ព័ត៌មានអន្ដរជាតិ
វិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
វិនិយោគិនបរទេសកំពុងដកខ្លួនចេញពីទីផ្សារហិរញ្ញវត្ថុថៃរួមទាំងភាគហ៊ុន និងមូលបត្របំណុល ចំពេលដែលសង្រ្គាមនៅអ៊ីរ៉ង់បានជំរុញឱ្យតម្លៃប្រេងសកលកើនឡើង ដោយបង្កើនក្ដីបារម្ភពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចថៃ កំណើនបំណុល និងជម្រើសគោលនយោបាយឆ្លើយតបដែលមានកម្រិត។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ពីបញ្ហានេះ ដោយថា វិនិយោគិនកំពុងលក់ចេញនូវទ្រព្យសកម្មរបស់ខ្លួននៅថៃ ដោយសារតែជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់សុទិដ្ឋិនិយមអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មី លោក អានុទីន ឆានវីរៈគុណ។ ស្ថានភាពបច្ចុប្បន្ន ក៏បង្ហាញផងដែរពីភាពមិនកម្រិតនៃសមត្ថភាពរបស់រដ្ឋាភិបាលក្រុងបាងកកក្នុងការឆ្លើយតបទៅនឹងវិបត្តិ។
ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងហក់ឡើងដល់ ១០០ ដុល្លារ/បារ៉ែល ដោយបង្កផលប៉ះពាល់ខ្លាំងដល់បណ្ដាសេដ្ឋកិច្ចនៅអាស៊ី រួមទាំងថៃ។ ជាមួយគ្នានោះផងដែរ ថៃត្រូវបានចាត់ទុកថាជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីជម្លោះ ព្រោះស្ទើរតែពាក់កណ្តាលនៃការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសនេះ គឺបានមកពីមជ្ឈិមបូព៌ា។ នេះបើផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Krungsri Research។
បញ្ហាប្រឈមសម្រាប់ថៃ គឺធ្ងន់ធ្ងរជាងប្រទេសដទៃទៀតក្នុងតំបន់។ បំណុលសាធារណៈរបស់ប្រទេសនេះ គឺជិតដល់ដែនកំណត់របស់រដ្ឋាភិបាល (៧០% នៃផលិតផលក្នុងស្រុកសរុប ឬ GDP) ខណៈដែលសេដ្ឋកិច្ចថៃ បានធ្លាក់ចូលទៅក្នុងបរិត្តផរណារួចទៅហើយ មុនពេលសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងនៅចុងខែកុម្ភៈ។
រ៉យទ័របានកត់សម្គាល់ថា ផលប៉ះពាល់ភ្លាមៗនៃជម្លោះ បានកើតឡើងនៅពេលដែលសេដ្ឋកិច្ចថៃចាប់ផ្តើមងើបជាថ្មី ហើយវិនិយោគិនបរទេសបានចាប់ផ្តើមវិលត្រឡប់មកទីផ្សារថៃវិញ ក្រោយដកមូលធនចេញអស់រយៈពេលជាច្រើនឆ្នាំ។

ទិន្នន័យពីក្រុមហ៊ុន LSEG បានបង្ហាញថា វិនិយោគិនបរទេសបានទិញភាគហ៊ុនថៃចំនួន ១,៧ ប៊ីលានដុល្លារនៅខែកុម្ភៈ។ ការឈ្នះឆ្នោតរបស់លោក អានុទីន នៅខែនោះ បានបង្កើនការរំពឹងទុកនៃស្ថិរភាពនយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចឡើវិញ ក្រោយមានភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនឆ្នាំ។
ប៉ុន្តែក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង និន្នាការវិនិយោគិនបានបញ្ច្រាសទិសទៅវិញ ដោយក្នុងខែមីនា វិនិយោគិនបានលក់ភាគហ៊ុនថៃសុទ្ធចេញប្រមាណ ៨២៣ លានដុល្លារអាមេរិក និងមូលបត្របំណុល ៧០៥ លានដុល្លារ។ បើបូកបញ្ចូលគ្នាទៅ វាជាលំហូរចេញនៃមូលធនពីក្នុងប្រទេសថៃដ៏ធំបំផុតរាប់តាំងពីខែតុលា ឆ្នាំ ២០២៤។
បទឈប់បាញ់ ២ សប្ដាហ៍រវាងអាមេរិក និងអ៊ីរ៉ង់នៅខែមេសានេះ បានជំរុញទំនុកចិត្ត ដោយបង្កការស្ទុះងើបឡើងវិញនៃភាគហ៊ុន និងប្រាក់បាតថៃ។ ទោះបីបែបនេះក្ដី វិនិយោគិននៅតែមានការប្រុងប្រយ័ត្ន ចំពេលដែលតម្លៃប្រេងអន្តរជាតិនៅតែបន្តខ្ពស់ត្រដែតធៀបនឹងតម្លៃមុនសង្រ្គាម។
អ្នកជំនាញបានប្រាប់រ៉យទ័រថា តម្លៃប្រេងឥន្ធនៈខ្ពស់អាចកាត់បន្ថយការប្រើប្រាស់ និងរំខានដល់ការនាំចេញ និងទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃ។ ពួកគេនៅតែប្រុងប្រយ័ត្នលើទីផ្សារភាគហ៊ុនថៃ ដោយព្រមានថា វិបត្តិថាមពលថ្មីៗនេះ បានក្លាយជាហានិភ័យរយៈពេលខ្លី ទោះបីជាមានសុទិដ្ឋិនិយមពីភាពប្រសើរឡើងនៃស្ថិរភាពនយោបាយក៏ដោយ។

ទោះបីមានបទឈប់បាញ់នៅមជ្ឈិមបូព៌ាក្ដី ថៃនៅតែអាចប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយទៀត។ ភាពងាយរងគ្រោះរបស់ប្រទេសនេះគឺមានលើសពីតម្លៃប្រេង ដោយសារជាងពាក់កណ្ដាលនៃអគ្គិសនីរបស់ប្រទេសនេះ ត្រូវបានផលិតចេញពីឧស្ម័នធម្មជាតិពង្រាវ ដែលថៃពឹងផ្អែកខ្លាំងលើការនាំចូល។
ក្រៅពីនោះ សន្ទុះសេដ្ឋកិច្ចថៃក៏នៅតែខ្សោយផងដែរ។ កំណើនសេដ្ឋកិច្ចថៃ មានត្រឹមតែ ២,៤% ប៉ុណ្ណោះកាលពីឆ្នាំមុន ពោលគឺយឺតយ៉ាវជាងប្រទេសដទៃទៀតក្នុងតំបន់ ខណៈអតិផរណាបានធ្លាក់ចុះរយៈពេល ១២ ខែជាប់ៗគ្នា ដែលជំរុញឱ្យមានការកាត់បន្ថយអត្រាការប្រាក់មុនពេលជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង។
អ្នកជំនាញបានបន្ថែមទៀតថា ថៃកំពុងស្ថិតក្នុងស្ថានភាពលំបាកខាងគោលនយោបាយ ដោយធនាគារកណ្ដាលត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការដំឡើងអត្រាការប្រាក់ដោយមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏មានឱកាសតិចតួចក្នុងការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុ។ លើសពីនោះ រដ្ឋាភិបាលថៃបានប៉ាន់ស្មានថា រាល់កំណើន ១ បាត នៃតម្លៃប្រេងឥន្ធនៈ អាចធ្វើឱ្យកំណើនថយចុះ ០,០២% ហើយរដ្ឋាភិបាលក៏ត្រូវប្រុងប្រយ័ត្នលើការផ្ដល់ឧបត្ថម្ភធនប្រេងឥន្ធនៈ ចំពេលបំណុលសាធារណៈខ្ពស់រួចទៅហើយ។
អ្នកជំនាញយល់ថា ឥឡូវនេះ ប្រទេសថៃប្រឈមមុខនឹងស្ថានភាពពិបាកទប់លំនឹង។ រដ្ឋាភិបាលបានបញ្ចៀសការឧបត្ថម្ភធនប្រេងឥន្ធនៈ ប៉ុន្តែក៏ត្រូវជួយដោះបន្ទុកការចំណាយរបស់ប្រជាជនតាមរយៈការរក្សាស្ថិរភាពតម្លៃអគ្គិសនី។ ក្នុងពេលជាមួយគ្នានេះ បំណុលសាធារណៈបានកើនឡើងដល់ប្រហែល ៦៦% នៃ GDP ជិតដល់កម្រិតកំណត់ ៧០% ដែលបន្ថែមក្ដីព្រួយបារម្ភដល់វិនិយោគិនអំពីសម្ពាធសារពើពន្ធរបស់ប្រទេសនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


