ជាការពិតសម្រាប់មហាជននិងយុវវ័យខ្មែរ ដែលនិយមតាមដានរឿងរ៉ាវតារាក្នុងស្រុកច្បាស់ជាស្គាល់តារាប្រុសល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោក យឿង សូត្រអនុស្សាវរីយ៍។ អនុស្សាវរីយ៍ ជាតារាចម្រៀង ដែលប្រចេញពីការប្រឡងកម្មវិធីពេជ្រកំពង់ច្នៃរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។
ដោយសារមានឱកាសគួបផ្សំនិងទឹកដមសំឡេងល្អផងនោះ អនុស្សាវរីយ៍ទោះបីមិនបានក្លាយជាម្ចាស់ពានក្នុងកម្មវិធីខាងលើក្តី តែលោកក៏ត្រូវបានការជួយជ្រោមជ្រែងពីសំណាក់បងធម៌ ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូប គឺលោក សុន រដ្ឋា ជួយបើកផ្លូវនិងតែងនៅពីក្រោយនៃភាពល្បីល្បាញដល់សព្វថ្ងៃតាមរយៈការនិពន្ធបទល្បីៗឲ្យច្រៀង នៅក្នុងផលិតកម្មសាន់ដេផងនោះ។
តាមការកត់សម្គាល់បទចម្រៀងល្បីៗជាច្រើនរបស់តារាចម្រៀងលោក អនុស្សាវរីយ៍ ដែលត្រូវបានទស្សនិកជនផ្ទុះគាំទ្រខ្លាំងនោះ គឺភាគច្រើនសុទ្ធសឹងជាស្នាដៃនិពន្ធរបស់លោក សុន រដ្ឋា ខណៈដែលកន្លងមកពុំសូវមានទស្សនិកជនឬអ្នកគាំទ្រណាម្នាក់បានដឹងឬចាប់អារម្មណ៍នោះឡើយ។ លោក សុន រដ្ឋា បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោកកំពុងផលិតបទចម្រៀងប្រចាំផលិតកម្មសាន់ដេ។
ថ្លែងប្រាប់កម្ពុជាថ្មីកវីនិពន្ធលោក សុន រដ្ឋា បានបង្ហើបថា ចំពោះការជ្រោមជ្រែងប្អូនធម៌ គឺលោកអនុស្សាវរីយ៍មិនធ្វើឲ្យខ្ញុំខកបំណងឡើយ ពោលគឺប្រើពេលប្រមាណ២ឆ្នាំប៉ុណ្ណោះ អាចប្រជែងបានកេរ្តិ៍ឈ្មោះល្បីគួរឲ្យកត់សម្គាល់ តាមរយៈស្នាដៃបទមួយចំនួន ដែលលោកបានតាក់តែងនិពន្ធឲ្យស្សាវរីយ៍ច្រៀង។
លោកថា បទចម្រៀងដែលមានស្ទុះគាំទ្រខ្លាំងតាំង ពីដំបូងដល់បច្ចុប្បន្ន ដែលជាស្នាដៃនិពន្ធរបស់ខ្លួននោះ គឺមានដូចជា, បទជើងមេឃពណ៌ខ្មៅ, ទីងមោង, ស្នេហាមេឃនឹងដី, ដង្កូវ, ឃើញដំរីជុះ នឹងដែលកំពុងមានការគាំទ្រខ្លាំងនាអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបទ ស្រមោច រួមទាំងបទល្បីៗជាច្រើនទៀតផង ផងដែរ។
សូមជម្រាបថា ចំពោះបទចម្រៀង ដែលអ្នកនិពន្ធ សុន រដ្ឋា បើកកកាយផលិតអំឡុងពេលមួយរយៈចុងក្រោយនេះឃើញថា កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនដោយការលេងឃ្លោងឃ្លាន័យធៀបចាក់ដោតដល់អ្នកស្តាប់ឲ្យចាប់អារម្មណ៍លើស្នាដៃរបស់អ្នកនិពន្ធរូបនេះ។ ជាក់ស្តែងបទ ស្រមោច ដែលកំពុងមានការចែករំលែកនេះជាដើម៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ គុយលី ឈានមួយកម្រិតទៀត រហូតនិពន្ធបទឲ្យខេម រាំលេងក្នុងឱកាសឆ្នាំថ្មីខាងមុខ