Connect with us

នយោបាយ

សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តដែលលោក ស្រី មួរ​ សុខហួរ រួមទាំង លោក គីម សុខ និងបក្ខពួកមួយចំនួនបានទៅជំរុញសុំឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា ក្នុងពេលដែលកម្ពុជានាពេលនេះ កំពុងប្រឈមនឹងការដំឡើងពន្ធដ៏ច្រើនពីសហរដ្ឋអាមេរិក។ សម្រាប់សម្តេចធិបតី នាយករដ្ឋមន្រ្តី ទង្វើរបស់ក្រុមប្រឆាំងនេះ គឺជាសកម្មភាពដែលនាំការកាន់តែលំបាកទៅដល់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកគាំទ្ររបស់ពួកគេផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅចំពោះមុខមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តបែបនេះថា៖ «ខ្ញុំឃើញអ្នកខ្លះកាលពីម្សិលមិញ គេទៅអួត គេទៅសភាអឺរ៉ុប គេទៅប្រាប់អឺរ៉ុបថា កុំភ្លេចដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្មែរ អាយើងកំពុងតែប្រឈមជាមួយនឹងពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិកប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងហើយ គេនៅតែមិនភ្លេចអួត រឿងគេទៅឱ្យអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មមកលើកម្ពុជាទៀត តើដាក់ទណ្ឌកម្មលើរូបមន្តអី? ភាគច្រើន គឺប្រើសេដ្ឋកិច្ចដូចដកEBA អ៊ីចឹង តើបានផលដល់កម្មករយើងទេ? អត់ទេ!»។

បើតាមសម្តេចធិបតី ការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម បន្ថយនូវការដឹកជញ្ជូនទំនិញ គឺរោងចក្រត្រូវបិទ។ សម្តេច នាយរកដ្ឋមន្រ្តី រំលឹកឡើងវិញថា កាលពីទាមទារឱ្យដកEBAពីមុន គឺលោក សម រង្ស៊ី លោកស្រី គឹម មនោវិទ្យា បានទៅជួបឱ្យគេសុំដក ក្រោយមក គេដក។ ត្រង់ចំណុចនេះ សម្តេចធិបតី បានចោទសួរថា៖ «តើនេះឬជាគុណសម្បតិ្តនយោបាយរបស់អស់លោក? បើដកអស់នោះ វាប៉ះពាល់ដល់ឆ្នាំងបាយប្រជាពលរដ្ឋទេ? ប៉ះពាល់។ គាត់ក៏ដឹងដែរ បើសិនជាគេដាក់សម្ពាធប៉ះពាល់ដល់ឆ្នាំងបាយ អ៉ីចឹង គាត់ចាំបាច់ទៅសុំរំលឹកគេធ្វើអី? បើមិនធ្វើ ក៏គេមិនថាគេដែរ»។

កាលពីថ្ងៃទី៣០ ខែមេសា តាមបណ្តាញសង្គមហ្វេសប៊ុក ទាំងលោកស្រី មួរ សុខហួរ និងទាំងលោក គីម សុខ បានបង្ហាញការសប្បាយចិត្ត និងមោទនភាពដែលពួកគេបានទៅចូលរួមក្នុងកិច្ចប្រជុំសភាសហភាពអឺរ៉ុប ដោយទាមទារ និងជំរុញសភាអឺរ៉ុបកុំភេ្លចដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។ សម្រាប់ពួកគេ នេះ គឺជារឿងដ៏គួរឱ្យមោទនៈ តែសម្រាប់ប្រជាពលរដ្ឋខ្មែរវិញ នេះ គឺជារឿងដ៏សែនចង្រៃដល់ជាតិ រឿងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត វិញ បានចំអកទៅលោកស្រី មួរ សុខមួរ និងលោក​ គីម សុខ ព្រមទាំងបក្ខពួកថា ​ព្រោះតែរឿងនយោបាយខ្លួនឯង ពួកគេហ៊ានធ្វើទង្វើដែលនាំផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ រួមទាំង អ្នកគាំទ្រ អ្នកបោះឆ្នោតដល់ពួកគេនៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ថា បើមិនជួយទាក់ទាញវិនិយោគ មិនជួយនិយាយល្អពីប្រទេសកម្ពុជា ក៏មិនគួរនិយាយអាក្រក់​ ធ្វើទង្វើអាក្រក់ដែលនាំប៉ះពាល់ដល់ឆ្នាំងបាយប្រជាពលរដ្ឋបែបនេះដែរ ប្រៀបដូចជាសុភាសិតខ្មែរដែលលើកឡើងថា៖ «បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក!»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម