Connect with us

ព័ត៌មានអន្ដរជាតិ

តើ​ការ​រញ្ជួយ​ដី​ផ្ទួនៗ ក្នុងពេលមិន​ដល់​១នាទីផង ​​វាយ​ប្រហារ​នៅ​វ៉េណេស៊ុយ​អេឡា​ ជា​បាតុភូតអ្វី​?

បានផុស

នៅ

បាតុ​ភូត​រញ្ជួយដីដ៏កម្រ​មួយ ដែល​គេស្គាល់ថា ជាការរញ្ជួយ​ដីផ្ទួនៗ​ បាន​វាយ​ប្រហារ​ប្រទេសវ៉េណេស៊ុយអេឡា កាល​ពីថ្ងៃពុធ ពេល​​មាន​រញ្ជួយដីដ៏​ខ្លាំង​ពីរ​បាន​វាយប្រហារ​តំបន់តែមួយ​ក្នុងរយៈពេលតែ​ប៉ុន្មាន​វិនាទី​ពី​គ្នា​ប៉ុណ្ណោះ​។

យោង​តាមការស្ទង់ភូមិសាស្ត្រ​សហរដ្ឋ​អាមេរិក(USGS) ការ​រញ្ជួយដីលើក​ដំបូង​ មានទំហំ ៧.២រ៉ិចទ័រ បាន​វាយប្រហារ​នៅម៉ោង ២២:០៤ នាទី​យប់​ ដោយ​មាន​ចំណុច​កណ្តាល​ប្រហែល ២១គីឡូម៉ែត្រ​​ពី​​ភាគខាងលិចនៃ​ទីក្រុងឆ្នេរសមុទ្រ Morón ។ ត្រឹមតែ ៣៩វិនាទីក្រោយមក ការរញ្ជួយ​ដីលើកទីពីរ និង​ខ្លាំងជាង​​មុន​នេះ​ទៅទៀត មានទំហំ ៧.៥រ៉ិចទ័រ បាន​កើតឡើង​ នៅចម្ងាយប្រហែល ៤៥គីឡូ​ម៉ែត្រ​។

រញ្ជួយ​ដី​នៅ​វ៉េណេ​ស៊ុយ​អេឡា។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

USGS ពិពណ៌នា​អំពីព្រឹត្តិការណ៍នេះ​ថាជា «ការរញ្ជួយដីផ្ទួនៗ​»​ ដោយ​និយាយថា ការរញ្ជួយដីធំ​កម្រិត ៧.៥ រ៉ិចទ័រ បាន​កើតឡើង​មុនការរញ្ជួយដី​មុន​កម្រិត ៧.២ រ៉ិចទ័រ​តិចជាងមួយ​នាទីមុន។

ការ​រញ្ជួយដីដ៏ខ្លាំងក្លា​នេះ​បាន​ធ្វើឱ្យប្រជាជន​នៅទីក្រុងការ៉ាកាស​ប្រញាប់​ប្រញាល់ចេញ​ទៅតាមដងផ្លូវ ខណៈអគារនានា​បានរញ្ជួយ​នៅទូទាំងរដ្ឋធានីវ៉េណេស៊ុយអេឡា។

យ៉ាង​ណា​ក៏ដោយ ​អាជ្ញាធរមិនទាន់​បានបញ្ជាក់ពី​មហន្តរាយនេះដែលបណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ​ និង ការ​ខូច​ខាត​​កម្រិតណា​នោះទេ ដោយរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក Diosdado Cabello គ្រាន់តែ​បាន​រាយការណ៍ពីការខូចខាត​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​ជាច្រើន។

តើ​អ្វី​ទៅ​ជា​ការ​រញ្ជួយ​ដីផ្ទួនៗ? យោង​តាម​សារព័ត៌មាន Times Now World នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៦ នៅ​ក្នុងវិទ្យាសាស្ត្រ​រញ្ជួយ​ដី រញ្ជួយដីផ្ទួនៗ ​សំដៅ​ទៅលើការរញ្ជួយដីធំៗ​ពីរ​ដែលកើតឡើង​ក្នុង​តំបន់​តែ​មួយក្នុងរយៈពេល​ខ្លី ​និងមានទំហំ​ស្រដៀងគ្នាខ្លាំង។

ដំបូងឡើយ អ្នកវិទ្យាសាស្ត្រ​កំណត់អត្តសញ្ញាណ​ការរញ្ជួយដីផ្ទួនៗ ​ថា​ជា​ព្រឹត្តិការណ៍រញ្ជួយដីដាច់​ដោយឡែកពីគ្នា​ដែល​បង្កើតរលកស្ទើរតែដូចគ្នា​ពីទីតាំង​ដូចគ្នា។ ​សព្វថ្ងៃនេះ ពាក្យនេះត្រូវបានគេប្រើជា​ទូទៅសម្រាប់​លំដាប់​រញ្ជួយ​ដីសំខាន់ៗ​ពីរ ឬច្រើនមានកម្លាំងស្រដៀង​គ្នាកើតឡើង​​ក្នុង​ពេលវេលាជិតគ្នា។

ខណៈ​ការរញ្ជួយដី​បន្ទាប់បន្សំមាន​ទំនោរខ្សោយជាង​ការរញ្ជួយដី​ដំបូង ការរញ្ជួយដីផ្ទួនៗមានការរញ្ជួយធំៗ​ច្រើនដង​មានទំហំស្រដៀងគ្នា។ ទាំងនេះ​អាច​កើតឡើង​ក្នុងរយៈពេលប៉ុន្មាន​វិនាទី នាទី ឬសូម្បីតែច្រើនឆ្នាំ​ពីគ្នាទៅវិញទៅមក ​ប៉ុន្តែមកពី​ប្រព័ន្ធប្រេះស្រាំ ឬតំបន់​ដូចគ្នា។

គួរ​បញ្ជាក់​ថា លំដាប់នៃ​ការរញ្ជួយដី​នៅប្រទេសវ៉េណេស៊ុយអេឡា​គឺជាឧទាហរណ៍​មួយ​នៃ​រឿង​នេះ ពីព្រោះ​ការរញ្ជួយដីមុនកម្រិត ៧.២ រ៉ិចទ័រត្រូវ​បាន​បន្ត​ដោយការរញ្ជួយដី​សំខាន់​កម្រិត ៧.៥ រ៉ិចទ័រយ៉ាង​ឆាប់រហ័ស បង្កើតព្រឹត្តិការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំង​ពីរ​ ជា​ជាងការរញ្ជួយដី​ធំតែមួយ បន្ទាប់មក​ដោយការរញ្ជួយដីបន្ទាប់បន្សំតូចៗ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម