Connect with us

ព័ត៌មានអន្ដរជាតិ

កសិករថៃចាក់ផ្លែទន្លាប់​ចោល ដោយសារតម្លៃថោកខ្លាំង ​ព្រោះខ្សត់អ្នកទិញ

បានផុស

នៅ

កសិករ​នៅក្នុងខេត្តឈៀងម៉ៃ នៃប្រទេសថៃ បាននាំគ្នាចាក់​ផ្លែទន្លាប់ដែលប្រមូលផល​​រួចចោល ដោយសារតែតម្លៃធ្លាក់ចុះខ្លាំង ហើយមិនសូវមានអ្នកទិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត ​Thai PBS កាលពីចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះ​ជួនគ្នាទៅនឹង​និន្នាការធ្លាក់ចុះនៃតម្លៃផ្លៃឈើថៃ ដោយសារតែកំណើនទិន្នផល និងកម្សោយតម្រូវការទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្រោយ​ពេលកម្ពុជាបិទការនាំចូលបន្លៃផ្លែឈើថៃ។

កសិករដាំទន្លាប់ថៃ បាន​​ត្អូញត្អែរ​ថា តម្លៃ​ផ្លៃទន្លាប់នៅ​ឆ្នាំ​នេះបាន​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​នៅ​ត្រឹម​តែ ៤-៥ បាត​/​គីឡូក្រាម (៥-៦ រយរៀលខ្មែរ/គីឡូក្រាម) ខណៈថ្លៃ​កម្លាំង​ពលកម្ម​សម្រាប់បេះ​ផ្លែឈើ ​​​​ជាមធ្យមគឺ ២ បាត​​/​គីឡូក្រាម។ ​​បូក​បញ្ចូល​ទៅ​នឹង​ថ្លៃ​ដឹក​ជញ្ជូន​ពី​​ចម្ការ​ទៅ​ទីផ្សារ​ទៀត កសិករថៃមិន​ចំណេញអ្វីទាំងអស់។

​Thai PBS បាន​ដកស្រង់សម្ដីកសិករម្នាក់ ឈ្មោះ Busayarat Inthararacha ដែលនិយាយថា តម្លៃផ្លែទន្លាប់ឆ្នាំនេះ ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ កសិករដដែលថា កាលពីឆ្នាំមុនៗ ខ្លួនអាចលក់ទន្លាប់បានពី ២-៣ ឡាន/ថ្ងៃ ប៉ុន្តែឥឡូវ ២-៣ ថ្ងៃ លក់បានត្រឹម ១ ឡាន។ ​

លោកស្រី Busayarat បានបន្តទៀតថា កសិករផ្សេងៗទៀត ទុកផ្លែទន្លាប់ឱ្យស្អុយរលួយលើដើមចោល ដោយសារតែរកផលចំណេញមិនឃើញ បើជួលឱ្យគេបេះយកលក់។

ចំណែកឯលោក Wattana Songpornpaisal ដែលជាមេដឹកនាំក្រុមកសិករដាំ​ទន្លាប់​ខ្នាតធំនៅ​ឈៀងម៉ៃ បាន​​ប៉ាន់ស្មានថា កសិករអាចប្រមូលផលទន្លាប់ប្រហែល ៥០០ តោន ឆ្នាំនេះ ប៉ុន្តែរំពឹងថាអាចលក់ចេញត្រឹម ២០ ភាគរយ ប៉ុណ្ណោះ ដោយសារតែមិនសូវមាន​អ្នកទិញ។ លោកសង្ឃឹមថា រដ្ឋាភិបាល​នឹងមានវិធានការមួយចំនួន ដើម្បីជួយកសិករ។

មែនទែនទៅ កសិករដាំដើមឈើហូបផ្លែ​ផ្សេងៗទៀត​នៅបណ្ដា​ខេត្ត​ភាគ​ខាង​ជើងថៃ ​កំពុង​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​នៅ​ឆ្នាំ​នេះ។ ជាឧទាហរណ៍ តម្លៃស្វាយបានធ្លាក់ចុះមកនៅត្រឹម ៤-៥ បាត/គីឡូក្រាម ក្នុងរដូវប្រមូលផលពីខែមីនា ដល់ខែមេសា ខណៈ​តម្លៃ​ផ្លែមៀនគុណភាពខ្ពស់ ធ្លាក់ចុះមកនៅត្រឹម ៧-៨ បាត/គីឡូក្រាម ស្របពេលដែលតម្លៃផលិតកម្មមាន​រហូតដល់ទៅ ១០-១៥ បាត/គីឡូក្រាម។

មិនមានសេចក្ដីរាយការណ៍ជាក់លាក់ណាមួយដែលនិយាយថា តម្លៃផ្លែទន្លាប់ថៃធ្លាក់ចុះដោយសារតែការបិទការនាំចូលបន្លែផ្លែឈើថៃរបស់កម្ពុជា ពាក់ព័ន្ធនឹង​ភាពតានតឹងព្រំដែននោះទេ។ យ៉ាងណាមិញ សារព័ត៌មាន​​ថៃជាច្រើន​ បាន​រាយការណ៍នាពេលកន្លងមក​ថា តម្លៃផ្លែឈើក្នុងស្រុករបស់ខ្លួនដូចជាផ្លែមៀន ​គូលេន និងមង្ឃុត បានធ្លាក់ចុះខ្លាំងដោយសារតែចំណាត់ការរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កសិករ​​ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម