ការអប់រំទូន្មានកូនៗ មិនមែនជាបន្ទុកតែម្ដាយម្ខាងឡើយ។ ឪពុកគ្រប់រូបក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការជួយប្រៀនប្រដៅកូន ជាពិសេសកូនប្រុសៗ ។ ក្មេងប្រុសភាគច្រើននឹងចាត់ទុកឪពុកជាវីរបុរសគំរូ និងយកលំនាំតាមជាជាងតាមម្ដាយ។
ដូច្នេះមេរៀន ៦ យ៉ាងនេះពិតជាសំខាន់ដែលឪពុកគួរតែបង្រៀនកូនប្រុសរបស់ខ្លួន៖
១. ភាពបរាជ័យ
នៅពេលកូនបំពេញកិច្ចការមិនបានសម្រេច ឬធ្វើខុសអ្វីមួយ ឪពុកទាំងឡាយត្រូវអប់រំកូនពីការបរាជ័យនោះ ដើម្បីឲ្យពួកគេរៀនពីកំហុសនិងចៀសវាងកុំធ្វើវាម្តងទៀត។ ចូរប្រាប់កូនឲ្យយល់ថា រាល់ការជោគជ័យទាំងអស់ក៏ធ្លាប់ជួបភាពបរាជ័យដែរ។
២. ទង្វើជាមួយស្ត្រី
បង្រៀនកូនប្រុស ដោយបន្សល់គំរូជាអាកប្បកិរិយាត្រឹមត្រូវចំពោះស្ត្រីគ្រប់រូបដែលអ្នកបានជួប។ សម្ដែងការគោរព ប្រើពាក្យសម្ដីពីរោះពិសា និងឲ្យតម្លៃចំពោះភរិយានិងស្ត្រីដទៃ នោះកូនៗនឹងចងចាំនូវទង្វើទាំងនេះនាពេលអនាគត។
៣. រឿងស្នេហា
ឪពុកជាគ្រូបង្រៀនដ៏ល្អសម្រាប់ក្មេងប្រុស ដើម្បីរៀនពីក្ដីស្រឡាញ់។ ដូច្នេះ ឪពុកគួរតែបង្រៀនកូនប្រុស ពីការស្រឡាញ់ស្មោះត្រង់ ការលះបង់ និងវិធីដោះស្រាយពេលខូចចិត្ត។ ជាពិសេសបង្រៀនពួកគេពីស្នេហាដែលមិនបំពានឬបំផ្លាញមនុស្សស្រីផ្សេង ដូចដែលអ្នកបានថែរក្សាប្រពន្ធដូច្នោះដែរ។
៤. ប្រកាន់ភាពត្រឹមត្រូវ
និយាយជាមួយកូនជាមួយហេតុផល និងកុំទម្លាប់ពួកគេឲ្យកុហកទោះបីរឿងតូចតាចក៏ដោយ។ ឪពុករាល់គ្នាគួរតែប្រាប់កូនប្រុស ពីអ្វីខុសអ្វីត្រូវ ក៏ដូចជាវិធីដោះស្រាយពេលមានបញ្ហា ហើយក៏ត្រូវអប់រំពួកគេពីរបៀបរកប្រាក់ចំណូលដោយឈរលើភាពត្រឹមត្រូវផងដែរ។
៥. ភាពជាបុរស
ឪពុកជាបុរសម្នាក់ដែលឥទ្ធិពលអាចទូន្មាន ពីភាពជាបុរសដែលកូនប្រុសមិនត្រូវមើលរំលង។ តើជាមនុស្សប្រុសមានលក្ខណៈដាច់ដោយឡែកពីមនុស្សស្រីបែបណា? និងមានភារកិច្ចអ្វីខ្លះដែលត្រូវរ៉ាប់រង?
៦. ទំនួលខុសត្រូវ
បុរសមិនគួរស្វែងរកជំនួយពីនរណាម្នាក់ចំពោះអ្វីដែលខ្លួនអាចធ្វើបានតែម្នាក់ឯងទេ។ ដំបូន្មានពីឪពុក ពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងករណីនេះ ដូច្នេះចូរបង្ហាញកូនៗពីការទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារដើម្បីឲ្យពួកគេមើលឃើញ។ ម្យ៉ាងទៀត ឪពុកម្នាក់ៗគួរតែបង្រៀនកូនប្រុសឲ្យរៀនពីរបៀបជួសជុល ចងក្រវាត់ក បោកសំលៀកបំពាក់ របៀបជួសជុលអំពូល តទឹក តភ្លើង ឬជួសជុលសម្ភារក្នុងផ្ទះផ្សេងទៀតជាដើម។
មានរឿងជាច្រើនដែលឪពុកគ្រប់រូបគួរនិយាយទូន្មានកូនប្រុស ប៉ុន្តែអ្វីដែលមានឥទ្ធិពលជាងពាក្យសម្ដីគឺទង្វើជាគំរូ។ ទុកតម្រាប់ឲ្យពួកគេ នោះកូនៗនឹងក្លាយជាបុរសល្អទៅថ្ងៃអនាគត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ
ចុចអាន៖រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?