Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជាតិចំនួន​៥ ថ្កោលទោសផែនការកាន់កាប់តំបន់ហ្គាហ្សា​ទាំង​ស្រុង​របស់អ៊ីស្រាអែល

បានផុស

នៅ

អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស បានរួមគ្នាថ្កោលទោសផែនការកាន់កាប់​តំបន់​ហ្គាហ្សា​ទាំង​មូល​របស់​អ៊ីស្រាអែល ដោយហៅវាថាជាការបំពានច្បាប់អន្តរជាតិដែលនឹងធ្វើ​ឲ្យ​មហន្តរាយមនុស្សធម៌កាន់តែអាក្រក់ទៅៗ ខណៈ​បច្ចុប្បន្ន​​ប្រមាណ​ជាង ៩០%នៃ​ប្រជាជននៅហ្គាហ្សា កំពុង​ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

តំបន់ហ្គាហ្សា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍រួម​ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​៥ បានព្រមានថា ប្រតិបត្តិការនេះនឹង៖

– បង្កើនហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងទឹកដីដែលភាព​ស្រេក​ឃ្លានកំពុងធ្ងន់ធ្ងរ​រួច​ស្រាប់​ទៅ​ហើយ

– បង្ក​គ្រោះ​ថ្នាក់​ដល់​ចំណាប់ខ្មាំង​ដែល​ត្រូវ​ក្រុម​ហាម៉ាស​ចាប់ខ្លួន​

– បង្ខំ​ឲ្យមានការផ្លាស់ទីលំនៅរបស់ជនស៊ីវិលក្នុង​ទ្រង់ទ្រាយ​ធំ

– បំពានច្បាប់មនុស្សធម៌អន្តរជាតិ។

អូស្ត្រាលី អាល្លឺម៉ង់ អ៊ីតាលី នូវែលសេឡង់ និងអង់គ្លេស ក៏​បានទាមទារ​ឲ្យ​មានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីអនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់ជំនួយទ្រង់ទ្រាយធំ និងបានអះអាងឡើងវិញនូវការគាំទ្រសម្រាប់ដំណោះស្រាយរដ្ឋពីរ ដោយទទូចថា ក្រុមហាម៉ាសត្រូវតែដកខ្លួន​ចេញ​ពីអភិបាលកិច្ចនាពេលអនាគត។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​ទាំង​៥​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​អ៊ីស្រាអែល​​អនុម័ត​ផែនការ​កាន់កាប់​​ហ្គាហ្សា​ទាំង​ស្រុង​របស់​​លោក​នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពី​ថ្ងៃ​សុក្រ​ទី​៨ខែ​សីហា​ឆ្នាំ​២០២៥។ ចាប់តាំងពីខែតុលាឆ្នាំ​២០២៣ ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៦១ ០០០​នាក់​នៅ​ហ្គាហ្សា ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាន​ចេញដីកាចាប់ខ្លួន​លោក ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ចំណែក​ឯ​តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏​បាន​បើក​​សំណុំរឿង​ប្រល័យពូជសាសន៍​​​ប្រឆាំង​នឹង​អ៊ីស្រាអែល​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម