Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសា​បារាំង នាឆ្នាំ២០២៦ ខាងមុខនេះ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា(NBC) នឹងរៀបចំកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) នាឆ្នាំ២០២៦ ខាងមុខនេះ ដែលនឹងមានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលនៃបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបណ្ឌិត ជា សិរី ទេសភិបាល NBC បានសរសេរនៅលើបណ្តាញសង្គមផ្លូវការ​របស់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈថា លោកស្រីបានជូបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃធនាគារកណ្តាលបារាំង ដោយលើកឡើងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦

លោកស្រីបណ្ឌិតបានលើកឡើងថា៖«ជួបជាមួយ លោក Latouche តំណាងធនាគារកណ្តាលបារាំងប្រចាំ អាស៊ីប៉ាស៊ីហ្វីក នឹងក្រុមការងារ ដើម្បីពិភាក្សា កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលយើងទាំង២។ ជាពិសេសយើងក៏បានពិភាក្សាពីការត្រៀមរៀបចំកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាលមកពីប្រទេសនិយាយភាសាបារាំង នាឆ្នាំ២០២៦ ខាងមុខនេះ ដែលធនាគារជាតិនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។  ​

កិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី៣០ ត្រូវធ្វើឡើងកាលពីថ្ងៃទី៣០ ដល់៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ីក ខណៈដែលលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ។

សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនក្នុងឆ្នាំ២០២៤នោះ មានវត្តមានចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលចំនួន ២០ នៃប្រទេសចំនួន ៤០ នៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក និងអាស៊ី។

ដោយអង្គប្រជុំបានពិភាក្សាលើការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងស្ថានភាពមិនប្រាកដប្រជា និងមានហានិភ័យក៏ដូចជាដំណើរវិវដ្តថ្មីៗ; ការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ; ការបែងចែកភូមិសាស្ត្រនយោបាយ; ការពង្រឹងសុវត្ថិភាពសាយប័រ; និង   ឯករាជ្យភាពរបស់ធនាគារកណ្តាល។ នេះបើយោងតាម NBC។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរីក៏បានចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរួមចំណែកក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចូលរួមក្នុងបណ្តាញថ្នាក់តំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងហិរញ្ញវត្ថុបៃតង, ការអនុវត្តគោលការណ៍គាំទ្រការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រព័ន្ធធនាគារ និងការវិនិយោគទុនបម្រុងអន្តរជាតិលើសញ្ញាបណ្ណបៃតង ជាដើម។

លោកស្រីបណ្ឌិតក៏បានលើកមតិយោបល់ ក្នុងការជំរុញឱ្យមានការចូលរួមបន្ថែមទៀតរបស់មូលនិធិនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ក្នុងការគាំទ្រផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងពង្រឹងកិច្ចសហការនិងសាមគ្គីភាពលើការគាំទ្រគម្រោងវិនិយោគបៃតង ដោយការទិញសញ្ញាបណ្ណបៃតងទៅវិញទៅមកជាដើម។

កិច្ចប្រជុំហ្វ្រង់កូហ្វូនត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូន និងផ្លាស់ប្តូរយោបល់ ក៏ដូចជាបទពិសោធន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងធនាគារកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម