Connect with us

ព័ត៌មានអន្ដរជាតិ

សោកនាដកម្មនិងអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅបំផុត កំពុងកើតឡើងនៅ ស៊ូដង់

បានផុស

នៅ

អំពើប្រល័យពូជសាសន៍ថ្មី​បានកើតឡើងនៅប្រទេសស៊ូដង់ ដោយមានការសម្លាប់រង្គាលឥតក្តីមេត្តា ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបានប្រល័យដោយគ្មានទោសកំហុស ជាពិសេសកុមារដែលគ្នាមិនដឹងអី។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះក្នុងប្រទេសនេះបានផ្ទុះឡើងនៅខែមេសាឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF)។ RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ពួកគេ កំពុងតាមកម្ចាត់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។

តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃសៅរ៍ទី១ខែវិច្ឆិកាឆ្នាំ២០២៥ ពួកគេបានសម្លាប់ប្រជាជនដោយមិនរើសមុខនៅតាមមូលដ្ឋាន ដូចជានៅ Kordofan, North Darfur និង Tawila ខណៈតួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា មនុស្សជាង ១៥០ ០០០នាក់បានស្លាប់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ។

(រូបថត៖ Reuters)

ទង្វើរបស់ RSF គឺជា «អំពើប្រល័យពូជសាសន៍» ហើយតួលេខជនភៀសខ្លួន បានក្លាយជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។

ពលរដ្ឋមួយចំនួនបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ស្ថានភាពប្រៀបបាននឹងឋាននរក ពួកគេសឹងតែមិនអាចរត់គេចពីសេចក្តីស្លាប់បាន។ អ្នកខ្លះត្រូវយោធាឃុំខ្លួន ដើម្បីទារប្រាក់លោះចន្លោះពីជាង ៨ ០០០ទៅ ៥០ ០០០ដុល្លារអាមេរិក។ អ្នកខ្លះទៀតនិយាយថា ពួកគេឃើញយោធាធ្វើទារុណកម្មនិងសម្លាប់អ្នកទោស ដោយដាក់ឲ្យរថយន្តកិន។

(រូបថត៖ Reuters)

ទន្ទឹមនោះ បើយោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), សោកនាដកម្មដ៏សាហាវបំផុតមួយគឺបានកើតឡើងនៅថ្ងៃទី២៩ខែតុលា ពេលដែលក្រុមអ្នកប្រយុទ្ធ RSF ចូលមន្ទីរពេទ្យសម្ភព El-Fasher សម្លាប់មនុស្ស៤៦០នាក់។ យ៉ាងណា អ្នកនៅកន្លែងកើតហេតុប្រាប់ថា តួលេខមនុស្សស្លាប់ពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។ 

ជុំវិញបញ្ហានេះ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) លោក លោក Christian Lindmeier បានប្រាប់ទូរទស្សន៍ DW ថា ស្ថានភាពមនុស្សធម៌នៅទីក្រុងមួយទៀតគឺ El-Fasher កាន់តែអាក្រក់ទៅៗហើយ បន្ទាប់ពី RSF ដណ្ដើមបានទីក្រុងនេះ និងសម្លាប់ជនស៊ីវិលយ៉ាងរង្គាល។ លោកព្រមានថា ស៊ូដង់កំពុងជួបប្រទះវិបត្តិផ្ទួនៗក្នុងពេលដំណាលគ្នា រួមទាំងការផ្ទុះឡើងនៃជំងឺជាច្រើនផងដែរ។ ដូច្នេះពិភពលោក ត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅស៊ូដង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សជាង១៥០០នាក់ស្លាប់និងរាប់ម៉ឺននាក់ភៀសខ្លួន ដោយសារការប្រយុទ្ធគ្នានៅស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម