Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមត្រីពិបាកបន្តិចតែផ្តល់ផលច្រើន អាចរកប្រាក់ខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ​

បានផុស

នៅ

លោក​ ទុយ សុខ​មាន ពី​អ្នករត់ម៉ូតូឌុប និង​ដាក់មង​យក​ត្រី​លក់ក្លាយជា​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ដែលមាន​បទ​ពិ​សោធន៍ ហើយ​ទទួលបាន​ជោគជ័យ ក្នុងចំណោម​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រីត្រឹម​ខ្នាត​មធ្យម​ជាច្រើន​ទៀត​នា​បច្ចុប្ប​ន្ន​នេះ នៅក្នុង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ត្រី​ជា​សត្វ​រស់នៅក្នុង​ទឹក​មួយ​ប្រភេទ​ដែល​ងាយ​ស្រួល​ចិញ្ចឹម ពិសេស​ត្រី​ប្រា​តែម្តង​។​ បើទោះជា​មុខរបរ​ចិញ្ចឹមត្រី​មួយ​នេះ ត្រូវការ​ដើមទុន​ច្រើន​សម្រាប់​អ្នក​ចិញ្ចឹម​យ៉ាង​ណាក៏ដោយ ក៏​នៅតែមាន​អ្នក​ចង់​ប្រកប​អាជីព​ជា​អ្នក​ចិញ្ចឹម​ត្រីនៅក្នុង​ស្រៈ​ច្រើន​ផងដែរ ព្រោះ​វា​អាច​ទទួលផល​ពី​ការចិញ្ចឹម​នេះ​បាន​ច្រើន​ក្នុងការ​ចិញ្ចឹម​មួយ​លើកៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួរ​យ៉ាង​ដូចជា លោក​ ទុយ សុខ​មាន ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​សំរោង បាន​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​នេះ​ប្រមាណ​ជាង​១០ឆ្នាំ​មកហើយ ហើយ​សព្វថ្ងៃ​លោក​ក៏នៅតែ​ប្រកប​របរ​ចិញ្ចឹម​ត្រីប្រា​ដូច​មុន​ដដែល​។​ នៅក្នុង​ឆ្នាំនេះ លោក​បានដាក់​ចិញ្ចឹម​ត្រី​ប្រា​ចំនួន​សរុប ៦០០០០​ក្បាល ក្នុង​ស្រៈដែលមាន​ផ្ទៃដី​ទទឹង​៦០​ម៉ែត្រនិង​បណ្តោយ​៨០​ម៉ែត្រ​។​

ជួប​ជាមួយ​«កម្ពុ​ជាថ្មី» លោក​ ទុយ សុខ មានបាន​ប្រាប់​ឲ្យ​ដឹងថា មុខរបរ​ចិញ្ចឹម​ត្រី​តាម​ស្រៈ​នេះ​ វា​មិន​សុទ្ធ​តែ​ទទួលបាន​ជោគជ័យ​ទាំងអស់​នោះទេ​នៅក្នុង​១​ឆ្នាំៗនោះ អ្នកខ្លះ​ទទួលបាន​ផល​ច្រើន រីឯ​អ្នក​ខ្លះទៀត​ទទួលបាន​ផល​តិច​តាម​ដែល​យើង​មើលថែរ​វា​បាន​ដិតដល់ យ៉ាងណា​ក៏ដោយមាន​ប្រជាពលរដ្ឋ​ច្រើន​គួរសម​ដែរនៅ​ចង់​បំពេញតម្រូវការ​ផ្នែក​កសិកម្ម​មួយនេះ ហើយ​បាន​ព្យាយាម​ចិញ្ចឹម​ត្រីប្រភេទ​ខុសៗ​គ្នា​តាម​ដែល​ខ្លួន​បានដឹង​តៗ​គ្នា​ និង​សិក្សា​កន្លងមក​។

លោក​ប្រាប់​ឲ្យ​ដឹង​ទៀតថា ការចិញ្ចឹម​កូន​ត្រី​មានការ​លំបាក និង​ត្រូវ​ការថែទាំ​ច្រើនមុននឹង​វា​គ្រប់​អាយុ​ពី​៣​ទៅ​៤​ខែដែល​អាច​ឲ្យ​យើង​លក់​ចេញ​បាន​នោះ​។​ ការ​មើលថែ​ត្រី​មិនមែន​ត្រឹមតែការអោយ​ចំណី​ត្រី​មួយថ្ងៃ​ពីរដង​គឺ​ចប់​នោះទេ គឺ​យើង​ត្រូវ​តាមដាន​មើល​វា​ថា​តើ​ត្រី​ទាំងនោះមាន​អ្វី​ខុស​ប្រក្រតី​ដែររឺទេ ព្រោះ​ពេលខ្លះ​ត្រី​អាច​ឈឺ ឫ​ងាប់​ដែល​យើង​មិនដឹង​ក៏មាន​ដែរ​។​

លោក​បន្តថា នៅក្នុង​ការមើល​ឲ្យ​ដឹងថា ​ត្រី​ឈឺឬ​អត់​នោះ ទាល់តែ​អ្នកចេះ​មើល​ទើប​បានដឹង​ហើយ​ការងា​ទាំង​នេះ វា​ជា​អ្នក​បង្រៀន​យើង​ទេ​ដល់ពេល​យើង​ចិញ្ចឹម​វា​យូទៅ​យើង​អាច​ដឹង​ហើយ​ថា​ត្រី​នោះ​វា​អន់​ជាង​គេ ហើយ​ត្រី​ដែល​ខ្លួន​វា​មាន​ដំបៅ​គឺជា​ត្រី​ឈឺ​។ ពេលនោះ​យើង​ត្រូវ​ព្យាបាល​វាដោយ​លាយថ្នាំ​ក្នុង​ចំណីឲ្យ​វា​ស៊ី ​ខ្លះ​បើ​វា​ឈឺធ្ងន់ធ្ង​រជាងគេ ​ហើយក៏ងាប់ តែ​ខ្លះទៀត​វា​អាចជា​វិញ​បាន​ដូច​ធម្មតា​។ ហើយ​នៅពេល​ខ្លះ​មេឃ​ក្តៅ​ខ្លាំង​គ្មាន​ខ្យល់ហើយ​ភ្លាមៗ​ក៏មាន​ភ្លៀង​ធ្លាក់​មក​ពេលនោះ​ត្រី​នឹងពុល​ដោយសារ​ខ្វះ អុកស៊ីសែន​នេះ​ជាហេតុ​ដែល​អាច​បង្ក​អោយ​ត្រី​ងាប់​មាន​ចំនួន​ច្រើន​ក្នុង​រយះពេល​ដ៏ខ្លី​ក៏មាន​ដែរ​។​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ត្រី​ងាប់គេ​ត្រូវ​ទិញ​ដុំ​អុកស៊ីសែន​ដើម្បី​ឲ្យ​ត្រី​ដកដង្ហើម​បាន​។​

លោក​បន្ថែមថា គុណភាព​ទឹក​ពិតជា​សំខាន់​ខ្លាំងណាស់ក្នុងការ​ចិញ្ចឹម​ត្រី​នេះ បើសិនជា​យើង​មាន​ត្រី​ច្រើន​គុណភាព​ទឹក​ត្រូវតែល្អ​ ហើយ​យើង​ត្រូវការ​ទឹកគ្រប់គ្រាន់​ដើម្បី​បូម​វា​ចេញ​បូម​ចូល​។ ហើយ​យើង​មិនអាច​និយាយបានថា ទឹក​ប្រើប្រាស់​រាល់ថ្ងៃ​មាន​អុកស៊ីសែន​គ្រប់​គ្រាន់​សម្រាប់​ត្រី​នោះទេ​។ ឧទាហរណ៍ត្រី​ប្រា​ជា​ប្រភេទ​ត្រី​រឹងមាំ​ជាងគេ​និង​អាច​រស់នៅក្នុង​ទឹក​កខ្វក់ និង​ល្អក់​បាន​ជាង​ត្រី​ដទៃទៀតដែល​ត្រូវការ​ទឹកស្អាត​។​

លោក​បានលើកឡើង​ពី​ការយល់ច្រឡំ​ដែលអ្នក​ចិញ្ចឹម​ត្រី​ខ្លះ​តែងតែ​គិតថា ទឹក​ម៉ាស៊ីន​គឺជា​ទឹក​ល្អ​សម្រាប់​ត្រីប៉ុន្ដែ​លោក​បាន​ពន្យល់​ទៀតថា ពេលខ្លះទឹក​ពណ៌​បៃតង​មិនមែន​មានន័យថា វា​ជា​ទឹក​កខ្វក់​សម្រាប់​ត្រី​នោះទេ ប៉ុន្ដែ​វា​អាច​ល្អក់​ដោយសារតែ​ប្លង់តុង​ជាដើម​។​ ចំពោះ​ប្រូតេអ៊ីន​នៃ​ចំណី​របស់​ត្រីលោក​ពន្យល់ថា ចំណី​មួយចំនួន​មានតម្លៃ​ថ្លៃតែ​គុណ​ភាពល្អ ពីព្រោះ​វា​មាន​កម្រិត​ប្រូតេអ៊ីន​ច្រើន​បើ​ធៀបនឹង​ចំណី​ថោក​។ អ្នក​ចិញ្ចឹម​អាច​លាយ​ចំណីដោយ​ខ្លួនឯងបាន តែ​ត្រូវ​យល់​ពី​ប្រភេទ និង​ការប្រើប្រាស់​ចំពោះ​ចំណី​នីមួយៗ​ផងដែរ។​

បុរស​ដែលមាន​វ័យ​ជា​៥០​ឆ្នាំ​រូបនេះ​បន្តទៀតថា កាលពី​មិនទាន់​ប្រកបមុខរបរ​នេះ លោក​ជា​អ្នករត់ម៉ូតូឌុប​និងជា​អ្នកដាក់មង​ម្នាក់​ប៉ុណ្ណោះ ហើយ​កាល​ដំបូង​ឡើយលោកមិនដែល​នឹកនា​មាន​បំណង​ចង់​ធ្វើ​កសិកម្ម​អ្វី​ដែរ​ទេ​ព្រោះគ្មាន​ជំនាញ​សូម្បី​បន្តិច​អំពី​កសិ​កម្ម​ចិញ្ចឹម​ត្រី​នេះ​។​ គាប់​ជួន​ថ្ងៃមួយលោក​បាន​ចេញទៅ​រត់​ម៉ូតូ​ឌុប​ដូច​សព្វមួយដង ហើយ​បាន​ដឹក​អ្នក​ដែល​គេ​ចិញ្ចឹម​ត្រី​១​ថ្ងៃ​ពេញ នៅពេលនោះ​ក៏បាន​សួរនាំ​ពីនេះ​ពី​នោះ​ពីគ្នា​ទៅ​វិញ​ទៅមក ក៏​ធ្លាក់​ដល់​ការចិញ្ចឹម​ត្រី​នេះ​តែម្តង​។ ហើយក៏បានដឹង​តិចតួច​ក្នុងការ​ចិញ្ចឹម​ត្រី ខណៈ​នោះដោយ​ជឿជាក់ថា​ ខ្លួន​អាច​ប្រកប​របរ​នេះ​បាន​ទើប​ចាប់ផ្តើម​ពី​នោះ​រហូតមក​។​

លោក​ សុខ​មាន បាន​ប្រាប់ទៀតថា កាល​លោក​ចាប់ផ្តើម​ចិញ្ចឹម​ដំបូង​មិនសូវមានដើមទុន​សម្រាប់​ចំណាយ​ច្រើន​នោះទេ ​ហើយ​ថែមទាំងជួល​ស្រៈ​គេ​ថែមទៀត​។​ ដំបូង​ឡើយ​ដោយសារតែ​ត្រូវអោយ​ចំណី​ត្រី​អស់​ច្រើន​ក្នុង​មួយថ្ងៃៗ លោក​នៅតែ​ប្រកប​របរ​ដាក់មង​និង​រត់​ម៉ូតូឌុប​ជា​រៀង​រាល់ថ្ងៃ​ដែល​អាច​រកប្រាក់​បាន​គ្រាន់​ទប់​គ្នាដែរ កុំ​ឲ្យ​ចំណាយ​ច្រើនពេក​។ ព្រោះ​ក្នុង​១​ថ្ងៃ​បើ​ត្រី​ធំ​ជិត​បាន​លក់​ចំណាយ​ប្រមាណ​២០​ទៅ​៣០​ម៉ឺន​រៀល​ឯណោះ​។ ចំណែក​ប្រាក់​មួយចំនួនទៀត​ គឺ​បានមក​ពីអ្នករកស៊ី​ទិញដូរ​ត្រី​ម្នាក់​ដោយ​សន្យា​ជាមួយ​គេថា ពេល​ត្រី​លោកធំ​ល្មម​អាច​លក់បានលោក​នឹង​លក់​ឲ្យ​ទៅ​អ្នក​ដែល​អោយប្រាក់លោក​ខ្ចី​នោះ​។​

លោក ​ទុយ សុខ​មាន ដែលមាន​កូន​៣​នាក់​ក្នុង​បន្ទុកគ្រួសារបាន​ទទួលស្គាល់ថា ទោះជា​មានការ​ចំណាយ​ប្រាក់​ច្រើន​ចំពោះមុខរបរ​ចិញ្ចឹម​ត្រី​នេះ​យ៉ាងណា​ក៏ដោយក៏វា​បានធ្វើអោយ​លោក​មាន​ជីវភាព​ធូ​ធារ​ជាង​មុន ដោយ​លែង​ដាក់មង​និង​រត់​ម៉ូតូឌុប​ទៀតហើយ និងបាន​ទិញ​ស្រះ១​ផ្ទាល់​ខ្លួនឯង​ផងដែរ​។ បើ​យើង​មាន​ស្រះ​ទំហំ​ទទឹង​៦០​ម៉ែត្របណ្តោយ​៨០​ម៉ែត្រអា​ចរក​ចំណូល​ពី​ការលក់​ត្រី​បាន​ប្រមាណ​ជា​១​ម៉ឺនដុល្លារក្នុង​មួយឆ្នាំ​ប្រសិនបើ​ត្រី​ដែល​យើង​ដាក់​ចិញ្ចឹម​នោះមិន​ងាប់​ច្រើន​។​

នា​ប​ច្ចុប្ប​ន្ន​នេះ បើទោះជា​មាន​បញ្ហា​ខ្លះៗ​ខាង​ផ្នែក​ថវិកា​ ក៏លោក​នៅតែ​សង្ឃឹមថា​នៅតែ​អាច​រកប្រាក់​បាន​ពី​ការចិញ្ចឹម​ត្រី​នេះ​ទៅ​ថ្ងៃ​អនាគត​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម