ព័ត៌មានជាតិ
វិស័យវារីវប្បកម្មធ្លាក់ចុះដោយសារថ្លៃដើមខ្ពស់កសិករកាត់បន្ថយការចិញ្ចឹម
បច្ចុប្បន្នវិស័យវារីវប្បកម្ម មានដំណើរការមិនសូវល្អនោះទេ ដោយសារតម្លៃថ្លៃដើមកើនឡើងខ្ពស់ ចំណីឡើងថ្លៃ កសិករកាត់បន្ថយការចិញ្ចឹម ការផលិតក៏មានការធ្លាក់ចុះផងដែរ។ កត្តាទាំងអស់នេះ គឺទទួលរងឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្ដិសមាគមវារីវប្បកម្មនៅកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ឡែមផូរ សុថាវរិទ្ធិ បានឱ្យដឹងថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ត្រីនៅលើទីផ្សារក្នុងស្រុកមិនទាន់បានគ្រប់គ្រាន់នៅឡើយ ពោលគឺបានមួយផ្នែកប៉ុណ្ណោះ។ លោកបន្តថា « សព្វថ្ងៃត្រីមួយចំនួនដែលយើងផលិតបានឡើងទីផ្សារ មានដូចជា ត្រីពោ ត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីឆ្តោ …ហើយត្រីដែលនាំចូល ដើម្បីបំពេញតម្រូវការ មានមកពីវៀតណាម ដូចជា ត្រីរ៉ស់ ត្រីកាហែ ត្រីប្រា និងនាំចូលពីថៃ មានត្រីប្រា ត្រីទីឡាព្យា និងត្រីកន្ធរ ជាដើម»។

ទាក់ទិននឹងតម្លៃត្រីចាប់ពីស្រះ រួមមាន ត្រីប្រា មានតម្លៃ ៤៧០០ ដល់ ៥៥០០ រៀល ក្នុងមួយគីឡូ, ត្រីពោ ៨០០០ ទៅ ៨៥០០ រៀល។ ត្រីឆ្ពិន តម្លៃ ៨០០០ រៀល ដល់ ១២០០០រៀល, ត្រីឆ្តោរ ៩០០០ ដល់ ១២០០០ រៀល, ត្រីអណ្តែង ៤៥០០ ទៅ ៦០០០ រៀល។ តម្លៃត្រីមួយគីឡូ ខុសគ្នា អាស្រ័យលើគុណភាព និងទំហំ នៅពេលចាប់ចេញពីស្រះ។ នេះជាការបញ្ជាក់របស់លោក សុថាវរិទ្ធិ។

លោកបានបន្ថែមថា កាលមុនវិបត្តិកូវីដ-១៩ ការចិញ្ចឹមរបស់កសិករអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានល្អប្រសើរ ប៉ុន្តែក្រោយវិបត្តិកូវីដនេះ កសិករខ្លះបានបោះបង់ការចិញ្ចឹម ធ្វើឱ្យវិស័យវារីវប្បកម្មកាន់តែធ្លាក់ចុះមួយកម្រិតទៀត។
ប្រធានគណៈកម្មការប្រតិបត្ដិសមាគមវារីវប្បកម្មនៅកម្ពុជា បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៩ សមាគមបានធ្វើការងារលើវារីវប្បកម្មបែបអាជីវកម្ម ដោយកត់សម្គាល់ឃើញថា ការចិញ្ចឹមត្រី និងសត្វទឹកជាច្រើនទៀត បានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការក្នុងស្រុក ដោយកាត់បន្ថយការនាំចូល។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺវារីវប្បកម្មកម្ពុជា មិនអាចផលិតជាប្រចាំខែបានទេ ពោលគឺការចិញ្ចឹម និងប្រមូលផលធ្វើបានទៅតាមរដូវ។ មានន័យថា រដូវដែលសម្រុកប្រមូលផល ធ្វើឱ្យត្រីចាល់លើសតម្រូវការ។ ប៉ុន្តែផុតពីររដូវនេះ គឺអស់ត្រីតែម្តង។

បញ្ហានេះ លោកថា ក៏ជាកំហុសកសិករផងដែរ ដែលខ្វះព័ត៌មានទីផ្សារ ដោយចិញ្ចឹមតាមការនឹកឃើញ។ លោក សុថាវរិទ្ធិ បានលើកឡើងទៀតថា ការធ្វើអាជីវកម្ម ត្រូវចេះមើលទីផ្សារជាមុន ហើយផលិតត្រូវធ្វើទៅតាមតម្រូវការទីផ្សារ។ ប៉ុន្តែកន្លងមក កសិករចិញ្ចឹមមិនបានមើលទីផ្សារ និងរៀបចំផែនការច្បាស់លាស់នោះទេ ដែលធ្វើឱ្យលើសទីផ្សារពេលប្រមូលផល។
ដើម្បីរួមចំណែកក្នុងវិស័យនេះ សមាគមវារីវប្បកម្ម បានបើកវគ្គសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសវារីវប្បកម្ម ដែលផ្ដោតសំខាន់ទៅលើកការចិញ្ចឹមបែបអាជីវកម្ម ដោយមានការអនុវត្តន៍ផ្ទាស់លើបច្ចេកទេស និងផ្លាស់ប្ដូរចំណេះដឹងគ្នាទៅវិញទៅមក។ លើសពីនេះទៀត សមាគមក៏នឹងជួយណែនាំបន្ថែមទៅលើការសិក្សាអំពីតម្រូវការទីផ្សារ និងការរៀបចំគម្រោងសម្រាប់កសិដ្ឋានឱ្យស្របតាមស្ដងដារបច្ចេកទេសផងដែរ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoឃាត់ខ្លួនមនុស្ស ១០នាក់ ទាំងម្ចាស់ទីតាំង ២នាក់ សង្ស័យផ្តល់កន្លែងលួចលាក់ឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ


