Connect with us

ព័ត៌មានអន្ដរជាតិ

នយោបាយហ្វីលីពីន ធ្លាក់ចូលជ្រោះវិបត្តិយ៉ាងជ្រៅ ក្រោយអនុប្រធានាធិបតី គំរាមសម្លាប់ប្រធានាធិបតី

បានផុស

នៅ

នយោបាយនៅក្នុងប្រទេសហ្វីលីពីន កំពុងធ្លាក់ចូលជ្រោះវិបត្តិកាន់តែជ្រៅ បន្ទាប់ពីលោកប្រ​ធានាធិបតី Ferdinand Marcos រងការគំរាមធ្វើឃាតពីសំណាក់អនុប្រធានាធិបតីរបស់គាត់។

កាលពីចុងសប្តាហ៍ អនុប្រធានាធិបតីហ្វីលីពីន Sara Duterte ដែលត្រូវជាកូនស្រីអតីតប្រធានាធិបតី Rodrigo Duterte បានគំរាមថា បើអ្នកស្រីស្លាប់មែន លោក Marcos ក៏មិនរួចខ្លួនដែរ ឃាតករក៏នឹងទៅសម្លាប់លោកដូចគ្នា។ មិនត្រឹមប៉ុណ្ណឹង អ្នកស្រីបញ្ជាក់ថា ខ្លួនបានប្រាប់ឲ្យគេធ្វើឃាតរួចហើយ ពោលគឺមិនមែនតែលោក Marcos ទេប៉ុន្តែនឹងសម្លាប់ទាំងភរិយារបស់គាត់ និងប្រធានរដ្ឋសភាថែមទៀតផង។

ប្រ​ធានាធិបតីហ្វីលីពីន លោក Ferdinand Marcos (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធរឿងនេះ មកដល់ថ្ងៃចន្ទទី២៥ខែវិច្ឆិកាឆ្នាំ២០២៤ លោក Marcos បានប្តេជ្ញាវាយបក ដោយចេញសារជាវីដេអូនិយាយខ្លាំងៗថា មិនត្រូវឲ្យផែនការឧក្រិដ្ឋកម្មបែបនេះ ធ្វើឡើងបាននោះទេ! ត្រូវតែចាត់វិធានការដើម្បីកម្ទេច! 

លោកនិយាយថា «មាន​ការ​ប្រើ​ពាក្យពេច៍​ប្រមាថនិង​គំរាម​សម្លាប់​យើង ទាំង​មិនចេះគិត។ ​ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​ពួកគេ។ ​ប្រសិន​បើ​ការ​រៀបគម្រោង​ធ្វើ​ឃាត​​ប្រធានាធិបតី អាចធ្វើស្រួលៗបែបនេះ ចុះតើចំពោះ​ពលរដ្ឋ​សាមញ្ញនឹងទៅជាយ៉ាងណាទៅ?»។

តាមពិតទៅ លោក Marcos និងគ្រួសារលោក Duterte មិនត្រូវគ្នាយូរមកហើយ ត្បិតតែកូនស្រីលោក Duterte កាន់តំណែងជាអនុប្រធានាធិបតីហ្វីលីពីនក៏ពិតមែន។

អនុប្រធានាធិបតីហ្វីលីពីនអ្នកស្រី Sara Duterte (រូបថត៖ AP)

ភាគីទាំងសងខាងតែងប៉ះសម្តី ជាពិសេសចាប់តាំងពីការដួលរលំនៃសម្ព័ន្ធភាពរវាងគ្រួសារដ៏មានអំណាចទាំងពីរ ក្រោយលោក Marcos ឈ្នះការបោះឆ្នោតឆ្នាំ២០២២យ៉ាងលើសលប់។

អ្នកស្រី Sara Duterte បានបោះចោលតំណែងគណៈរដ្ឋមន្ត្រីកាលពីខែមិថុនា ហើយត្រូវគេតាមសង្កេតមើលជុំវិញការចំណាយរបស់អ្នកស្រីពេលកំពុងកាន់តំណែង។ ពេលខ្លះ អ្នកស្រីបាននិយាយខ្លាំងៗដាក់សមាជិកសភា ហើយខកខានបង្ហាញខ្លួន ក្នុងដំណើរការនីតិវិធីមួយចំនួនទៀតផង។

ការគំរាមសម្លាប់លោក Marcos ថ្មីៗនេះ គឺបន្ទាប់ពីសមាជិកសភា ចេញបញ្ជាឲ្យដាក់ពន្ធនាគារប្រធានបុគ្គលិករបស់អ្នកស្រី Sara Duterte ជុំវិញបទចោទប្រកាន់ថា បានរារាំងការស៊ើបអង្កេតលើការប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវរបស់អនុប្រធានាធិបតី។

យោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ លោកស្រីមិនមានអភ័យឯកសិទ្ធិពីការកាត់ទោសទេ ហើយនាងនឹងត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេតជាតិជុំវិញការគំរាមនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូនលោក Duterte ថា ប្រធានាធិបតីហ្វីលីពីន ជា មនុស្សខ្ជិល គួរលាលែងតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម