ព័ត៌មានអន្ដរជាតិ
ការរំលាយសភារបស់ អានុទីន បង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំង សម្រាប់សេដ្ឋកិច្ចថៃ
ការសម្រេចចិត្តរំលាយសភារបស់នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានរីរៈគុណ បង្កើនភាពស្រពិចស្រពិលកាន់តែខ្លាំងទាំងនយោបាយ និងសេដ្ឋកិច្ចថៃ ខណៈសង្រ្គាមឈ្លានពានកម្ពុជាដែលបន្តអូសបន្លាយ បានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនរួចស្រាប់ហើយ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នៅព្រឹកថ្ងៃសុក្រនេះ មហាក្សត្រថៃបានចេញព្រះរាជក្រឹត្យរំលាយសភាតាមសំណើររបស់លោក អានុទីន ដែលថា រដ្ឋាភិបាលចម្រុះរបស់លោកប្រឈមមុខនឹងអស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ រួមបញ្ចូលទាំងអរិភាពនៅតាមព្រំដែនថៃ-កម្ពុជា។
ការរំលាយសភាថៃនេះ នឹងបើកផ្លូវឱ្យមានការរៀបចំការបោះឆ្នោតថ្មីក្នុងចន្លោះពេល ៤០-៦០ ថ្ងៃខាងមុខ យ៉ាងណាមិញ វាហាក់លឿនជាងអ្វីដែលលោក អានុទីន ធ្លាប់បានសន្យាថាធ្វើនៅខែមករា ដើមឆ្នាំ ២០២៦។
អ្នកតាមដានបាននិយាយថា ការវិវត្តចុងក្រោយ បង្ហាញពីអស្ថិរភាពនយោបាយក្នុងស្រុកថៃដែលបន្តអូសបន្លាយ ដែលប៉ះពាល់ដល់ទំនុកចិត្តសហគមន៍អន្តរជាតិ គំរាមកំហែងដល់ប្រព័ន្ធសភា និងការគ្រប់គ្រងរដ្ឋបាលបែបប្រជាធិបតេយ្យ។
អ្នកខ្លះថែមទាំងបានលើកឡើងថា ការរំលាយសភារបស់លោក អានុទីន បង្កើនភាពមិនច្បាស់លាស់សម្រាប់ថ្នាក់ដឹកនាំថៃ ដែលផ្ដល់សិទ្ធិអំណាចកាន់តែច្រើនដល់យោធា ហើយអាចធ្វើឱ្យជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែតានតាំង ទោះបីជាបញ្ហានេះបង្កផលខូចខាតសម្រាប់សេដ្ឋកិច្ចថៃធ្ងន់ធ្ងរក៏ដោយ។
គួរគូសបញ្ជាក់ថា លំហូរទំនិញតាមច្រកព្រំដែនគោកថៃ-កម្ពុជា ត្រូវបានធ្លាក់ចុះស្ទើរតែស្រុងរាប់តាំងពីពេលយោធាថៃបិទច្រកជាឯកតោភាគីនៅខែមិថុនាមក។ គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ ធ្លាប់បានចេញរបាយការណ៍ព្យាករណ៍កាលពីខែតុលាថា ថៃអាចខាតបង់សេដ្ឋកិច្ចរហូតដល់ទៅ ១០០ ប៊ីលានបាត គិតត្រឹមចុងឆ្នាំ ២០២៥ ប្រសិនបើភាពតានតឹងជាមួយកម្ពុជាបន្តអូសបន្លាយរហូតដល់ចុងឆ្នាំ ដោយក្នុង ១ខែៗ ត្រូវខាតបង់ប្រមាណ ១៥ ប៊ីលានបាត។

ក្រៅតែពីលំហូរទំនិញតាមព្រំដែនគោក ជម្លោះព្រំដែនជាមួយកម្ពុជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗក្នុងតំបន់ជាប់ព្រំដែនថៃ ក៏ដូចជាវិស័យការងារ ក្រោយកម្មករចំណាកស្រុកកម្ពុជាធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ។
បើមែនទែនទៅ សេដ្ឋកិច្ចថៃ ដែលដើរអូសជើងចាញ់ប្រទេសក្នុងតំបន់ផ្សេងទៀតនោះ បានរងនូវសម្ពាធដ៏ធ្ងន់ធ្ងររួចស្រាប់ទៅហើយរួមទាំងអស្ថិរភាពនយោបាយ បំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការ និងហានិភ័យពីខាងក្រៅ រួមទាំងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចសកល និងពន្ធគយរបស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ គ្រោះមហន្តរាយធម្មជាតិ ជាពិសេសទឹកជំនន់នៅភាគខាងត្បូងថៃ ថ្មីៗនេះបានបណ្ដាលឱ្យមានការខាតបង់សេដ្ឋកិច្ចជាដំណំ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាជន និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលត្រូវការពេលវេលាកាន់តែច្រើន ដើម្បីស្ដារឡើងវិញ។
ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា អស្ថិរភាពនយោបាយថៃបានប៉ះពាល់ខ្លាំងដល់ទំនុកចិត្តវិនិយោគិនទាំងក្នុង និងក្រៅស្រុករួចហើយ។ តួយ៉ាង សារព៍ត៌មាន Bloomberg បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ថៃកំពុងឃើញលំហូរប្រាក់ចេញក្រៅប្រទេសកាន់តែច្រើន ខណៈវិនិយោគិនក្នុងស្រុកបានផ្លាស់ប្តូរមូលនិធិទៅក្រៅប្រទេស ដែលបន្ថែមសម្ពាធដល់ទីផ្សារភាគហ៊ុនដែលខ្សោយរួចទៅហើយ។
Bloomberg បានបន្តយ៉ាងដូច្នេះថា៖ «អស់់រយៈពេលជាច្រើនឆ្នាំមកហើយ ភាពចលាចលនយោបាយ រឿងអាស្រូវសាជីវកម្ម និងការធ្លាក់ចុះនៃវិស័យទេសចរណ៍បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត។ ភាពមិនប្រាកដប្រជាអាចកើនឡើងបន្ថែមទៀត ក្រោយនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល បានរំលាយសភាកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការបោះឆ្នោតមុនកាលកំណត់ ទោះបីជាប្រាក់បាត និងភាគហ៊ុនបានកើនឡើងមួយរយៈខ្លីក៏ដោយ»។
សារព័ត៌មានដដែលបន្តទៀតថា វិនិយោគិនថៃឥឡូវនេះបានលក់ភាគហ៊ុនក្នុងស្រុកអស់រយៈពេល ៧ ត្រីមាសជាប់ៗគ្នា និងបានទិញភាគហ៊ុន និងមូលបត្របរទេសក្នុងបរិមាណខ្ពស់បំផុតមិនធ្លាប់មាន ដោយធ្វើតាមនិន្នាការនៃមូលនិធិអន្តរជាតិផ្សេងៗ។

ចំពេលដែលជម្លោះព្រំដែនជាមួយកម្ពុជា ក៏មានក្ដីបារម្ភផងដែរថានឹងមានហានិភ័យសម្រាប់ការចរចាពាណិជ្ជកម្មពាក់ព័ន្ធពន្ធរវាងថៃ និងសហរដ្ឋអាមេរិក ដោយហេតុថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើការគំរាមកំហែងផ្លូវពន្ធ ឬពាណិជ្ជកម្មជាថ្មីម្ដងទៀត ដើម្បីដាក់សម្ពាធថៃឱ្យចូលតុចរចាជាមួយកម្ពុជា។ ថៃបានប្រកាសចុងក្រោយនេះថា ខ្លួនបិទផ្លូវចរចាជាមួយកម្ពុជា និងចាត់ទុកវិបត្តិព្រំដែនជារឿងដាច់ដោយឡែកពីបញ្ហាពាណិជ្ជកម្មជាមួយអាមេរិក។
ការចរចាពន្ធគឺជារឿងដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដែលមានសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ខ្លួន ក្នុងទំហំសរុបប្រមាណ ៦៣,៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។ អាជីវកម្ម និងសេដ្ឋវិទូថៃ កំពុងជំរុញយ៉ាងណា កុំឱ្យបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់សេដ្ឋកិច្ច ដែលដើរអូសជើងរួចស្រាប់ហើយ និងរំពឹងមានកំណើនត្រឹម ២% ឆ្នាំនេះ (តាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក)។
ភាពស្រពិលនយោបាយថៃមានន័យថា ភាពស្រពិចស្រពិលនៃការដោះស្រាយបញ្ហាសេដ្ឋកិច្ចសម្រាប់ប្រជាជន ខណៈថៃក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមួយលើពិភពលោក ដោយយោងតាមរបាយការណ៍វិសមភាពពិភពលោកឆ្នាំ ២០២៦ ដែលទើបចេញផ្សាយថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Prachatai កាលពីថ្ងៃព្រហស្បតិ៍។
កាសែតបាងកកប៉ុស្តិ៍ឯណោះវិញ បានចុះផ្សាយនៅថ្ងៃសុក្រនេះថា អំពើពុករលួយ ភាពក្រីក្រ និងជម្លោះយោធា ស្ថិតក្នុងចំណោមក្តីបារម្ភចម្បងៗសម្រាប់ប្រជាជនថៃក្នុងឆមាសទី ២ នៃឆ្នាំ ២០២៥ ខណៈការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចនៅតែបន្តរារាំងការចំណាយរបស់ប្រជាជន ហើយការក្លែងបន្លំ ឬចារកម្មអនឡាញ ត្រូវបានចាត់ទុកថាជាហានិភ័យធ្ងន់ធ្ងរ ដោយថៃកត់ត្រាកម្រិតខ្ពស់បំផុតនៃក្តីបារម្ភទូទាំងពិភពលោក។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ Ipsos៕
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


