ព័ត៌មានអន្ដរជាតិ
វត្តមាន ត្រាំ នៅកិច្ចប្រជុំកំពូលណាតូក្នុងប្រទេសតួកគី ជះឥទ្ធិពលដល់ដំណើរការសន្តិភាពនៅហ្គាហ្សា
ការប្រកាសរំលាយគណៈកម្មាធិការគ្រប់គ្រងគ្រាអាសន្នរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន មុនពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ទៅដល់មជ្ឈិមបូព៌ា បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបត់សន្តិសុខថ្មីនៅមជ្ឈិមបូព៌ា បន្ទាប់ពីការផ្ទុះសង្គ្រាមជិត៣ឆ្នាំ។

ការប្រកាសរំលាយក្រុមនេះ កើតឡើងមិនដល់១ថ្ងៃនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំណាតូ ដែលមានសមាជិក៣២ប្រទេស ចូលរួម រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែកក្កដានេះ។
ការប្រយុទ្ធប្រដាប់អាវុធអស់រយៈពេលជិត៣ឆ្នាំរវាងក្រុមហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា និង អ៊ីស្រាអែល បានធ្វើឲ្យប្រសើរឡើង ដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈការផ្តូចផ្តើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ដែលមាន២០ចំណុច ក្នុងបំណងបញ្ចប់ជម្លោះដ៏រ៉ាំរៃនៅហ្គាហ្សា។
ការប្រកាសរំសាយនោះគឺជាជំហានដ៏សំខាន់១ឆ្លើយតបតាមការទាមទាររបស់អ៊ីស្រាអែល ដើម្បីឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់ហ្គាហ្សាដែលមានប្រជាជនប៉ាឡេស្ទីនប្រមាណ២,៤លាននាក់ ហើយ ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ប្រមាណ៦០ ទៅ៧០ភាគរយៈនៃតំបន់ហ្គាហ្សា។
ការប្រកាសរំលាយស្ថាប័នដ៏សំខាន់របស់ក្រុមហាម៉ាសដែលគាំទ្រដោយអ៊ីរ៉ង់នេះនឹងបើកផ្លូវឲ្យគណៈកម្មាធិការបច្ចេកទេសមួយដើម្បីអនុវត្តការគ្រប់គ្រងតាមបែបស៊ីវិលនៅតំបន់ហ្គាហ្សា ដែលត្រូវបានឡោមព័ទ្ធ និងបំផ្លិចបំផ្លាញដោយសង្គ្រាម។ នេះបើយោងតាម Al Jazeera។
ភ្លាមៗ ក្រោយការប្រកាសរំលាយក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សា ប្រទេសអារ៉ាប់ និងប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើន យ៉ាងហោចណាស់ប្រាំបី បានចេញសេចក្តីថ្លែងការណ៍រួមមួយស្វាគមន៍ការឆ្លើយតបរបស់ហាម៉ាសចំពោះសំណើសន្តិភាពហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងឆន្ទៈរបស់ខ្លួនក្នុងការប្រគល់រដ្ឋបាលហ្គាហ្សាទៅឱ្យគណៈកម្មាធិការបច្ចេកទេសអន្តរកាល។
ប្រទេសទាំង៨នោះ រួមមាន អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម តួកគី ប៉ាគីស្ថាន និង ឥណ្ឌូណេស៊ី។ រដ្ឋាភិបាលនៃប្រទេសទាំងនេះបានពិពណ៌នាអំពីការប្រកាសរំលាយក្រុមប្រដាប់អាវុធរបស់ហាម៉ាស ថាជាជំហានវិជ្ជមានមួយឆ្ពោះទៅរក ការបញ្ចប់សង្គ្រាម ការចាប់ផ្តើមការកសាងឡើងវិញ
និងចាប់ផ្តើមការចរចាលើការអនុវត្តផែនការសន្តិភាពដ៏ទូលំទូលាយមួយ។
ការប្រកាសដែលបានធ្វើឡើងនៅថ្ងៃចន្ទ (ត្រូវយប់ថ្ងៃចន្ទម៉ោងនៅកម្ពុជា) បានបង្ហាញពីការផ្លាស់ប្តូររបត់នយោបាយដ៏សំខាន់មួយដោយក្រុមហាម៉ាស ដែលបានគ្រប់គ្រងដែនដីហ្គាហ្សាអស់រយៈពេលជិត២ទសវត្សរ៍ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាស បានដណ្តើមការគ្រប់គ្រងពី ក្រុម Fatah ដែលជាចលនាប៉ាឡេស្ទីន គ្រប់គ្រងប៉ាឡេស្ទីនទាំងអស់ ក្នុងឆ្នាំ២០០៧ បន្ទាប់ពីក្រុមហាម៉ាសបានឈ្នះការបោះឆ្នោតនីតិបញ្ញត្តិក្នុងឆ្នាំ២០០៦។ យោងតាម Al Jazeera។
យោងតាម AFP មន្ត្រីហាម៉ាសម្នាក់ បាននិយាយថា ក្រុមនេះចង់បានការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់គណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្គាហ្សា (NCAG) ដែលជាស្ថាប័នមួយដែលមានភារកិច្ចត្រួតពិនិត្យការគ្រប់គ្រងនាពេលអនាគតរបស់ហ្គាហ្សា ក្រោមផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។
អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ហាម៉ាសបានចាត់វិធានការថ្មីមួយ ដោយខ្លួននឹងលែងទទួលបន្ទុកតំបន់ហ្គាហ្សាទៀតហើយ ដើម្បីលុបបំបាត់លេសណាមួយសម្រាប់ការកាន់កាប់ ដែលបន្តការឈ្លានពាន និងសង្គ្រាមសម្លាប់រង្គាលរបស់ខ្លួន»។
លោក និយាយថា៖ «យើងសង្ឃឹមថា [NCAG] នឹងចូលជាសមាជិកយ៉ាងឆាប់រហ័ស ហើយហាម៉ាសបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការប្រគល់ភារកិច្ចរដ្ឋាភិបាលទៅឱ្យគណៈកម្មាធិការ ដើម្បីធានាបាននូវភាពជោគជ័យរបស់ខ្លួន»។
ចាប់តាំងពី «បទឈប់បាញ់» ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែលបានចូលជាធរមាន នៅហ្គាហ្សាកាលពីខែតុលាឆ្នាំមុន ក្រុមនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដកខ្លួនចេញពីការគ្រប់គ្រងប្រចាំថ្ងៃ ប៉ុន្តែសំណួរនៃការរំសាយអាវុធរបស់ខ្លួននៅតែមិនទាន់ដោះស្រាយនៅឡើយ។
លោក Mohammed al-Farra ប្រធានគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល «បានសម្រេចចិត្តដាក់លិខិតលាលែងពីតំណែងជាផ្លូវការរបស់គាត់ និងប្រកាសរំលាយគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល ជាការបង្ហាញពីភាពច្បាស់លាសនៃវិធានការទាំងនេះ ក្នុងការអនុវត្តការរៀបចំដែលបានព្រមព្រៀងគ្នា និងដើម្បីសម្រួលដល់ដំណើរការផ្លាស់ប្តូររដ្ឋបាល» នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សាកាលពីថ្ងៃចន្ទ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


