ពិតណាស់ ខួរក្បាលរបស់ក្មេងបន្តអភិវឌ្ឍន៍ទៅតាមពេលវេលា។ ជាទូទៅ អាអូនត្រូវការការជំរុញទឹកចិត្ត និងអាហារូបត្ថម្ភដ៏ត្រឹមត្រូវ ជាមួយនឹងគន្លឹះក្នុងការរៀន និងលេងផ្សេងៗ។ បន្ថែមពីនេះ កូនក៏ត្រូវការឱកាសជាច្រើន ដើម្បីអនុវត្តអ្វីដែលខ្លួនកំពុងតែរៀនដូចគ្នា។ ទារក និងកុមារតូចៗរៀនឆាប់ចេះបំផុត នៅពេលដែលពួកគេមានទំនាក់ទំនងកក់ក្ដៅ និងការឆ្លើយតបពីប៉ាម៉ាក់។ ដូច្នេះហើយ ប៉ាម៉ាក់មានតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យកូនរៀនឆាប់ចេះ និងពូកែតាំងតែពីក្មេង។
១. បង្កើតបរិយាកាសរីករាយ
ប្រសិនបើកូនមានបញ្ហាក្នុងការរៀនអ្វីមួយ ចូរណែនាំឲ្យកូនតូចលេងហ្គេម និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងមុខវិជ្ជានោះ ដើម្បីជំរុញចិត្តក្មេង ក៏ដូចជាជួយឲ្យពួកគេអភិវឌ្ឍចំណាប់អារម្មណ៍របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ប៉ាម៉ាក់ត្រូវសង្កេតមើលពីទម្លាប់រៀនរបស់ក្មេងមួយរយៈ ដើម្បីដឹងថា ពេលណាដែលកូនត្រូវការជំនួយ។
២. ផ្ដល់អាហារូបត្ថម្ភចាំបាច់
ជាក់ស្ដែង អាហារូបត្ថម្ភអាចប៉ះពាល់ដល់សមត្ថភាពផ្លូវចិត្តរបស់កូនដោយផ្ទាល់។ អាហារូបត្ថម្ភល្អៗ អាចជួយបង្កើនការយល់ដឹង និងការផ្ដោតអារម្មណ៍ផ្លូវចិត្ត វិចារណញ្ញាណ និងធ្វើឲ្យក្មេងមានហេតុផល។ លើសពីនេះ របបអាហារមានតុល្យភាពក៏ជួយឲ្យកូនត្រៀមខ្លួនរួចរាល់សម្រាប់ការរៀនសូត្រផងដែរ។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវប្រាកដថាកូនទទួលបានអាហារូបត្ថម្ភសមស្របទៅតាមវ័យ តាំងពីវ័យក្មេង ជាពិសេសក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃជីវិតរបស់ពួកគេ និងកាត់បន្ថយពពួកអាហារដែលមានខ្លាញ់ឆ្អែតខ្ពស់ ដូចជានំឃេក សាច់មានខ្លាញ់ ប៊ឺរ សាច់ក្រក។ល។ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ដល់កម្រិតថាមពលរបស់កូន និងសមត្ថភាពក្នុងការរក្សាព័ត៌មាន។
៣. រក្សាការផ្ដោតអារម្មណ៍
ការផ្ដោតអារម្មណ៍កាន់តែប្រសើរ អាចនាំឲ្យកូនរៀនកាន់តែឆាប់ចេះចាំ។ ចូររៀបចំបរិយាកាសរៀនរបស់កូន ដោយជៀសវាងការរំខានផ្សេងៗ។ ការអភិវឌ្ឍន៍ការផ្ដោតអារម្មណ៍លើកិច្ចការនៅវ័យក្មេង អាចរួមចំណែកក្នុងការកំណត់អនាគតដ៏ភ្លឺស្វាងរបស់កូនបានយ៉ាងមានប្រសិទ្ធភាព។
៤. ហាត់ប្រាណទៀងទាត់
ជាមួយគ្នានេះដែរ ការហាត់ប្រាណអាចជួយឲ្យផ្លូវកាយ និងផ្លូវចិត្តសកម្ម នេះបើយោងតាមការសិក្សាជាច្រើន។ ដូចនេះហើយ ប៉ាម៉ាក់គប្បីលើកទឹកចិត្តឲ្យកូនហាត់ប្រាណជាទៀងទាត់ ដើម្បីឲ្យកូនសកម្ម ក៏ដូចជារៀនឆាប់ចេះចាំ។
៥. ឲ្យកូនសម្រាកខ្លះ
សូម្បីតែមនុស្សពេញវ័យ ក៏ពិបាកក្នុងធ្វើកិច្ចការអ្វីមួយរាប់ម៉ោង រហូតទាល់តែរួចរាល់ដែរ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីឲ្យកូនតូចសម្រាកខ្លះ ដើម្បីឲ្យគេរៀនកាន់តែឆាប់ចេះ។ នៅពេលដែលសង្កេតឃើញកូនមានបញ្ហាក្នុងការផ្ដោតអារម្មណ៍ ចូរឲ្យកូនសម្រាកមួយសន្ទុះសិន ទើបចាំរៀនបន្តទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឱ្យកូនក្លាយជាក្មេងចិត្តល្អ ឪពុកម្ដាយអាចបង្រៀនវិធីទាំងនេះ
ចុចអាន៖ ក្មេងមាន IQ ទាប ឬខ្ពស់ អាចសង្កេតមើលសញ្ញាទាំងនេះ