Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rutte៖ រុស្ស៊ី​ផលិត​គ្រាប់​រំសេវ​តែ​៣ខែ ស្មើ​នឹង​ណាតូ​ទាំង​មូល​ផលិត​ក្នុង​១ឆ្នាំ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា រុស្ស៊ីកំពុងផលិតគ្រាប់រំសេវក្នុងល្បឿន​ដ៏​លឿន​មួយ ដែលលើសពីចំនួនរបស់​អង្គការ​ណាតូ​​ទៅ​ទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយ​ពេល​ផលិត​តែ​៣​ខែ​ប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូល​​ផលិតក្នុងពេល​១​ឆ្នាំពេញ។

លោក Mark Rutte (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចេញ​ពី​​វិទ្យាស្ថាន​ Chatham House នៃ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា លោក Rutte បាន​ឲ្យ​ដឹង​ថា ការផលិតសព្វាវុធរបស់រុស្ស៊ី បានបង្កើនល្បឿនដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមការប៉ាន់ប្រមាណដែលចែករំលែកដោយមន្ត្រីណាតូ រុស្ស៊ីកំពុងរៀបចំ​ផលិតរថក្រោះចំនួន ១ ៥០០​គ្រឿង រថពាសដែក ៣ ០០០​គ្រឿង និង​មីស៊ីល​ទំនើប Iskander ២០០​គ្រាប់​នៅឆ្នាំ​២០២៥​នេះ ដែលភាគច្រើនដើម្បីទ្រទ្រង់សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Rutte បាននិយាយថា «សមត្ថភាព​អាវុធ​សង្គ្រាម​របស់ (មេដឹក​នាំ​រុស្ស៊ី វ្ល៉ាឌីមៀរ) ពូទីន កំពុងតែបង្កើនល្បឿន មិនមែន​ថមថយ​​ល្បឿន​​នោះ​ឡើយ។ រុស្ស៊ី​កំពុង​បង្កើត​កង​កម្លាំង​របស់​ខ្លួន​ឡើង​វិញ ​ដោយ​បច្ចេកវិទ្យា​ចិន ហើយ​ផលិត​សព្វាវុធ​បាន​លឿន​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត»។

លោក Rutte បានសង្កត់ធ្ងន់ថា ការកើនឡើងនេះកំពុងត្រូវបានគាំទ្រ ដោយការបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង និងចិន។ លោកបានអំពាវនាវ​ឲ្យ​សមាជិកណាតូ បង្កើនទំហំឧស្សាហកម្មការពារជាតិរបស់ពួកគេជាបន្ទាន់ និងបង្កើនការចំណាយយោធា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុង​តែ​កើនឡើង​នេះ។

លោក Rutte បានបញ្ជាក់​ថា «យើងត្រូវតែត្រៀមខ្លួន» មិនត្រឹមតែសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន​ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្វីដែលអាចនឹងកើតឡើងក្នុងរយៈពេល ៥​ឆ្នាំខាងមុខ។ រុស្ស៊ីមិនមែនគ្រាន់តែរៀបចំសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ គឺ​កំពុងរៀបចំសម្រាប់អ្វីដែលធំជាងនេះទៅទៀត។

ការកត់សម្គាល់នេះ កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងអង្គការណាតូក្នុងការបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ និងបង្កើនសមត្ថភាពផលិតអាវុធនៅទូទាំងអឺរ៉ុប និងអាមេរិកខាងជើង។ ក្រុម​មេដឹកនាំ​រដ្ឋ​ជា​សមាជិក​ណាតូ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដោះស្រាយ​កង្វល់​ទាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នា​ថ្ងៃ​ទី​២៤-២៥​ខែ​មិថុនា​ខាង​មុខ៕

ដោយ៖ ឈាង

ចុចអាន៖ ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម