Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ពង្រាយ​នាវាមុជទឹក​​នុយក្លេអ៊ែរ២គ្រឿង ក្រោយទាស់ពាក្យ​សម្ដីជាមួយលោក Medvedev

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជា​ឲ្យដាក់​ពង្រាយ​​នាវាមុជទឹកនុយក្លេអ៊ែរចំនួន២គ្រឿង​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា សេចក្តីថ្លែងការណ៍«បង្កហេតុខ្លាំង» របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីថ្ងៃសុក្រ​ទី​១​សីហា​នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា ចំណាត់ការ​នេះ​ត្រូវបានធ្វើឡើង ជា​ការ​ឆ្លើយតប​នឹង​«សេចក្តីថ្លែងការណ៍ដ៏ល្ងង់ខ្លៅនិងអុជអាល»របស់លោក Medvedev ដោយបន្ថែមថា «ពាក្យសម្ដី​មានសារៈសំខាន់ខ្លាំងណាស់ ហើយជារឿយៗអាចនាំ​ឲ្យ​មានផលវិបាកដោយអចេតនា»។

ខណៈពេលដែលលោក ត្រាំ មិនបានបញ្ជាក់ពីទីតាំង ឬប្រភេទនាវាមុជទឹក និង​មិន​ដឹង​ថា​វា​ជា​ប្រភេទ​នាវា​ដើរដោយថាមពលនុយក្លេអែរ ឬបំពាក់អាវុធនុយក្លេអ៊ែរ សុន្ទរកថារបស់លោកបានកត់សម្គាល់ពីការកើនឡើងភាព​តានតឹង​យ៉ាងខ្លាំងនៅក្នុងវោហាសាស្ត្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ។

លោក ត្រាំ បានបញ្ជាក់​បន្ថែម​ទៀត​ថា «ការគំរាមកំហែងត្រូវបានធ្វើឡើង ហើយយើងគិតថា វាមិនសមរម្យ។ ដូច្នេះខ្ញុំត្រូវតែប្រុងប្រយ័ត្នបំផុត។ ខ្ញុំធ្វើវាដោយផ្អែកលើសុវត្ថិភាពសម្រាប់ប្រជាជនរបស់យើង»។

វិមានក្រឹមឡាំងមិនបានឆ្លើយតបជាសាធារណៈចំពោះសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែទីផ្សារភាគហ៊ុនរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងគំហុក​បន្ទាប់ពីការប្រកាសនេះ។

លោក Dmitry Medvedev (រូបថត៖ ZUMAPRESS)

ភាពតានតឹងបានកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការដាក់ឱសានវាទរបស់លោក ត្រាំ លើ​ទីក្រុងមូស្គូ ដើម្បីយល់ព្រមលើបទឈប់បាញ់នៅអ៊ុយក្រែនត្រឹមថ្ងៃទី៨ខែសីហា ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធលើការនាំចេញប្រេងរបស់រុស្ស៊ីផងដែរ។ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបន្ទោសប្រធានាធិបតីអាមេរិកថាកំពុងដើរផ្លូវខុសហើយវិធានការនេះនឹងឈានឆ្ពោះទៅរកការផ្ទុះសង្គ្រាម និងថែមទាំងគំរាមទៀតថា អាមេរិកមិនដឹងថារុស្ស៊ីមានប្រព័ន្ធនុយក្លេអ៊ែរខ្លាំងកម្រិតណានោះទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ត្រាំ បាន​ហៅ​លោក Medvedev ថា​ជា«អតីត​ប្រធានាធិបតី​ដែល​បរាជ័យ» ហើយ​បាន​ព្រមាន​ថា ​លោក​កំពុង​តែ​ចូល​ទៅ​ក្នុង​ទឹកដី​ដ៏​គ្រោះថ្នាក់​បំផុត។

សូម​ជម្រាប​ថា លោក Medvedev បាន​កាន់​តួនាទី​ជាប្រធានាធិបតីរុស្ស៊ីពីឆ្នាំ២០០៨ ដល់ឆ្នាំ​២០១២ ហើយជា​អ្នកគាំទ្រដ៏​ខ្លាំងក្លា​ឲ្យ​រុស្ស៊ី​ឈ្លានពានអ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២ និង​ជាអ្នករិះគន់បស្ចិមលោកដ៏លេចធ្លោ​មួយ​រូប​របស់​ទីក្រុង​មូស្គូ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ផ្តាំទៅ ម៉េដវ៉េដេហ្វ ថា «និយាយអីត្រូវចេះប្រយ័ត្នមាត់»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម