សុខភាព
និស្សិតចិត្តវិទ្យា៖ សិក្សាចិត្តវិទ្យា ជាផ្នែកមួយជួយមនុស្សឱ្យរួចផុតពីជំងឺបាក់ទឹកចិត្ត
សព្វថ្ងៃនេះ មនុស្សនៅជុំវិញពិភពលោកក៏ដូចជានៅកម្ពុជា កំពុងជួបបញ្ហាបាក់ទឹកចិត្ត ស្ត្រេស ស្មុគស្មាញច្រើន ធ្វើឱ្យពួកគេពិបាកនឹងជួយសង្គ្រោះខ្លួនឯងបាន។ ចំពោះបញ្ហានេះ និស្សិតផ្នែកចិត្តវិទ្យាយល់ថា ការសិក្សាចិត្តវិទ្យា គឺជាផ្នែកមួយជួយដល់អ្នកបាក់ទឹកចិត្ត ជាពិសេស នៅកម្ពុជាដែលមិនសូវមានអ្នកបម្រើការផ្នែកនេះទូលំទូលាយនៅឡើយ។
និស្សិតអាហារូបករណ៍ឆ្នាំទី៤ ផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ដួង ហេងបញ្ញា បានឱ្យ“កម្ពុជាថ្មី” ដឹងថា សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ ពិតជាសំខាន់ណាស់មិនអាចមើលរំលងបានទេ។ កញ្ញាបាននិយាយថា៖ “ប្រសិនបើសុខភាពផ្លូវចិត្តយើងល្អ ការសិក្សារៀនសូត្រក៏ដូចជាការបំពេញកិច្ចការងាររបស់យើង ក៏នឹងល្អប្រសើរតាមហ្នឹងដែរ”។
និស្សិតស្រី ហេង ដួងបញ្ញា បានរៀបរាប់បន្តថា៖ “ខ្ញុំមើលឃើញថា នៅកម្ពុជា ជំនាញចិត្តវិទ្យា និងចំណេះដឹងផ្នែកសុខភាពផ្លូវចិត្តនៅមានតិចតួចនៅឡើយ។ អ៊ីចឹងហើយ ខ្ញុំចង់សិក្សាជំនាញចិត្តវិទ្យា ហើយខ្ញុំក៏ចង់ចូលរួម និងជួយក្នុងការលើកកម្ពស់វិស័យសុខភាពផ្លូវចិត្តនៅកម្ពុជាដូចគ្នា”។
កញ្ញា ហេង ដួងបញ្ញា បានបន្ថែមថា ដើមឡើយ នៅពេលដែលខ្លួនកំពុងសិក្សានៅខេត្តក៏មិនស្គាល់ចិត្តវិទ្យាជាអ្វី។ ប៉ុន្តែកំឡុងពេលកញ្ញាសិក្សាថ្នាក់ទី១១ ក៏បានចូលរួមសិក្ខាសាលាមួយដែលនិយាយអំពីបញ្ហាចិត្តវិទ្យា ទើបធ្វើឱ្យកញ្ញាចាប់អារម្មណ៍ និងសិក្សាស្វែងយល់ពីជំនាញមួយនេះបន្ថែមទៀត។ លុះសិក្សាចប់ថ្នាក់ទី១២ កញ្ញាបានសម្រេចចិត្តថាដាក់អាហារូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានបង្កើតជំនាញចិត្តវិទ្យាដំបូងគេបង្អស់នៅកម្ពុជា និងសម្បូរដោយសាស្ត្រាចារ្យមានសមត្ថភាពពិតប្រាកដ។
បើនិយាយអំពីចិត្តវិទ្យា គឺទូលំទូលាយ ព្រោះចិត្តវិទ្យា គឺជាវិទ្យាសាស្ត្រដែលសិក្សាលើបាតុភូតនៃចិត្ត និងមានវិធីសាស្ត្រសិក្សាស្រាវជ្រាវបានច្បាស់លាស់ ពោលគឺ ចិត្តវិទ្យាផ្តោតទៅលើការសិក្សាអំពីដំណើរការផ្លូវចិត្តរបស់មនុស្សដែលសម្តែងមកវិញតាមរយៈអាកប្បកិរិយា ឬ សកម្មភាពនានាដែលមនុស្សបានសម្តែងចេញមកខាងក្រៅ។ ជំនាញនេះ មានសារសំខាន់ណាស់ដោយអាចយកមកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃស្ទើរតែគ្រប់វិស័យ មិនថាជួយដោះស្រាយបញ្ហាខ្លួនឯង ឬ អ្នកដទៃឡើយ។ នេះបើតាមការអះអាងរបស់និស្សិតស្រី ហេង ដួងបញ្ញា។
ចំពោះវិស័យការងារវិញ ជំនាញចិត្តវិទ្យាក៏មានភាពទូលំទូលាយផងដែរ គឺក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចបម្រើការងារនៅតាមស្ថាប័នក្រុមហ៊ុន ឬ អង្គការនានា ជាអ្នកប្រឹក្សាយោបល់ អ្នកព្យាបាលផ្លូវចិត្ត អ្នកស្រាវជ្រាវ ជាគ្រូបង្រៀនជាមួយក្រុមកុមារពិសេសជាដើម។ កញ្ញាបានបញ្ជាក់ថា នៅតាមស្ថាប័ន ឬ ក្រុមហ៊ុននានាក៏មានមុខវិជ្ជាសិក្សាទាក់ទងជាមួយនឹងចិត្តវិទ្យាការងារផងដែរ។
និស្សិតចិត្តវិទ្យា ហេង ដួងបញ្ញា បានផ្តាំផ្ញើចំពោះសាធារណជនគ្រប់រូបថា គួរយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយឱ្យបានល្អ។ កុំព្យាយាមថែរក្សាតែសុខភាពផ្លូវកាយ រហូតភ្លេចគិតដល់សុខភាពផ្លូវចិត្តឱ្យសោះ ព្រោះសុខភាពទាំង២នេះ គឺសំខាន់ដូចគ្នាសម្រាប់មនុស្សគ្រប់រូប។ មួយវិញទៀត កញ្ញា ហេង ដួងបញ្ញា ក៏លើកទឹកចិត្តដល់មនុស្សដែលមានភាពតានតឹង គិតអ្វីមិនចេញ ស្ត្រេសខ្លាំងពីការងារ ឬ សកម្មភាពប្រចាំថ្ងៃរបស់ខ្លួននោះ ចូរកុំខ្មាសអៀនក្នុងការស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន និងអ្នកជំនាញផ្នែកចិត្តវិទ្យា។ ធម្មជាតិរបស់មនុស្សតែងមានភាពសប្បាយរីករាយ និងទុក្ខសោក ឬ ជួបប្រទះបញ្ហាផ្លូវចិត្តនេះ ដែលវាមិនមែនជាភាពខ្មាសអៀនក្នុងការស្វែងរកជំនួយឡើយ តែជាការបង្ហាញពីភាពក្លាហានក្នុងការស្វែងរកជំនួយរបស់ពួកគេទៅវិញទេ។
តាមការកត់សម្គាល់ បច្ចុប្បន្ននេះមនុស្សជួបជាមួយនឹងបញ្ហាផ្លូវចិត្តច្រើន ដែលទាំងនេះកើតចេញពីកត្តាផ្សេងៗជាច្រើន ដូចជាជំងីកូវីដ-១៩ បញ្ហាសេដ្ឋកិច្ច សង្គម គ្រួសារ និងការរស់នៅប្រចាំថ្ងៃ។ ដូចនេះ មនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះសុខភាពផ្លូវចិត្តនេះ ព្យាយាមធ្វើសកម្មភាពទាំងឡាយណាដែលមានឥទ្ធិពលល្អចំពោះផ្លូវចិត្តទើបជាការប្រសើរ៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី