Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាមកម្ទេចឧស្សាហកម្មប្រេងនៅមជ្ឈិមបូព៌ា បើសង្គ្រាមជាមួយអាមេរិក ផ្ទុះឡើងជាថ្មី

បានផុស

នៅ

ដ្បិតប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់ បានចេញការព្រមានខ្លាំងៗថា ខ្លួននឹងកម្ទេចឧស្សាហកម្មប្រេងនៅមជ្ឈិមបូព៌ា បើផ្ទុះសង្គ្រាមបន្តទៀតជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់ Arab Times នៅថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦។

ការព្រមាននេះគឺចេញពីមាត់មេទ័ពនៃកងឆ្មាំបដិវត្តឥស្លាម (IRGC) លោក Majid Mousavi ដែលប្រកាសក្តែងៗថា ឧស្សាហកម្មប្រេងនៅក្នុងតំបន់ឈូងសមុទ្រ នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ហើយបើបណ្តាប្រទេសក្នុងតំបន់ អនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ពួកគេដើម្បីធ្វើការវាយប្រហារលើអ៊ីរ៉ង់។

លោកគំរាមថា៖ «ប្រសិនបើប្រទេសជិតខាងនៅភាគខាងត្បូង អនុញ្ញាតឲ្យសត្រូវប្រើប្រាស់មូលដ្ឋានរបស់ពួកគេដើម្បីវាយប្រហារអ៊ីរ៉ង់មែន ពួកគេគួរតែត្រៀមខ្លួននិយាយពាក្យលាទៅកាន់ការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ាឲ្យហើយទៅ»។

លោក Majid Mousavi (រូប៖ Press TV)

ការព្រមាននេះកើតឡើងស្របពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន ហើយបទឈប់បាញ់ថ្មីនេះនឹងបន្តរហូតដល់ការចរចាជាមួយទីក្រុងតេហេរ៉ង់ ត្រូវបានបញ្ចប់ ប៉ុន្តែនៅតែបន្តបិទខ្ទប់ផ្លូវទឹករបស់ទីក្រុងតេហេរ៉ង់។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់បែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ដោយលោកបង្ហោះសារថា៖ «ដោយផ្អែកលើអង្គហេតុថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំង ដែលវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេនោះ ហើយនិងតាមសំណើរបស់សេនាប្រមុខ Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានគេស្នើសុំឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេ អាចដាក់ចេញនូវសំណើដ៏ឯកភាពមួយ»។

យ៉ាងណា មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះអះអាងថា លោកបានបញ្ជាឲ្យកងទ័ពអាមេរិក បន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ហើយក្នុងទិដ្ឋភាពផ្សេងទៀត ត្រូវរក្សាការត្រៀមខ្លួន និងសមត្ថភាពឲ្យបានខ្ជាប់ខ្ជួន។ បទឈប់បាញ់ដែលត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ នឹងពន្យារពេល រហូតដល់ទីក្រុងតេហេរ៉ង់ ដាក់សំណើ ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់ មិនថាតាមផ្លូវណាមួយនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម