Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន និង​រុស្ស៊ី​ ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ពន្យារ​ពេល​ផ្លាស់​ប្តូរ​អ្នក​ទោស

បានផុស

នៅ

ភាពតានតឹងបានកើនឡើងរវាងអ៊ុយក្រែន និងរុស្ស៊ី ជុំវិញការពន្យារពេល​ផ្លាស់ប្ដូរ​សាកសព និង​​អ្នកទោសសង្គ្រាម ដោយប្រទេសទាំងពីរបានចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ថាបានរារាំងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ដែល​ជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍​ប្រកប​ដោយមនុស្សធម៌។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២៥។

ទាហាន​អ៊ុយក្រែន​ដែល​ត្រូវ​រុស្ស៊ី​ដោះលែង​កាល​ពី​ឆ្នាំ​២០២៤ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធររុស្ស៊ីបានអះអាងថា អ៊ុយក្រែនបានពន្យារពេលការប្រគល់អ្នកទោស និងទាហានដែល​បាន​ស្លាប់ បើទោះបីជាមានកិច្ចព្រមព្រៀង​ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល​​កាល​ពី​ដើម​ខែ​មិថុនា​នេះ​ក៏ដោយ។ យោងតាមលោកឧត្តមសេនីយ Alexander Zorin ប្រទេសរុស្ស៊ីបានរៀបចំ​សាកសពទាហានអ៊ុយក្រែនចំនួន ១ ២១២នាក់ទៅកាន់កន្លែងផ្លាស់ប្តូរដែលបានកំណត់នៅជិតព្រំដែន ហើយត្រៀម​សម្រាប់ប្រតិបត្តិការ​ដោះដូរ។ ជំនួយការ​របស់​ប្រធានាធិបតីរុស្ស៊ី បន្ថែមថា អ៊ុយក្រែន មិនបានបង្ហាញខ្លួនតាមពេលវេលាដែលបានព្រមព្រៀងនោះទេ ដោយបានចោទប្រកាន់ទីក្រុងកៀវ​ពីបទបញ្ឈប់ដំណើរការនេះដោយចេតនា។

អ៊ុយក្រែន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​​ថា​ជា​ព័ត៌មាន​មិន​ពិត។ មន្ត្រីចារកម្មយោធានៅទីក្រុង​កៀវ បានអះអាងថា គ្មានកាលបរិច្ឆេទជាក់លាក់​នៅ​ឡើយ​ទេ​ដែល​ត្រូវបានរៀបចំ​សម្រាប់ការផ្លាស់ប្តូរ ហើយបានចោទប្រកាន់រុស្ស៊ីថាបានដឹកជញ្ជូនសាកសពមុនកាលកំណត់​សម្រាប់​ល្បិច​នយោបាយ​តែ​ប៉ុណ្ណោះ។ អ្នក​នាំពាក្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន​ បាន​និយាយ​ថា​ «​មិន​មាន​ការ​ពន្យារ​ពេល​ជា​ផ្លូវ​ការ​ទេ គឺ​មាន​តែ​ការ​ប៉ុនប៉ង​មួយ​ទៀត​របស់​រុស្ស៊ី​ក្នុង​ការ​បោក​បញ្ឆោត​ការពិត»​។

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា បញ្ជីពេញលេញនៃអ្នកទោសរុស្ស៊ីសម្រាប់ការដោះដូរមិនទាន់ត្រូវបានផ្តល់​ឲ្យ​នៅ​ឡើយទេ ដែលធ្វើ​ឲ្យ​មានភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការដោះដូរ។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការបន្តដំណើរការនេះ ប៉ុន្តែបានថ្កោលទោសចំពោះអ្វីដែលលោកហៅថាជា «ល្បែងកខ្វក់» របស់ទីក្រុងមូស្គូនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

កិច្ចព្រមព្រៀងដោះដូរដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុល បានគូសបញ្ជាក់ពីការ​ដោះដូរ​ទាហាន​ដែល​ស្លាប់​ប្រហែល ១២ ០០០​នាក់ ដោយ​ក្នុង​នោះ ៦ ០០០​នាក់​ពីភាគីនីមួយៗ ក៏ដូចជាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដើម្បីផ្តល់អាទិភាពដល់ការដោះលែងអ្នកទោសដែលរងរបួស និងវ័យក្មេង។

ទន្ទឹម​នោះ អរិភាពលើសមរភូមិ​នៅ​តែ​កំពុង​​បន្ត។ ការវាយប្រហារតាមអាកាសរបស់រុស្សីកាលពីចុងសប្តាហ៍ បានកំណត់គោលដៅទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងទីក្រុង Kharkov និង Sumy ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច​៤​នាក់ និងរាប់សិបនាក់រងរបួស។ អ៊ុយក្រែន​បាន​ឆ្លើយ​តប​​ដោយ​​ប្រើ​​យន្តហោះ​គ្មាន​មនុស្ស​បើក​វាយ​ប្រហារ​​លើ​ទឹក​ដី​រុស្ស៊ី​ដែល​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​បន្ថែម​ទៀត។

ទោះបីជាមានការជាប់គាំងក៏ដោយ ក៏ប្រទេសទាំងពីរបានបង្ហាញពីឆន្ទៈក្នុងការបន្តការផ្លាស់ប្តូរ​អ្នក​ទោស​នៅ​ក្នុង​សប្តាហ៍ខាងមុខនេះ។ ទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ រួមទាំងកាកបាទក្រហម ត្រូវបានគេរំពឹងថានឹងតាមដាន​នីតិវិធី ដើម្បីធានាបាននូវការអនុលោមតាមច្បាប់អន្តរជាតិ។

ជម្លោះ​ដែល​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៣​នេះ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃការសម្របសម្រួលមនុស្សធម៌នៅក្នុងសង្រ្គាម ដោយមានអ្នកទោសសង្រ្គាមជាង ១២ ០០០​នាក់ និងសាកសពរាប់ម៉ឺននាក់ដែល​​កំពុង​រង់ចាំការធ្វើមាតុភូមិនិវត្តន៍៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម