Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះ ៥% ក្នុងអត្រាប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងយ៉ាងស្ដួចស្ដើងពេល​បញ្ចប់ការជួញដូរនៅថ្ងៃសុក្រ និងធ្លាក់ចុះប្រមាណ ៥ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែកង្វល់សេដ្ឋកិច្ចពាក់ព័ន្ធនឹង​ពន្ធរបស់សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃប្រេង​ឆៅនាពេល​អនាគត ម៉ាក​ Brent បានបិទការជួញដូរ​នៅតម្លៃ ៦៦,៥៩ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ១៦ សេន ខណៈតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បិទការជួញដូរ​នៅតម្លៃ ៦៣,៨៨ ដុល្លារ/បារ៉ែល ដោយគ្មាន​ការប្រែប្រួល។

យ៉ាងណាមិញ គិតក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បាន​ធ្លាក់ចុះ ៤,៤ ភាគរយ ខណៈប្រេង​ម៉ាក WTI ធ្លាក់ចុះ ៥,១ ភាគរយ ធៀប​នឹង​តម្លៃបិទការជួញដូរ​នៅថ្ងៃសុក្រសប្ដាហ៍មុន។ ​

ការជួញដូរ​នៅថ្ងៃសុក្រប្រទាញប្រទង់គ្នាជុំវិញ​លទ្ធភាព​នៃការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ​រួមទាំងសម្ពាធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន បើមិនដូច្នេះទេ រុស្ស៊ីនឹង​រងទណ្ឌកម្មបន្ថែមទៀត។ លើសពីនេះ​ លោក ត្រាំ ក៏បាន​ដំឡើងពន្ធលើឥណ្ឌាដល់ ៥០ ភាគរយ ចំពោះការទិញប្រេងរុស្ស៊ី។

សម្រាប់ការជួញដូរ​ប្រចាំសប្ដាហ៍ តម្លៃប្រេង​ធ្លាក់ចុះដោយសារតែការចូលជាធរមាន​នៃពន្ធខ្ពស់របស់លោក ត្រាំ កាលពីថ្ងៃ ៧ សីហា ដែល​បង្កជាកង្វល់សេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។ តម្លៃប្រេងក៏ធ្លាក់ចុះផងដែរ ដោយ​សារ​តែ​គម្រោង​បង្កើនផលិតកម្មប្រេងប្រចាំខែកញ្ញា​របស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម