Connect with us

ព័ត៌មានអន្ដរជាតិ

មេចារកម្មអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយសមាជិក ណាតូ បន្ទាប់ពីអ៊ុយក្រែន

បានផុស

នៅ

មេចារកម្មអាល្លឺម៉ង់លោក Bruno Kahl បានចេញមុខព្រមានខ្លាំងៗថា រុស្ស៊ី អាចវាយប្រទេសជាសមាជិកអង្គការណាតូ នៅពេលចប់សង្គ្រាមអ៊ុយក្រែន។

មេចារកម្មអាល្លឺម៉ង់លោក Bruno Kahl (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងកាលពីថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ លោក Kahl និយាយថា «យើងប្រាកដក្នុងចិត្តថា បន្ទាប់ពីអ៊ុយក្រែន រុស្ស៊ីនឹងបោះមួយជំហានទៀតឆ្ពោះទៅភាគខាងលិច។ ឥឡូវពលរដ្ឋក្នុងទីក្រុងមូស្គូ លែងជឿថាណាតូនឹងប្រើមាត្រា៥ទៀតហើយ ដូច្នេះពួកគេចង់សាកល្បងវា»។

ដូច្នេះ លោក Kahl ​អះអាង​ថា រុស្ស៊ី​អាចបញ្ជូនទ័ព​ទៅប្រទេស​អេស្តូនី ក្រោមលេសដើម្បី​ការពារ​ជនជាតិដើម​ភាគតិច​និយាយ​ភាសា​រុស្ស៊ី​របស់​រដ្ឋបាល់ទិកមួយនេះ ដូចទៅនឹងការបញ្ជូនទ័ពទៅការពារពលរដ្ឋនៅគ្រីមៀ មុនការបោះឆ្នោតប្រជាមតិឆ្នាំ២០១៤។

ការព្រមាននេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីមេទ័ពអាល្លឺម៉ង់ Carsten Breuer ក៏ព្រមានដែរថា រុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។

(រូបថត៖ Reuters)

លោក Breuer អះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។

លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីតែងប្រតិកម្មជានិច្ចចំពោះរាល់ការចោទប្រកាន់បែបនេះ ដោយបញ្ជាក់ហើយបញ្ជាក់ទៀតថា បណ្តាប្រទេសលោកខាងលិច តែងយកទីក្រុងមូស្គូ ធ្វើជាលេសដើម្បីបង្ហាញថា ការចំណាយកប់ពពកលើកញ្ចប់ការពារជាតិរុស្ស៊ីពួកគេគឺជារឿងត្រឹមត្រូវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Rutte៖ រុស្ស៊ី​ផលិត​គ្រាប់​រំសេវ​តែ​៣ខែ ស្មើ​នឹង​ណាតូ​ទាំង​មូល​ផលិត​ក្នុង​១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម