Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារ វ៉េណេស៊ុយអេឡា បង្កការបំផ្លិចបំផ្លាញ ឈានដល់ប្រកាសអាសន្ន រលកយក្សស៊ូណាមិ

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័រ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ឈានដល់ការប្រកាសអាសន្ន នៃរលកយក្សស៊ូណាមិ នៅកោះជាច្រើន ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យរង្គើដល់ប្រទេសកូឡុំប៊ី ឯណោះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC ដែលដកស្រង់ទិន្នន័យពីស្ថាប័នពិនិត្យភូមិសាស្រ្តអាមេរិក (USGC), រញ្ជួយដី វាយប្រហារតំបន់ Montalbán នៅម៉ោង ៦:០៤នាទីល្ងាច ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ (ពេលវេលានៅវ៉េណេស៊ុយអេឡា) ជាមួយជម្រៅ ១៣.២ គីឡូម៉ែត្រ។

ឥទ្ធិពលរបស់វា បានបង្កការបំផ្លិចបំផ្លាញ ជាពិសេសបណ្តាលឲ្យអគារមួយចំនួនក្នុងរដ្ឋធានី ការ៉ាកាស ញ័រនិងបាក់រលំ ក្នុងនោះអគារធនាគារ ក៏ត្រូវខូចខាតផងដែរ ប៉ុន្តែភ្លាមៗ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងរបួសទេ។

(រូប៖ Reuters)

ការព្រមានរលកយក្សស៊ូណាមិ ក៏ត្រូវបានប្រកាសនៅវ៉េណេស៊ុយអេឡា ព័រតូរីកូ និងកោះ British Virgin, Aruba និង Bonaire ផងដែរ។

ទន្ទឹមនោះ បើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello, តំបន់ធំៗមួយចំនួន ក៏ដាច់ចរន្តអគ្គិសនី និងអ៊ិនធើណិតផងដែរ ព្រោះតែរញ្ជួយដីនេះ។

(រូប៖ Reuters)

សូមជម្រាបថា ប្រទេសវ៉េណេស៊ុយអេឡា តែងកើតរញ្ជួយដី ដោយសារតែទីតាំងរបស់ខ្លួន ស្ថិតនៅលើតំបន់ព្រំប្រទល់ផ្លាកតិចតូនិច ដ៏សកម្មចំនួនពីរ គឺ Caribbean Plate និង South American Plate។ 

Caribbean Plate បានរំកិលខ្លួនទៅទិសខាងកើត ប្រហែល ២២ មិល្លីម៉ែត្រក្នុងមួយឆ្នាំ បើធៀបនឹងSouth American Plate។ ចលនារំកិលនេះ មិនមានភាពរលូនទេ ពោលគឺវា បង្កើតឲ្យមានការទាក់ទើស និងស្តុកកម្លាំងថាមពលយ៉ាងខ្លាំង។ 

ដូច្នេះ នៅពេលកម្លាំងសម្ពាធនោះឡើងដល់កម្រិតអតិបរមា វានឹងរអិលដាច់ចេញពីគ្នាភ្លាមៗ បង្កើតទៅជារលករញ្ជួយដី៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម