Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​បានកើនឡើងដល់ជិត ​៤៦០០ ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បន្ត​បំបែក​កំណត់ត្រា​ថ្មី​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មិនធ្លាប់មាន​ ដោយ​បានហក់ឡើងដល់ជិត ៤៦០០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃច័ន្ទទី ​២៩ ខែកញ្ញា ​ឆ្នាំ ២០២៥ ដោយ​សារ​អាមេរិក​ត្រៀម​កាត់បន្ថយ​អត្រា​ការប្រាក់​បន្ថែមទៀត នៅ​ដំណាច់​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​បានលើកឡើងនៅថ្ងៃច័ន្ទនេះថា ស្របពេលដែលពិភពលោកកំពុងតែមានភាពមិនប្រកដប្រជា ពាក់​ព័ន្ធ​ជាមួយពាណិជ្ជកម្ម ពាក់ព័ន្ធជាមួយទំនាក់​ទំនង ​និងបច្ចេកវិទ្យាមួយចំនួនផងដែរ​បានរុញ​ច្រានឱ្យតម្លៃមាសបន្តស្ទុះឡើង​។​

លោក ឡុង សំណាងបន្ថែមថា​ ពាក់ព័ន្ធជាមួយ​នឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ដោយសារតែពេលវេលា​នៅ​សល់ខ្លី ​នៅក្នុងឆ្នាំ ២០២៥ ហើយនៅសល់ការកាត់បន្ថយអត្រាការប្រាក់ ២ ដងទៀត នៅ​ឆ្នាំ​នេះ បន្ទាប់ពីកាត់នៅថ្ងៃទី ១៨ ខែកញ្ញា ហើយគ្រោងនឹងកាត់ ២ ដង​ទៀត ធ្វើ​ឱ្យ​គេគិតថា ជា​ឱកាស​ក្នុង​ការ​ទិញមាសគឺល្អ ដោយសារ​តែប្រាក់ដុល្លារនឹងធ្លាក់ថ្លៃ។​

​លោក ឡុង សំណាង យល់ឃើញថា៖ «មុនពេលការកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៨ ខែ​កញ្ញា ​ឆ្នាំ ២០២៥ ​តម្លៃមាស​មានការកើនឡើងខ្លាំង ​ដោយសារ​តែឥទ្ធិពលនៃការបុកទិញច្រើន​លើ​តម្លៃ​ហាងឆេងមាស ហើយបន្ទាប់មកគឺមានការធ្លាក់ចុះបន្តិច ជាពិសេសគឺយប់ថ្ងៃ ១៨ ចំណុចនេះ គឺ​ធនា​គារ ឬវិនិយោគិនជាច្រើន​គេកាត់យកផលចំណេញ គេលក់ចេញដើម្បី​យកផល​ចំណេញ»។

​គិតត្រឹមម៉ោង ​៩៖៤៥ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ មាសកំពុងជួញដូរក្នុងតម្លៃ ៤៥៧០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងនៅតាមបណ្ដារហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៥៦ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម