Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាម កម្ចាត់អ៊ីរ៉ង់ ឲ្យ រលាយបាត់ពីផែនដី បើហ៊ានវាយប្រហារ នាវាចម្បាំងអាមេរិក

បានផុស

នៅ

ស្ថានការណ៍ប្រែឡើងកម្តៅខ្លាំង និងតានតឹងជាថ្មី ក្រោយពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ​ប្រកាសបើកប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ដែលជាប់នៅច្រកសមុទ្រ Hormuz ហើយឥឡូវ មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គំរាមថា លោកនឹងកម្ចាត់អ៊ីរ៉ង់ ឲ្យរលាយបាត់ពីផែនដី បើហ៊ានវាយប្រហារនាវាចម្បាំងអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសជាមួយ Fox News ផ្សាយនៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំប្រទេសមហាអំណាចលេខ១លើលោកនេះ និយាយថា នៅក្នុង «គម្រោងសេរីភាព» បើអ៊ីរ៉ង់ ពិតជាហ៊ានបាញ់លើនាវាចម្បាំងអាមេរិកមែន ប្រទេសពួកគេនឹងត្រូវរលាយ ពីភពផែនដី ជាក់ជាមិនខានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ លោកត្រាំ ក៏សរសើរអ៊ីរ៉ង់ផងដែរ ថា ឥឡូវពួកគេស្រួលនិយាយគ្នាជាងមុន ក៏ព្រោះតែអាមេរិក មានធនធានយោធា ល្អជាង។

ការគំរាមរបស់លោកត្រាំ កើតឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ពីការបាញ់លើទូកអ៊ីរ៉ង់ចំនួន៧គ្រឿង នៅច្រកសមុទ្រ Hormuz ដែលព្យាយាមរារាំងប្រតិបត្តិការរបស់អាមេរិក។

ទូកល្បឿនលឿនរបស់អ៊ីរ៉ង់ (រូប៖ Reuters)

យោងតាមប្រមុខសេតវិមាន, កងទ័ពអាមេរិក បានប្រើឧទ្ធម្ភាគចក្រ ដើម្បីបាញ់កម្ទេចទូកទាំងនោះ ប៉ុន្តែរឿងនេះ ត្រូវបានអ៊ីរ៉ង់បដិសេធ។

សូមជម្រាបជាថ្មី អាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់ ដើម្បីទៅអមនិងជួយរំដោះកប៉ាល់ ដែលជាប់គាំងនៅច្រក Hormuz ឲ្យចេញមកបាន ដោយសុវត្ថិភាព។

លោក ត្រាំ បញ្ជាក់ថា កប៉ាល់ទាំងនោះ ភាគច្រើនជាកប៉ាល់បរទេ​សអព្យាក្រឹត ដែលមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនេះឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម