Connect with us

សេដ្ឋកិច្ច

តម្លៃមាសនឹងធ្លាក់ចុះវិញ ខណៈអាមេរិកបន្ទន់ជំហរពន្ធ​ជាមួយចិន

បានផុស

នៅ

តម្លៃហាងឆេងមាសកំពុងស្ថិតនៅ ៣៣៤៧ ដុល្លារ ក្នុងមួយអោន ស្មើនឹង ៤០៣២ ដុល្លារ ក្នុងមួយតម្លឹងដែលជាតម្លៃទ្រឹង បន្ទាប់ពីធ្លាក់ចុះជាង ២០០ ដុល្លារ កាលពីថ្ងៃទី ២៣ ខែមេ​សា ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានបង្ហាញជំហរចរចាជាមួយចិនអំពីបញ្ហាពន្ធគយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុ​ជាថ្មីនៅថ្ងៃសុក្រ ទី ២៥ ខែមេសា នេះថា៖« ពេលដែលសហរដ្ឋអាមេរិកបង្ហាញ​ជំហអនុ​គ្រោះ​បន្ធូរ​បន្ថយពន្ធដល់ប្រទេសចិន តម្លៃហាង​ឆេង​មាសមានការធ្លាក់ចុះតាំងពីថ្ងៃ​ដែលគាត់​ប្រ​កាស រហូតដល់ជាង ២០០ ដុល្លារ ហើយបើសិនចំណុចនេះ នៅតែប្រ​សើរ ក្នុងការ​ព្រម​ព្រៀង​​ផ្លូវ​ការកំណត់ពន្ធណាមួយរវាងអាមេរិក និងចិន តម្លៃមាសនៅបន្តចុះទៀត ប៉ុន្តែឥឡូវនេះ ហាង​ឆេងមាសនៅទ្រឹងរង់ចាំស្ថានភាពអ្វីមួយ»។

តម្លៃមាសអន្តរជាតិ​បានធ្លាក់ចុះ​ជាង ១ ភាគរយ សម្រាប់ការជួញដូរ​កាលពីថ្ងៃពុធ ក្រោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា លោកគ្មាន​គម្រោងបណ្ដេញប្រធាន​ធនាគារ​កណ្ដាល​សហ​ព័ន្ធចេញពីដំណែង ខណៈបន្ទន់ជំហរដាក់ចិនដោយ​ប្រកាសពីលទ្ធភាពទម្លាក់អត្រាពន្ធ។

អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងខណៈទំនុកចិត្តទីផ្សារ​ហិរញ្ញវត្ថុ​មាន​ភាពប្រសើរឡើង ក្រោយ​លោក ត្រាំ និយាយថា លោកគ្មាន​គម្រោងបណ្ដេញលោក Jerome Powell ចេញពីដំណែងនោះទេ បន្ទាប់ពីលោកបាន​រិះគន់ខ្លាំងៗ​លើប្រធានធនា​គារកណ្ដាល​អាមេរិករូបនេះ​ ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹម​នឹង​នោះ លោក ត្រាំ ក៏បង្ហាញពីការបន្ទន់ជំហរក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយ​ប្រទេសចិន​ ដោយ​លោករំពឹងពីការកាត់បន្ថយអត្រាពន្ធដែលលោកដាក់ជាគំហុក ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ចិន​។

មាស ដែលគេ​រាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព​ពេល​មាន​ភាពមិន​ប្រាកដប្រជា​ផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវ​បានជំរុញដោយការទិញរបស់បណ្ដា​ធនាគារកណ្តាលការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិយោគខ្លាំង។

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥​ តម្លៃមាសក្នុងស្រុកលក់ចេញ ៤០៩ ដុល្លារក្នុងមួយជី។ អាជីវករផ្សារធំថ្មីបានលើកឡើងថា ហាងឆេងមាសប្រែប្រួលឡើងចុះ ធ្វើឱ្យសកម្មភាពទិញ-លក់​ស្ងប់​ស្ងាត់ ទំនងប្រជាពល​រដ្ឋលក់​មាសអស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម