Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល សង្ឃឹមថា អាមេរិកនឹងគាំទ្រខ្លួនចំពោះការវាយប្រហារអ៊ីរ៉ង់ លើកក្រោយ

បានផុស

នៅ

ក្នុងរបាយការណ៍ដែលផ្សាយដោយ Times of Israel នៅថ្ងៃអង្គារទី៨ខែកក្កដាឆ្នាំ២០២៥ ប្រទេសអ៊ីស្រាអែលកំពុងសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក នឹងគាំទ្រខ្លួនចំពោះការវាយប្រហារអ៊ីរ៉ង់លើកក្រោយទៀត ប្រសិនបើទីក្រុងតេហេរ៉ង់ ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរសាជាថ្មី។

ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍នោះ ប្រភពចំនួន២បានដកស្រង់សម្តីរដ្ឋមន្ត្រីកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែល Ron Dermer ដែលប្រាប់ក្រុមមន្ត្រីបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា លោកគិតថាសេតវិមាន នឹងគាំទ្រការវាយប្រហារថ្មីរបស់អ៊ីស្រាអែលក្រោមកាលៈទេសៈជាក់លាក់ ដូចជាការប៉ុនប៉ងរបស់ទីក្រុងតេហេរ៉ង់ក្នុងការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ឬការទាញយកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ដែលត្រូវបានគេជឿថាកំពុងរក្សាទុកនៅក្នុងរោងចក្រក្រោមដីដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកកាលពីខែមុនជាដើម។

ពាក់ព័ន្ធរឿងនេះដែរ កាលពីសប្តាហ៍មុនសមាជិករដ្ឋសភាអាមេរិកពីររូប បានបង្ហាញសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ផ្តល់យន្តហោះទម្លាក់គ្រាប់បែក B-2 និងគ្រាប់បែក «Bunker Buster» ទម្ងន់ ១៣ ៦០៧គីឡូក្រាមដល់អ៊ីស្រាអែល បើសិនជាអ៊ីរ៉ង់ហ៊ានវាយប្រហារនាពេលអនាគត និងប្រសិនបើរកឃើញថា ទីក្រុងតេហេរ៉ង់ នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ (រូបថត៖ Reuters)

ច្បាប់នោះមានឈ្មោះ «Bunker Buster Act» ត្រូវបានបង្ហាញកាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥ដោយលោក Josh Gottheimer នៃរដ្ឋ New Jersey និងលោក Mike Lawler នៃរដ្ឋ New York ជាមួយគោលបំណងឲ្យលោក ត្រាំ ចាត់វិធានការដើម្បីធានាថា អ៊ីស្រាអែល រៀបចំវាយប្រហាររួចស្រេចគ្រប់កាលៈទេសៈ ប្រសិនបើអ៊ីរ៉ង់ស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មែន។

សូមជម្រាបជាថ្មី អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសកាលពីថ្ងៃទី​១៣​ខែមិថុនា ដោយវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងសម្លាប់មេបញ្ជាការយោធាកំពូល​ជា​ច្រើនរូប ក៏ដូចជាជនស៊ីវិលនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតចំពោះសាធារណរដ្ឋឥស្លាម​ គិត​ចាប់តាំងពីសង្រ្គាមឆ្នាំ​១៩៨០​​ជាមួយអ៊ីរ៉ាក់។

អ៊ីរ៉ង់ ​បាន​សងសឹកវិញ​ដោយ​ការ​ផ្លោង​​មីស៊ីល​លើ​ទីតាំង​យោធា​ ហេដ្ឋារចនាសម្ព័ន្ធ និង​ទីក្រុង​របស់​អ៊ីស្រាអែល។ សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​​ក្នុង​សង្រ្គាម​នៅ​ថ្ងៃ​ទី​២២​ខែ​មិថុនា ដោយ​ការ​​ទម្លាក់​គ្រាប់​ខ្នាត​ធំ​លើ​រោងចក្រ​នុយក្លេអ៊ែរ​​ចំនួន​៣​របស់​អ៊ីរ៉ង់ដូចជា Fordo, Natanz និង Isfahan៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកសភាអាមេរិក ស្នើច្បាប់អនុញ្ញាតឲ្យ ត្រាំ ផ្តល់ B-2 ទៅអ៊ីស្រាអែល ទុកវាយអ៊ីរ៉ង់ ថ្ងៃមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម