទុះ ត្រូវបានប្រមូល និងយកដាក់តាំងពិព័រណ៍ឱ្យភ្ញៀវទេសចរទស្សនាដោយឥតគិតថ្លៃនៅទីតាំងដំបូងរបស់សារមន្ទីរ ដែលស្ថិតនៅមាត់ស្ទឹងក្រុងសៀមរាប។ រហូតដល់ឆ្នាំ២០០៧ សារមន្ទីរមួយនេះបានចូលជាប្រភេទអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងត្រូវបានផ្លាស់ប្តូរទីតាំងមកកាន់ស្រុកបន្ទាយស្រី និងប្តូរឈ្មោះជា សារមន្ទីរគ្រាប់មីនកម្ពុជា និងមូលនិធិសង្គ្រោះ ដើម្បីស្វែងរកជំនួយ និងលក់សំបុត្រ ដើម្បីជួយឧបត្ថម្ភដល់ក្រុមការងារបោសសម្អាតមីន ជនមានពិការភាព និងគាំទ្រដល់ការសិក្សារបស់សិស្សនៅតាមជនបទ។

សារមន្ទីរនេះ បើកពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់បីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង ៥៖៣០នាទីល្ងាច និងបិទរាល់បុណ្យជាតិ។ សម្រាប់ភ្ញៀវជាតិ អាចចូលទស្សនាសារមន្ទីរនេះដោយឥតគិតថ្លៃ ចំណែក ភ្ញៀវអន្តរជាតិ សំបុត្រមានតម្លៃ ៥ដុល្លារ សម្រាប់មនុស្សម្នាក់ ហើយសម្រាប់ Audio Guide គឺមិនគិតប្រាក់ឡើយ។

៣.សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកដំណើរការនៅឆ្នាំ២០១៤ មានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរនេះ បង្កើតឡើងដើម្បីឱ្យសាធារណជនស្គាល់ពីប្រពៃណីនៃការផលិតវាយនភណ្ឌជាច្រើនពីប្រទេសឥណ្ឌា និងតំបន់ដីសណ្តទន្លេមេគង្គ ដោយមានបង្ហាញពីផលិតផលវាយនភណ្ឌដ៏ល្អឯកពីប្រទេសជុំវិញទន្លេមេគង្គ និងទន្លេគង្គា មានដូចជា ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងឥណ្ឌា។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ចាប់បីម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០នាទីព្រឹក និងបិទរាល់ថ្ងៃអង្គារ និងថ្ងៃបុណ្យជាតិផ្សេងៗដូចជា បុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីចម្រើនព្រះជន្ម បុណ្យភ្ជុំបិណ្ឌ និងព្រះរាជពិធីបុណ្យអុំទូក។ ភ្ញៀវជាតិចូលទស្សនាអស់ម្នាក់ ១០០០រៀល ឯ អន្តរជាតិ ៣ដុល្លារ។
៤.សារមន្ទីរវិមានសុខា
សារមន្ទីរវិមានសុខា កើតចេញពីការស្រឡាញ់សម្ភារៈចាស់ៗរបស់ លោក លី ប៉េងហេង ហើយលោកក៏បានបើកសារមន្ទីរនេះឡើងមក ដោយយកឈ្មោះមនុស្សជាទីស្រឡាញ់២រូបមកដាក់ គឺកូនប្រុសឈ្មោះ វិមាន និងភរិយាឈ្មោះ សុខា បង្កើតបានឈ្មោះសារមន្ទីរ វិមានសុខា។ សារមន្ទីរនេះ ស្ថិតនៅផ្លូវ២២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សារមន្ទីរវិមានសុខា ដាក់តាំងបង្ហាញសុទ្ធសឹងតែជាសម្ភារៈដែលប្រើអំឡុងទស្សវត្សឆ្នាំ៤០ ដល់៦០ និងមួយចំនួនទៀតផលិតតាំងពីឆ្នាំ១៧៥៧មក។ សម្ភារៈក្នុងសារមន្ទីរមានដូចជា ម៉ូតូ កង់ នាឡិកា ម៉ាស៊ីនថត ជាដើម។ សារមន្ទីរនេះ បើករៀងរាល់ថ្ងៃ ចាប់បីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច សម្រាប់ភ្ញៀវជាតិ សំបុត្រតម្លៃ ១ម៉ឺនរៀល ឯ បរទេស តម្លៃ ៥ដុល្លារ៕

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍១៩ ម៉ោង ago
រថយន្តបុកម៉ូតូសណ្តោង រួចទៅបុករថយន្តមួយទៀត បណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់