ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់កុមារកាន់តែប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំមន្ត្រី និងបុគ្គលិក នៃមន្ទីរពេទ្យកុមារជាតិទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅចូលរួមកាត់បន្ថយអត្រារបស់កុមារកាន់តែប្រសើរឡើង ខណៈបច្ចុប្បន្នកុមារកម្ពុជានៅប្រឈមនឹងគ្រោះថ្នាក់ នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ។

ថ្លែងបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី ០៣ មេសា លោករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្តនាំមកនូវស្នាដៃជូនមន្ទីរពេទ្យកុមារជាតិ និងក្រសួងសុខាភិបាល ក៏ដូចជាជូនប្រជាជន និងកុមារកម្ពុជាគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី បានបន្តថា «បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅនេះ មន្ទីរពេទ្យកុមារជាតិបាននាំមកនូវការប្រែប្រួលថ្មីៗ ជាច្រើន ទាំងលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ការសាងសង់ និងជួសជុលបន្ថែមនូវអគារផ្សេងៗ ព្រមទាំងសោភ័ណភាពជុំវិញបរិវេណមន្ទីរពេទ្យ..។ល។ ការកសាងសមត្ថភាពមន្ត្រី និងបុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែមានសមត្ថភាពខ្ពស់ស្របទៅតាមបទដ្ឋានវិទ្យាសាស្ត្រ និងស្តង់ដារជាតិ ប្រកបដោយនវានុវត្តន៍ ព្រមទាំងបំពាក់បន្ថែម ឧបករណ៍ សម្ភារៈបរិក្ខារទំនើបក្នុងការចូលរួមជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ចូលរួមលើកកម្ពស់ការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ២៤ ម៉ោង លើ ២៤ ម៉ោង និង ៧ ថ្ងៃ/សប្តាហ៍, លើកកម្ពស់គុណភាព សុវត្ថិភាព អ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង ព្រមទាំងផ្តល់ការយកចិត្តទុកដាក់លើការងារបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ»។

លោករដ្ឋមន្ត្រី បានបន្តទៀតថា លទ្ធផលនេះវាបានបង្ហាញច្បាស់នូវកំណើនអត្រាប្រើប្រាស់សេវា ទូទៅរបស់មន្ទីរពេទ្យទាំងសេវាពិគ្រោះជំងឺក្រៅ និងសេវាដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ដែលសក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិពិតប្រាកដមួយ។ អ្វីដែលជាលទ្ធផលដែលយើងសម្រេចបាន គឺមន្ទីរពេទ្យបានចូលរួមកាត់បន្ថយនូវអត្រាមរណភាពកុមារឲ្យធ្លាក់ចុះជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រី បានបន្ថែមថា ទោះបីជាយើងទាំងអស់គ្នាបានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់មន្ទីរពេទ្យយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជាយើងនៅប្រឈមនឹងគ្រោះថ្នាក់នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ ដូចនេះទាមទារឱ្យយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងមួយជំហានបន្ថែមទៀតក្នុងនោះត្រូវពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលំអ អគារនិងស្ថានភាព បរិស្ថានជុំវិញមន្ទីរ ពេទ្យឱ្យកាន់តែប្រសើរឡើង។ លើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់ វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិកមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ។ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្របន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា លើសពីនេះទៀតត្រូវពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឱ្យកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី។ យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង ក្នុងការផ្តល់សេវា ជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារនិងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍។ ពង្រឹងលើការលើកកម្ពស់ គុណភាព សុវត្ថិភាព អ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងផ្សេងៗ ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ និងពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានជំរុញថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារកសាងសមត្ថភាព និងការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ ព្រោះកត្តាទាំងពីរនេះជាគោលការណ៍សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ជាទីបំផុតក្នុងការលើកកម្ពស់កិត្យានុភាពរបស់មន្ទីរពេទ្យ តាមរយៈការធ្វើបច្ចុប្បន្នភាព សមត្ថភាពឱ្យបានទៀងទាត់ និងជាប្រចាំនូវវិធីសាស្ត្រ វិទ្យាសាស្ត្រថ្មីៗ តាមរយៈការបណ្តុះបណ្តាលរយៈពេលវែង ឬរយៈពេលខ្លី ឆ្លងតាមការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា «បញ្ហាក្រមសីលធម៌ យើងត្រូវមើលឃើញទាំងអស់គ្នាថាសព្វថ្ងៃនេះ ទោះបីជាយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពទាំងថ្ងៃទាំងយប់ ទាំងថ្ងៃធម្មតា ទាំងថ្ងៃឈប់សម្រាក យ៉ាងណាក៏ដោយ ក៏យើងតែងទទួលបាននូវពាក្យរិះគន់តិច ឬច្រើនពីសំណាក់ប្រជាជនមកលើសេវាសុខាភិបាលរបស់យើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ពិសេសតាមរយៈបណ្តាញសង្គមនានា។ល។ ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ក្នុងការកែប្រែរាល់កំហុសឆ្គង ឥរិយាបថទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាជូនប្រជាជនយើង និងដើម្បីធានាថាមន្ទីរពេទ្យយើងបានផ្តល់សេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព»។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពលើវិស័យសុខាភិបាល រួមជាមួយនឹងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកម្ពស់សេវារបស់ មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និង គុណភាព ដោយផ្តោតជាពិសេសទៅលើក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាមន្ទីរពេទ្យកុមារជាតិ ឱ្យឈានទៅដល់កម្រិតបទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ តាមរយៈអង្គសន្និបាតនេះ នឹងជជែកពិភាក្សាគ្នាក្នុងការស្វែងរកចំណុចល្អៗ ដើម្បីដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២៥ ឈានឆ្ពោះទៅកែរកការកែលម្អនូវចំណុចខ្វះខាតបាន កើតឡើងនៅក្នុងឆ្នាំ២០២៤ ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំ២០២៥ ខាងមុខ ពិតជាទទួលបាននូវកំណើនអតិថិជនថែមទៀតដោយប្រើប្រាស់សេវាមន្ទីរពេទ្យកុមារជាតិបានកាន់តែច្រើនថែមទៀត។
លោកវេជ្ជបណ្ឌិត បានបន្តថា ឆ្នាំ២០២៤ មន្ទីរពេទ្យបានពិនិត្យពិគ្រោះជំងឺក្រៅចំនួន ២០៨,១៧៨ ករណី បានកើនឡើងចំនួន ១៥,៨១៤ ស្មើនឹង៨% អ្នកជំងឺសម្រាកពេទ្យមាន ៣៨,៦៥២ ករណីកើនឡើងចំនួន ១,២៨៥ ស្មើនឹង៣% អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ មាន១០៥% ដោយមានគ្រែសម្រាកអ្នកជំងឺ ៤០០ គ្រែ និងអត្រាមរណភាពក្នុងមន្ទីរពេទ្យ ឆ្នាំ ថយមកនៅត្រឹម ០.៦៦% ខណៈឆ្នាំ២០២៣ មាន ០.៦៩% ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


