Connect with us

ព័ត៌មានអន្ដរជាតិ

តើរុស្ស៊ីគ្រប់គ្រងទឹកដីបាន​ប៉ុន្មាននៅអ៊ុយក្រែន?

បានផុស

នៅ

ដូចដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ស្នើ​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាងក្រុង​វ៉ាស៊ីនតោន-ក្រុង​មូស្គូ​នា​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០២៥ ការ​សម្បទានទឹកដីប្រហែលជា​ចាំបាច់ដើម្បីបញ្ចប់សង្រ្គាម ខណៈ​រុស្ស៊ីបច្ចុប្បន្នកាន់កាប់ប្រហែល ១៩% នៃ​ប្រទេស​អ៊ុយក្រែន ស្មើ​នឹង​ផ្ទៃដី​ប្រហែល ១១៤ ៥០០​គីឡូម៉ែត្រការ៉េ ក្នុង​នោះ​​រួមមាន​តំបន់គ្រីមៀរ និង​មួយ​ផ្នែកធំនៃភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ ចំណែក​ឯ​ទីក្រុងកៀវ ឯណោះ​វិញ​​មិន​បាន​កាន់កាប់ទឹកដីរុស្ស៊ីណាមួយឡើយ។

(រូបថត៖ The Quint)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters, តំបន់ដែល​រុស្ស៊ី​ដណ្ដើម​កាន់កាប់បាន​ពី​អ៊ុយក្រែន មាន​ដូចជា៖

  • គ្រីមៀរ (កាត់ចូល​ជា​ឧបសម្ព័ន្ធឆ្នាំ​២០១៤)

ផ្ទៃដី៖ ប្រហែល ២៧ ០០០​គីឡូម៉ែត្រការ៉េ

ស្ថានភាព៖ រុស្ស៊ីបានរឹបអូស​យក​នៅឆ្នាំ​២០១៤ បន្ទាប់ពីការបោះឆ្នោតប្រជាមតិដ៏​ចម្រូងចម្រាស។

ការអះអាង​របស់រុស្ស៊ី៖ រុស្ស៊ី​ប្រាប់​ថា គ្រីមៀរគឺ​ជា​ផ្នែកស្របច្បាប់នៃប្រទេសរបស់​ខ្លួន។

ជំហររបស់អ៊ុយក្រែន៖ អ៊ុយក្រែន​នៅតែចាត់ទុក​ជាទឹកដីខ្លួន ទោះបីជាមន្ត្រីខ្លះទទួលស្គាល់ដោយឯកជនថា ការដណ្តើមយកវាវិញដោយយោធានឹងពិបាកក៏ដោយ។

  • Donbas (ការគ្រប់គ្រង​លើ​ផ្នែក​ខ្លះចាប់តាំងពីឆ្នាំ​២០១៤ រហូត​ដល់​មក​បច្ចុប្បន្ន)

ផ្ទៃដី៖ ប្រហែល ៤៦ ៥៧០​គីឡូម៉ែត្រការ៉េ (ស្មើ​នឹង ៨៨% នៃតំបន់ Donetsk និង Luhansk)

ចំណុចសំខាន់ៗ៖ ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានប្រកាសឯករាជ្យនៅឆ្នាំ២០១៤។ លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ប្រកាស​ទទួលស្គាល់ជារដ្ឋអធិបតេយ្យប៉ុន្មានថ្ងៃមុនការលុកលុយពេញ​ទំហឹង​លើ​អ៊ុយក្រែន​​ឆ្នាំ​២០២២។ ឥឡូវនេះ ទីក្រុងមូស្គូ មានបំណងដណ្ដើម​​យកទីក្រុងដែលនៅសេសសល់កាន់កាប់ដោយអ៊ុយក្រែន ដូចជា Pokrovsk និង Kramatorsk។

  • Zaporizhzhia & Kherson (រឹបអូសនៅឆ្នាំ​២០២២)

ផ្ទៃដី៖ ប្រហែល ៤១ ១៧៦​​គីឡូម៉ែត្រការ៉េ (៧៤% នៃតំបន់ទាំងពីរ)

ចំណុចសំខាន់ៗ៖ អ៊ុយក្រែនបានដណ្តើមយកផ្នែកខ្លះនៃ​តំបន់ Kherson (រួមទាំងរដ្ឋធានីក្នុងតំបន់) និងរក្សាទីតាំងឈរជើងនៅ​តំបន់ Zaporizhzhia។

  • តំបន់ៗផ្សេងទៀត

Kharkiv, Sumy និង Dnipropetrovsk៖ ប្រទេសរុស្ស៊ីកាន់កាប់​តំបន់​ទាំង​នោះបាន​ប្រហែល ៤០០​គីឡូម៉ែត្រការ៉េដែលភាគច្រើនជាតំបន់ព្រំដែន។

សូមជម្រាប​ថា សម្រាប់​លក្ខខណ្ឌ​សន្តិភាព លោក ពូទីន បានទទូចថា អ៊ុយក្រែនត្រូវតែបោះបង់ចោលទឹកដីដែល​ក្រុង​មូស្គូ​កាន់កាប់ទាំងអស់ (រួមទាំងតំបន់ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីទាំងស្រុង) ទម្លាក់​ចោល​មហិច្ឆតា​ចូល​អង្គការណាតូ និង​ទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើ​តំបន់​គ្រីមៀរ, Donbas, Zaporizhzhia និង Kherson។

យ៉ាង​ណា​មិញ អ៊ុយក្រែន នៅ​តែ​ប្រកាស​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ខ្លួន ដោយ​ថា​នឹង​​មិន​មាន​​​ការ​សម្បទាន​ទឹក​ដី​ឲ្យ​ទៅ​រុស្ស៊ី​ដាច់​ខាត ពោល​គឺ​ក្រុង​កៀវ​ប្តេជ្ញា​ទាមទារ​យក​ទឹក​ដី​ទាំង​អស់​មក​វិញ រួម​ទាំង​តំបន់​គ្រីមៀរ​​ផង​ដែរ។

បណ្ដា​ប្រទេស​ភាគ​ច្រើន​​​បដិសេធ​ការ​កាត់​​បញ្ចូល​ជា​ឧបសម្ព័ន្ធ​​របស់​រុស្ស៊ី ដោយ​ទទួល​ស្គាល់​ព្រំដែន​អ៊ុយក្រែន​ឆ្នាំ១៩៩១។ មានតែប្រទេស​មួយចំនួនប៉ុណ្ណោះដូចជា ស៊ីរី និង​កូរ៉េខាងជើង ដែល​គាំទ្រការអះអាងរបស់ទីក្រុងមូស្គូ៕

ដោយ៖ ឈាង

ចុចអាន៖ ហ្សេលេនស្គី ច្រានចោលការដកកម្លាំង​ចេញ​ពី​ Donbas

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម