Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាអត់ការងារធ្វើ​នៅថៃ កើនឡើង ជាពិសេសអ្នកទើបបញ្ចប់ការសិក្សា

បានផុស

នៅ

អត្រាអ្នកអត់ការងារធ្វើនៅ​ថៃកំពុង​កើនឡើង ជាពិសេស​អ្នកទើប​បញ្ចប់ការសិក្សា​ ដែល​បន្ថែម​បន្ទុកសេដ្ឋកិច្ច ដែល​កំពុង​ដើរអូសជើង​រួចស្រាប់ទៅហើយ​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ​ (NESDC) ​ភាគច្រើននៃបុគ្គលដែលគ្មានការងារធ្វើនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤​ គឺជានិស្សិតទើប​បញ្ចប់ការសិក្សាថ្មី ដែលមានអាយុចន្លោះពី ២០ ដល់ ២៤​ ឆ្នាំ។

​របាយការណ៍ដដែល​បង្ហាញថា​ មនុស្ស ៣៦០ ០០០ នាក់ ​គ្មាន​​ការងារធ្វើនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ ពោលគឺកើនឡើង ៨,៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ អត្រាគ្មានការងារធ្វើប្រចាំឆ្នាំ បានកើនឡើងដល់ ០,៨៨ ភាគរយ ធៀប​នឹង​កំណើន ០,៨១ ភាគរយ នៅឆ្នាំ ២០២៣។ ​

NESDC បាននិយាយយ៉ាងដូច្នេះថា​៖ «ក្រុមអ្នកអត់ការងារធ្វើច្រើនជាងគេ គឺនិស្សិតបញ្ចប់ការសិក្សាថ្មីៗដែលមានអាយុពី ២០-២៤ ឆ្នាំ រួមទាំងអ្នកដែលមានបទពិសោធន៍ការងារពីមុន និងអ្នកដែលចូលបម្រើការងារជាលើកដំបូង»។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា កម្មករដែលមានបទពិសោធន៍ជាច្រើននាក់ដែលក្លាយជាអ្នកអត់ការងារធ្វើ ​បាន​ធ្វើការក្នុង​វិស័យផលិតកម្ម និងលក់ដុំ/លក់រាយពីមុ​ន​មក​។

យ៉ាងណាមិញ ទោះបីជាមាន​កំណើន​នៃភាពអត់ការងារធ្វើក៏ដោយ ក៏អត្រាការងារសរុបក្នុងឆ្នាំ ២០២៤​ នៅតែមានស្ថិរភាពត្រឹម ៩៨,៦ ភាគរយ​។ ប៉ុន្តែ​ ចំនួនសរុបនៃបុគ្គលដែលមានការងារធ្វើ បានធ្លាក់ចុះបន្តិចមកត្រឹម ៣៩,៨ លាន​នាក់ ដោយធ្លាក់ចុះ ០,៣ ភាគរយ ពីឆ្នាំ ២០២៣​។ ​

អ្នកជំនាញ​មើលឃើញ​ថា​ កំណើន​អត់ការងារធ្វើ​នៅថៃ គឺជា​បន្ទុកសេដ្ឋកិច្ចដ៏ធំមួយ​សម្រាប់ប្រទេស​ ដែល​កំពុងប្រឈមមុខនឹង​កម្សោយ​តម្រូវការ/ការចំណាយរបស់អ្នកប្រើប្រាស់ បំណុលគ្រួសារខ្ពស់ និង​ការបិទរោងចក្រជាដើម។ បញ្ហា​នេះ ជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​កំណើនសេដ្ឋកិច្ច​ដើរអូសជើង​របស់​ប្រទេស​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម