ព័ត៌មានអន្ដរជាតិ
៣ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងបទឈប់បាញ់តំបន់ហ្គាហ្សា ដែលកំពុងចរចារវាងអ៊ីស្រាអែលនិងហាម៉ាស
បើតាមប្រភពពីអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានរាយការណ៍កាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥ ក្រុមហាម៉ាស នឹងដោះលែងចំណាប់ខ្មាំងចំនួន ៣៣នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១ ០០០នាក់នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង។

អ្នកសម្របសម្រួលមកពីប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាតា បាននិយាយថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្នុង «ដំណាក់កាលចុងក្រោយ» ហើយ។
ខាងក្រោមនេះ គឺជាព័ត៌មានសំខាន់ៗមួយចំនួននៃដំណាក់កាលដំបូងដែលរំពឹងទុកក្នុងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៖
ការផ្លាស់ប្តូរអ្នកទោស-ចំណាប់ខ្មាំង
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលលោក David Mencer កាលពីថ្ងៃអង្គារ បានអះអាងថា អ៊ីស្រាអែលកំពុងស្វែងរកការដោះលែងចំណាប់ខ្មាំងចំនួន ៣៣នាក់ដែលជាផ្នែកមួយនៃដំណាក់កាលដំបូង។
លោក Mencer បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតថា៖ «មានចំណាប់ខ្មាំង ៣៣នាក់ ដែលយើងចង់ដោះលែង» ដោយបន្ថែមថា អ៊ីស្រាអែលសុខចិត្តដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ជាថ្នូរនឹងការដោះលែង។
អ្នកទាំង ៣៣នាក់នេះ ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ៩៤នាក់ ដែលកំពុងត្រូវឃុំខ្លួននៅហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅពេលក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាដើមទងបង្កឲ្យមានសង្គ្រាមកំពុងកើតឡើងនេះ។
ប្រភពចំនួនពីរដែលជិតស្និទ្ធនឹងក្រុមហាម៉ាស បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១ ០០០នាក់ រួមទាំងអ្នកដែលមានទោសធ្ងន់ផងដែរ។
ប្រភពស្និទ្ធនឹងក្រុមហាម៉ាស បាននិយាយថា៖ «ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងចែងពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣នាក់ជាក្រុម ដោយចាប់ផ្តើមពីកុមារ និងស្ត្រី»។
តំបន់ការពាររបស់អ៊ីស្រាអែល
មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា ការចរចាសម្រាប់ដំណាក់កាលទីពីរនឹងចាប់ផ្តើមនៅថ្ងៃទី១៦ បន្ទាប់ពីការអនុវត្តដំណាក់កាលទី១។
ដំណាក់កាលនេះ នឹងគ្របដណ្តប់លើការដោះលែងឈ្លើយសឹកដែលនៅសេសសល់ រួមទាំង «ទាហានប្រុស បុរសដែលដល់អាយុយោធា និងសាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់»។ នេះបើយោងតាមការរាយការណ៍ពីកាសែត Times of Israel។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង អ៊ីស្រាអែលនឹងរក្សាតំបន់ការពារមួយនៅហ្គាហ្សាក្នុងដំណាក់កាលដំបូង។
យោងតាមប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស កងកម្លាំងអ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងបន្តរក្សាវត្តមានក្នុងចម្ងាយរហូតដល់ ៨០០ម៉ែត្រនៅខាងក្នុងតំបន់ហ្គាហ្សា ដែលលាតសន្ធឹងពីទីក្រុង Rafah នៅភាគខាងត្បូងរហូតដល់ទីក្រុង Beit Hanun នៅភាគខាងជើង។
មន្ត្រីអ៊ីស្រាអែល បានប្រាប់ថា កងកម្លាំងអ៊ីស្រាអែលនឹងមិនដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សាឡើយ រហូតទាល់តែចំណាប់ខ្មាំងទាំងអស់ត្រូវបានបញ្ជូនមកវិញ។
កាសែតអ៊ីស្រាអែល Haaretz បានរាយការណ៍ថា អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យមានការផ្លាស់ទីរបស់អ្នកស្រុកពីភាគខាងត្បូងតំបន់ហ្គាហ្សាទៅកាន់ភាគខាងជើងវិញ។
ចំណុចប្រទាក់ក្រឡា
ការចរចាលើកមុនបានរអាក់រអួលជុំវិញបញ្ហាចម្រូងចម្រាសមួយចំនួន។
ចំណុចជាប់គាំងសំខាន់ៗ រួមមាន ការខ្វែងគំនិតគ្នាលើភាពអចិន្ត្រៃយ៍នៃបទឈប់បាញ់ ទំហំនៃជំនួយមនុស្សធម៌ដែលត្រូវបានអនុញ្ញាតចូលទៅក្នុងហ្គាហ្សា និងការវិលត្រឡប់របស់ប្រជាជនហ្គាហ្សាត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ។
ការខ្វែងគំនិតគ្នាផ្សេងទៀតទាក់ទងនឹងការដកទ័ពអ៊ីស្រាអែល ការបើកច្រកព្រំដែនឡើងវិញ និងការគ្រប់គ្រងលើតំបន់ហ្គាហ្សា។
កន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំទាស់យ៉ាងដាច់អហង្ការចំពោះការដកទ័ពទាំងស្រុង និងបានច្រានចោលរាល់ការគ្រប់គ្រងរបស់ប៉ាឡេស្ទីននៅក្នុងទឹកដីតំបន់ហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


