សុខភាព
ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មានទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា
ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការសម្អាតកាកសំណល់ជុំវិញផ្ទះ ដូចជា សំបកត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងសំណល់ដក់ទឹកផ្សេងៗ ទៀត ដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា។

ការអំពាវនាវនេះ បន្ទាប់ពី ថ្មីៗ កន្លងទៅ មានការផ្ទុះរីករាលដាល នៃជំងឺគ្រុនឈាម តាមតំបន់មួយចំនួន ហើយ ក្រសួងសុខាភិបាល ក៏បានចេញលិខិតជូនដំណឹងណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស មេត្តាបង្កើនការការពារ ប្រុងប្រយ័ត្ន និងសម្អាតកាកសំណល់ដក់ទឹកជុំវិញលំនៅឋាន ជាជម្រកសត្វមូសខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា នាពេលកន្លងមក ក្រសួង ក៏បានចេញលិខិតជូនដំណឹងផងដែរថាមានករណីថ្មីផ្ទុះរីករាលដាល នៃជំងឺគ្រុនឈាមនៅតាមតំបន់មួយចំនួន។ ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរី ក៏មានកើតជំងឺគ្រុនឈាមមួយចំនួនផងដែរ នៅបណ្តាភូមិ-ស្រុក។

លោកវេជ្ជបណ្ឌិត បន្តថា ជំងឺគ្រុនឈាមដែលបានកើតនៅក្នុងខេត្តមណ្ឌលគិរី ចាប់ពីសប្ដាហ៍ទី ១ រហូតដល់សប្ដាហ៍ទី ២៨ នេះ មានចំនួន ៧២ ករណី ក្នុងនោះ (ស្រី ២៦ នាក់)។ លើសពីនោះ ទីតាំងដែលប្រឈមកើតមានជំងឺគ្រុនឈាមច្រើនជាងគេ ស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកវេជ្ជបណ្ឌិត បន្តទៀតថា អត្រាកើតជំងឺគ្រុនឈាមនៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ ២០២៥ នេះ ហាក់មានការថយចុះច្រើន គួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ ២០២៤ កន្លងទៅ។

លោកវេជ្ជបណ្ឌិត អះអាងថា ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ក្នុងនាម មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល តែងតែចុះអប់រំ ផ្សព្វផ្សាយ ណែនាំ ទៅដល់ខ្នងផ្ទះពលរដ្ឋជាប្រចាំ ជាពិសេសរដូវវស្សានេះមកដល់។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ បញ្ជាក់ថា នាពេលកន្លងទៅ មន្ទីរ បានដាក់ចេញគោលដៅសំខាន់ៗ ដោយមានមន្ត្រីជំនាញមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ បានចុះចែកជូន និងដាក់ថ្នាំអាបេត ដល់ប្រជាពលរដ្ឋទាំងក្រុង និងជនបទ។ ក្នុងនោះ បាញ់ថ្នាំបំពង់ផ្សែង ម៉ាស៊ូត សម្លាប់ជម្រកសត្វមូសខ្លា ទៅតាមលំនៅឋានទាំងក្នុងក្រុង និងនៅតំបន់ដាច់ស្រយាលដែលប្រឈមកើតមានជំងឺគ្រុនឈាម និងទីតាំងមិនទាន់កើតជំងឺគ្រុនឈាម។

លោកប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំណរគុណថ្នាក់ដឹកនាំខេត្ត ដែលតែងជំរុញណែនាំដល់មន្ទីរ ជាពិសេសអង្គការដៃគូ សហការជាមួយ មន្ត្រីសុខាភិបាល និងបានចូលរួមផ្សព្វផ្សាយ តាមយុទ្ធនាការនានា ទៅដល់លំនៅឋានប្រជាពលរដ្ឋ ជាតំបន់ប្រឈមនឹងជំងឺគ្រុនឈាម និងនៅតំបន់មិនទាន់មានកើតជំងឺគ្រុនឈាម។

ទន្ទឹមនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាបង្កើនការសម្អាតកាកសំណល់ជុំវិញផ្ទះ ដូចជា សំបកត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងសំណល់ដក់ទឹកផ្សេងៗ ទៀត ជាហេតុផ្តល់ជម្រកសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដោយឆាប់រហ័ស។ ជាមួយនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី សូមចូលរួមយល់ដឹងខ្លះពីរោគសញ្ញាសំខាន់ៗ មួយចំនួន នៃជំងឺគ្រុនឈាមនេះ គឺ កុមារក្តៅខ្លួនខ្លាំងរហូតដល់ ៣៩ ឬ ៤០ អង្សា ពេលខ្លះក្តៅខ្លាំងរហូតដល់ប្រកាច់ក៏មានដែរ។ អ្នកមានជំងឺគ្រុនឈាម មានអាការឈឺសាច់ដុំ សន្លាក់ ឈឺគ្រាប់ភ្នែក ឈឺពោះ ចង់ដេក ស្នាមអុចៗ ក្រហមលើស្បែក ពេលខ្លះចង់ក្អួតចង្អោរ ពេលខ្លះឈាមច្រមុះ និងបត់ជើងឈាមជាដើម។ នៅពេលកូនៗ មានអាការបែបនេះ ឪពុកម្តាយត្រូវនាំកូនៗ ទៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងប្រើថ្នាំផ្ដេសផ្ដាសដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត ផ្ដាំដាច់ខាតថា «កុំឲ្យទៅពិនិត្យព្យាបាលនៅគ្លីនិកឯកជន ត្រូវរូតរះមកពិនិត្យនៅមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះលោកអ្នកបំផុត ព្រោះជំងឺគ្រុនឈាមនេះ ត្រូវការតាមដានឲ្យបានហ្មត់ចត់ ព្រោះបើជំងឺវិវត្តទៅធ្ងន់កុមារប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ»៕
អត្ថបទ ៖ រៀម សុខហេង

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


