Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាមប្រើយុទ្ធសាស្រ្ត ដែលគ្រប់គ្នាឃើញហើយភ្ញាក់ផ្អើល បើអាមេរិក វាយប្រហារលើខ្លួន សាជាថ្មី

បានផុស

នៅ

ដ្បិតសហរដ្ឋអាមេរិក លែងប្រយុទ្ធទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ព្រោះតែមានបទឈប់បាញ់ក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់ នៅតែប្រុងជើងការខ្ពស់ និងចេញសារគំរាមជាបន្តបន្ទាប់ដាក់ទីក្រុងវ៉ាស៊ីនតោន ហើយឥឡូវ ​កងឆ្មាំបដិវត្តឥស្លាម (IRGC) ថែមទាំងព្រមានទៀតថា ខ្លួននឹងបើកការវាយប្រហារ ដោយប្រើយុទ្ធសាស្រ្តដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ប្រសិនបើសហរដ្ឋអាមេរិក ចាប់ផ្តើមប្រតិបត្តិការយោធា សាជាថ្មីមែន។

(រូប៖ Reuters)

បច្ចុប្បន្ន អាមេរិក-អ៊ីរ៉ង់ កំពុងស្ថិតក្នុងបទឈប់បាញ់មិនកំណត់ពេល ដ៏ផុយស្រួយមួយ ដែលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាស ក្រោយពេលបទឈប់បាញ់២សប្តាហ៍ដំបូង បានផុតកំណត់។

ក្រោយមក អាមេរិកតែងគំរាមប្រើកម្លាំងបាយ បើអ៊ីរ៉ង់រំលោភបទឈប់បាញ់ ជាពិសេស ជុំវិញការបើកច្រកសមុទ្រ Hormuz និងកម្មវិធីនុយក្លេអ៊ែរ តែម្តង ដែលត្រូវបានដាក់បញ្ចូល ក្នុងលក្ខខណ្ឌនៃបទឈប់បាញ់ និងជាចំណុចស្នូលនៃការចរចា។

(រូប៖ Reuters)

ទោះបែបនេះ ឥឡូវ បើតាមការផ្សាយរបស់ VN Express, មេបញ្ជាការរង ទទួលបន្ទុកផ្នែកនយោបាយកងទ័ពជើងទឹក នៃ IRGC លោក Mohammad Akbarzadeh បានថ្លែងក្នុងទីក្រុង Minab ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២៨ ខែមេសាថា៖ «ក្នុងករណី សហរដ្ឋអាមេរិក ធ្វើសកម្មភាពយោធាថ្មីណាមួយ ប្រឆាំងនឹងអ៊ីរ៉ង់នោះ យើងនឹងបង្ហាញឲ្យឃើញ នូវសមត្ថភាពប្រយុទ្ធថ្មីៗ។ ដើម្បីឆ្លើយតបនឹងការឈ្លានពានបែបនេះ កងទ័ពជើងទឹក IRGC នឹងប្រើប្រាស់យុទ្ធសាស្ត្រវាយឆ្មក់ ដែលនឹងបង្កការភ្ញាក់ផ្អើល រួមទាំងសមត្ថភាពកំណត់គោលដៅវៃឆ្លាតផងដែរ។

យ៉ាងណាក៏ដោយ លោក Akbarzadeh មិនបញ្ជាក់លម្អិតទេថាតើ យុទ្ធសាស្ត្រទាំងនោះ មានអ្វីខ្លះ?

(រូប៖ Reuters)

ការព្រមាននេះកើតឡើង បន្ទាប់ពី អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ Mohammad Akraminia ចេញមកអះអាងកាលពីថ្ងៃអង្គារ ថា ទីក្រុងតេហេរ៉ង់ នៅតែចាត់ទុកខ្លួនឯង ស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយសហរដ្ឋអាមេរិកដដែល ពោលគឺសង្គ្រាម​មិនទាន់ចប់ទេ គ្រាន់តែស្ងប់ស្ងាត់មួយរយៈ​ប៉ុណ្ណោះ។

លោក Akraminia បញ្ជាក់ថា អ៊ីរ៉ង់មិនដែលទុកចិត្តអាមេរិក និងសត្រូវឯទៀតឡើយ ហើយរាល់ថ្ងៃនេះ កងទ័ពអ៊ីរ៉ង់ នៅតែបន្តកំណត់គោលដៅវាយប្រហារ និងត្រៀមលក្ខណៈឲ្យបានហ្មត់ចត់បំផុត ហាក់បីដូចជាកំពុងស្ថិតក្នុងសមរភូមិពិតៗអ៊ីចឹង​ដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម