Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយត្រាំដាក់ពង្រាយ​នាវា​នុយក្លេអ៊ែរ ចិននិងរុស្ស៊ី​បានចាប់ផ្ដើម​សមយុទ្ធរួមគ្នា

បានផុស

នៅ

ចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធាជើងទឹក និងទ័ពអាកាសរួមគ្នា នៅសមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ​ទី​៣​ខែ​សីហា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរចំនួនពីរគ្រឿង ដើម្បីឆ្លើយតបទៅនឹងការអត្ថាធិប្បាយ «បង្កហេតុខ្លាំង» ពីអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។

នាវា​ចិន​និង​រុស្ស៊ី​កាល​ពី​សមយុទ្ធ​ឆ្នាំ​២០២២ (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ​ «Joint Sea -2025» បានចាប់ផ្តើមនៅក្នុងដែនទឹកក្បែរកំពង់ផែ Vladivostok ប៉ាស៊ីហ្វិករបស់រុស្ស៊ី ហើយ​មាន​រយៈពេល​៣ថ្ងៃ ដោយ​មាន​លំហាត់​យោធា​ជាច្រើន​ ដូចជា ការជួយសង្គ្រោះនាវាមុជទឹក សង្គ្រាមប្រឆាំងនាវាមុជទឹក ការការពារដែនអាកាស យុទ្ធសាស្ត្រប្រឆាំងមីស៊ីល និងបេសកកម្មប្រយុទ្ធដែនសមុទ្រទូទៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន។

ទីក្រុងប៉េកាំង បានដាក់ពង្រាយនាវាចំនួន ៤​គ្រឿងសម្រាប់ប្រតិបត្តិការ ជាពិសេសនាវាពិឃាតមីស៊ីល Shaoxing និង Urumqi ខណៈដែលកងកម្លាំងជើងទឹករុស្ស៊ីក៏បានរួមចំណែកដល់នាវាចម្បាំងសម្រាប់ការធ្វើសមយុទ្ធ​នេះ​ផងដែរ។ បន្ទាប់ពីសមយុទ្ធរួមគ្នានេះ កងទ័ពជើងទឹកទាំងពីរ តាមសេចក្តីរាយការណ៍នឹងធ្វើការល្បាតបន្ថែមនៅក្នុងតំបន់មួយ​ចំនួន​នៃមហាសមុទ្រប៉ាស៊ីហ្វិក។

សមយុទ្ធនេះ បានគូសបញ្ជាក់ពីការបង្កើនភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ជាពិសេសចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅឆ្នាំ​២០២២ ទៅលើអ៊ុយក្រែន។ ចិន ខណៈ​ដែល​អំពាវនាវ​ឲ្យ​មាន​​សន្តិភាព​ក៏​ពិត​មែន ​មិនបាន​​ថ្កោលទោស​​ការ​ឈ្លានពាន​នេះទេ ហើយ​​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​វិមាន​ក្រឹមឡាំងរឹត​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

សមយុទ្ធសមុទ្ររួមកាលពីឆ្នាំមុន បានធ្វើ​ឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន។ នៅឆ្នាំនេះ ការផ្លាស់ប្តូរទៅភាគខាងជើងក្បែរប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ ដែលជាតំបន់នៃភាពរស៊ើបនៃភូមិសាស្ត្រនយោបាយ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

ក្រសួងការពារជាតិចិន បាននិយាយថា គោលបំណងនៃសមយុទ្ធឆ្នាំ២០២៥ គឺដើម្បី«ធ្វើ​ឲ្យ​កាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ។ ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធនេះក៏ដើរតួជាការប្រឆាំងទៅនឹងកិច្ចសហប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត។

លោក Dmitry Medvedev និង​លោក ដូណាល់ ត្រាំ (រូបថត៖ EPA & Shutterstock)

ពេលវេលានៃសមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើង​ភាព​តានតឹង​យ៉ាងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ រួមទាំងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អតីតប្រធានាធិបតីរុស្ស៊ី។

លោក ត្រាំ បាននិយាយថា ចំណាត់ការ​នេះ​ត្រូវបានធ្វើឡើង ជា​ការ​ឆ្លើយតប​នឹង​«សេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅនិងអុជអាល»របស់លោក Medvedev។ ទំនាស់​ពាក្យ​សម្ដី​រវាង​លោក ត្រាំ និង​លោក Medvedev បាន​កើត​ឡើង​បន្ទាប់ពីការដាក់ឱសានវាទរបស់​អាមេរិកលើ​ទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ខែសីហា ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់ក្រុង​វ៉ាស៊ីនតោន រួមទាំងពន្ធលើការនាំចេញប្រេងរបស់រុស្ស៊ីផងដែរ។ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ទោសប្រធានាធិបតីអាមេរិកថាកំពុងដើរផ្លូវខុសហើយវិធានការនេះនឹងឈានឆ្ពោះទៅរកការផ្ទុះសង្គ្រាម និងថែមទាំងគំរាមទៀតថា អាមេរិកមិនដឹងថារុស្ស៊ីមានប្រព័ន្ធនុយក្លេអ៊ែរខ្លាំងកម្រិតណានោះទេ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ដាក់ពង្រាយ​នាវាមុជទឹក​​នុយក្លេអ៊ែរ២គ្រឿង ក្រោយទាស់ពាក្យ​សម្ដីជាមួយលោក Medvedev

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម